ទីភ្នាក់ងារជាតិមុខរបរ និងការងារនឹងនាំយកឱកាសការងារចំនួន ៤ពាន់ កន្លែងសម្រាប់ពលរដ្ឋនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ
(ភ្នំពេញ)៖ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូគ្រោងនឹងរៀបចំ វេទិកា ការងារនៅក្នុងបរិវេណវត្ត បុទុមវ័ន (ហៅវត្តត្រពាំងក្រូច) ស្ថិតនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយនាំយកឱកាសការងារចំនួន ៤០០០ កន្លែង ដើម្បីផ្តល់ជូនយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ។
ប្រភពពីទីភ្នាក់ងារជាតិមុខរបរ និងការងារនៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៣ នេះ បានឱ្យដឹងថា៖” ចំពោះយុវជន និងអ្នកកំពុងស្វែង រកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចត្រៀមប្រវត្តិរូប ដើម្បី ចូល រួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយនឹងតំណាងរោងចក្របាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣”។

ទាក់ទិនក្នុងរឿងនេះកញ្ញា សយ ស្រីទូច ជាបុគ្គលិកផ្នែកជ្រើស រើស បុគ្គលិក រោងចក្រ តារាល អីនធើនេសីនណល ឯ.ក. លើកឡើងថា នេះជាលើកទី២ បន្ទាប់ពីខាងក្រុមហ៊ុនជ្រើសរើសបុគ្គលិក នៅស្រុក ឈូក នៃខេត្តកំពត់កន្លងមក ដែលខាងរោងចក្រសហការជាមួយនឹង NEA ដើម្បីជ្រើសរើសបុគ្គលិកនៅនឹងកន្លែង។ កញ្ញាបញ្ជាក់ថា សម្រា ប់ ថ្ងៃទី២០ ខាងមុខនេះខាង រោងចក្រ មានតម្រូវការជ្រើសរើសកម្មករ/កម្មការិនីចំនួនប្រមាណ ៤០០០នាក់ បន្ថែមទៀត។
កញ្ញាបន្តថា តាមរយៈការសហការជ្រើសរើសបុគ្គលិកនៅមូលដ្ឋាននេះ នឹងរួមចំណែកជួយដល់រោងចក្រយើងឱ្យឆាប់ទទួលបានកម្មករ/កម្មការិនីទាន់ពេលវេលា។ កញ្ញាបញ្ជាក់ថា៖ «នាងខ្ញុំជឿជាក់ថា នឹងមានប្រជាពលរដ្ឋជាច្រើនចូលរួមក្នុងព្រឹត្តិការណ៍ដ៌មានសារៈសំខាន់នេះ ហើយយើងនឹងទទួលបានកម្មករកម្មការិនីតាមតម្រូវការ ដែល យើង ចង់បាន»។ ជាមួយគ្នានេះដែរ កញ្ញាក៏សូមថ្លែងអំណរអរគុណ ជាងខ្លាំងចំពោះ NEA ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់ នៅតាមមូលដ្ឋាននេះឡើង។

ក្រៅពីផ្តល់ឱកាសការងារភ្លាមៗនៅនឹងកន្លែង វេទិកាការងារនេះ នឹងមាន ការទទួលចុះឈ្មោះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ ដើម្បីចូលរៀនវគ្គបណ្តុះបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ផងដែរ។ ប្រជាពលរដ្ឋ ដែលចង់ សួរព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលនេះ សូមមកចូលរួមវេទិកការងារនេះឲ្យបានច្រើនកុះករ។
គួរបញ្ជាក់ថាសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ឬចង់ចុះ ឈ្មោះ សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕



ដោយ ៖ ម៉ាដេប៉ូ