មន្រ្តីជំនាញណែនាំមិនឱ្យច្រកអាហារក្តៅខ្លាំងក្នុងថង់ប្លាស្ទិក ដែលបង្ក គ្រោះថ្នាក់ដល់សុខភាព
ភ្នំពេញ៖លោក ង៉ែត បុល អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់ រឹងនៃក្រសួងបរិស្ថានបានឱ្យដឹងថា៖ការប្រើថង់ប្លាស្ទិកខ្ចប់អាហារ ពិសេសអាហារដែលមានសីតុណ្ហភាពខ្ពស់វាអាចបង្កឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគទាំងរយៈពេលខ្លី និងរយៈពេលវែង។នេះ ដោយសារតែ សារធាតុគីមី ដែលមានផ្ទុកក្នុងថង់ប្លាស្ទិកនោះតែម្តង។

លោកបានធ្វើការពន្យល់ថា”គ្រោះថ្នាក់នេះដោយសារនៅពេលយើងដាក់អាហារក្តៅខ្លាំង ចូលពិសេសការបំបែកចេញនៃសារធាតុមីក្រូ ប្លាស្ទិក បង្កការប៉ះពាល់ដល់សុខភាពរបស់យើង។សារធាតុទាំងនេះនៅពេល យើងបរិភោគរយៈពេលយូរវានឹងបង្កឱ្យកើតជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា មហារីក និងជំងឺ មួយចំនួនទៀតដែលអាចឆក់យកជីវិតមនុស្ស យើង បាន ”។

លោកបានបញ្ជាក់ថា៖”កន្លងមកតាមរយៈការសិក្សាស្រាវជ្រាវគេក៏បានរកឃើញថាក្នុងឈាមរបស់មនុស្សយើងតែងមានលាយឡំសារជាតិមីក្រូប្លាស្ទិក។ទាំងនេះដោយសារថាមនុស្សយើងជាទូទៅចូលចិត្ត ប្រើប្រាស់ ស្ទិកក្នុងការ វេចខ្ចប់អាហារ។ ពិសេសការវេចខ្ចប់អាហារដែលមាន សីតុណ្ហភាព ខ្ពស់តែម្តង”។

ជាមួយគ្នានេះលោក ង៉ែតបុល បានធ្វើការដាស់តឿនដល់ ពលរដ្ឋ គប្បី ចៀសវាងប្រើប្រាស់ថង់ប្លាស្ទិក ឬប្រអប់ស្នោ វេចខ្ចប់អាហារណា ដែល ក្តៅខ្លាំង ហើយត្រូវជំនួសមកវិញការប្រើប្រាស់ចាន ចានច្រាក់ ឬប្រអប់ ផ្សេងៗដែលមិនមែនជាប្លាស្ទិកឬចានស្នោដើម្បីជួយឱ្យម្ហួបអាហារមានសុវត្ថិភាព មិនបង្កការប៉ះពាល់នៅពេលក្រោយ។

គួរបញ្ជាក់ថា មីក្រូប្លាស្ទិកគឺជាកម្ទេចប្លាស្ទិកតូចល្អិតដែលមានទំហំ តូចជាង៥មីលីម៉ែត្រ ។មីក្រូប្លាស្ទិកអាចចូលក្នុងខ្លួនមនុស្ស តាមរយៈ ចំណីអាហារ ការផឹកទឹក និងខ្យល់ដង្ហើមជាដើម។
បើតាមមន្រ្តីក្រសួងបរិស្ថានកន្លងមកបានឱ្យដឹងដែរថាដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យនៅកម្រិតអប្បបរមា សំដៅការពារសុខភាព មនុស្ស បរិស្ថាន និងសោភណភាព រាជរដ្ឋាភិបាលកម្ពុជា បានចេញ អនុក្រឹត្យ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ក្នុងគោលបំណងបង្កើន ប្រសិទ្ធភាព លើការកាត់បន្ថយ ការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក សំដៅធានាបាននូវកិច្ចគាំពារសុខភាព សាធារណៈ បរិស្ថាន និងសោភណ័ណភាព។ ក្នុងអនុក្រឹត្យនោះ ក៏បានកំណត់ពីវិធានការគិតតម្លៃបន្ថែម លើការប្រើប្រាស់ថង់ប្លាស្ទិក របស់អតិថិជនផងដែរ។

ដោយឡែក តាមការស្រាវជ្រាវរបស់វេជ្ជបណ្ឌិតៗជំនាញនា កន្លងមកបានឱ្យដឹងថាសំណល់ប្លាស្ទិកក៏ជាជម្រកភ្នាក់ងារចម្លងជំងឺមួយចំនួនធំ និងមួយផ្នែកទៀតផ្ទុកដោយសារធាតុគីមីពុល អាចជ្រាប ចូលទៅក្នុងដី និងធ្វើឱ្យប៉ះពាល់ដល់គុណភាពដី ទឹក និងទឹកក្រោមដី ធ្វើឱ្យមានការបំពុលទឹក និងដី។សារ ជាតិពុលក្មុងប្លាស្ទិកអាចបង្កការ ប៉ះពាល់ដល់សុខភាពខ្លាំងអាចឲ្យយើងប្រឈមនឹងជំងឺច្រើនមុខ ដូចជា មហារីកបំពង់ក ជំងឺលើសឈាម មហារីក បេះដូង តម្រងនោម និងរោគអា(អត់មានកូន) ជាដើម៕
អត្ថបទ៖ម៉ាដេប៉ូ ,រូបភាព៖គ្រីសម្បត្តិ ,ងីម ឆៃហួត