ឯកឧត្តម នេត្រ ភក្ត្រា ៖ ក្រុមការងាររាជរដ្ឋាភិបាលថ្មី ចុះមូលដ្ឋានខេត្តក្រចេះ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ
(ក្រចេះ)៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា ផ្តាំផ្ញើដល់ក្រុមការងាររាជរដ្ឋាភិបាលថ្មី ចុះមូលដ្ឋាន ក្រុង ស្រុក ទាំង ៧ នៃខេត្តក្រចេះ ត្រូវតែខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេសជាតិបានកាន់តែរីកចំរើន និងរក្សាបានសុខសន្តិភាពទៅមុខទៀត ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងពិធីប្រកាសជាផ្លូវការនូវសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ និងក្រុមការងារចុះជួយក្រុង ស្រុកទាំង៧ ខេត្តក្រចេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាសាលមហោស្រពខេត្តក្រចេះ ។

ឯកឧត្តម នេត្រ ភក្ត្រា បន្តថា ប្រធានក្រុមការងារ ក្រុង ស្រុក នីមួយៗ គឺមានតួនាទីក្នុងការកំណត់នូវសក្តានុពលទេសចរណ៍ វប្បធម៍ សេដ្ឋកិច្ច នៅមូលដ្ឋាននីមួយៗដែលមានលទ្ធភាពដែលឃើញហើយតម្រង់ទិសខេត្ត ក្នុងផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ ដើម្បីរៀបចំទីតាំងឱ្យសមស្រប មានហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ទឹក ភ្លើង ឱ្យគ្រប់គ្រាន់ ដើម្បីទាក់ទាញអ្នកវិនិយោគទុន ចូលមកខេត្តរបស់យើង ។
ឯកឧត្តម បញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ដែលបានបង្កើតឡើងនេះ គឺជាផ្នែកមួយតំណាងឱ្យរាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ដើម្បីរួមគិតនិងដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានការរីកចម្រើន ៕



ដោយ ៖ ង៉ាន់ ទិត្យ