ឯកឧត្តមបណ្ឌិត សោម ចិន ប្តេជ្ញារៀបចំការប្រកួតប៉េតង់សន្តិភាព វ័យចាស់ ដើម្បីជំរុញដល់ការលើកកម្ពស់សុខភាព មិត្តភាព និងសាមគ្គីភាព

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត សោម ចិន តំណាងរាស្ត្រមណ្ឌលខេត្តកំពត អនុប្រធាន គណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាព បានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការរៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ឱ្យបានទៀងទាត់ប្រចាំឆ្នាំឱ្យបានម្តង ឬពីរដង ក្នុង១ឆ្នាំ ដើម្បីផ្តល់ឱកាសដល់កីឡាករវ័យចាស់បានជួបជុំគ្នាលេងកីឡា ដើម្បីលើកកម្ពស់សុខភាព មិត្តភាព និងសាមគ្គីភាពឱ្យកានតែល្អប្រសើរ។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញបិទការប្រកួតកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ ពានរង្វាន់ឯកឧត្តមបណ្ឌិត សោម ចិន តំណាងរាស្ត្រមណ្ឌលខេត្តកំពត អនុប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាប្រធានក្លិបកីឡាប៊ូល និង ប៉េតង់សន្តិភាព ដែលដំណើរការប្រកួតពេញមួយថ្ងៃប្រកបដោយភាពជោគជ័យ កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

ឯកឧត្តមបណ្ឌិត សោម ចិន មានប្រសាសន៍ថា ការប្រកួតនេះត្រូវបានរៀបចំដោយកំណត់កីឡាករចាប់ពីវ័យ ៥០ឆ្នាំឡើងដល់អាយុ ៨០ឆ្នាំឡើង ហើយបានរៀបចំព្រឹត្តិការណ៍នេះបានចំនួន២លើកមកហើយ ក្នុងឆ្នាំ២០២៣នេះ ដោយគោលបំណងចម្បងនៃការរៀបចំនេះ គឺដើម្បីសុខភាពល្អរបស់កីឡាករវ័យចាស់ ការទំនាក់ទំនងល្អ មិត្តភាព និងសាមគ្គីភាពរវាងគ្នានឹងគ្នា។

ឯកឧត្តមបណ្ឌិត សោម ចិន មានប្រសាសន៍ទៀតថា ៖«តាមរយៈការប្រកួតនេះ គឺជាចរន្តទាក់ទងគ្នារវាងមនុស្សចាស់ និងមនុស្សចាស់ ដែលមកពីបណ្តាខេត្តនានាបានជួបជុំគ្នា ។ គោលបំណងមួយទៀត គឺដើម្បីទាក់ថ្ពក់ថ្នាលយុវជនកីឡាប៉េតង់ថ្មីៗ ឱ្យងាកមកលេងកីឡា ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា ប្រជាជនម្នាក់លេងកីឡាមួយប្រទេសយ៉ាងតិចប្រចាំជីវិត ដើម្បីជំរុញឱ្យយុវជនងាកចេញឆ្ងាយពីយកពេលទំនេរទៅធ្វើអំពីមិនគួរគប្បី ដែលខុសឆ្គងក្នុងសង្គមជាតិ» ។

«កីឡាករប៉េតង់វ័យចាស់មានការសប្បាយរីករាយខ្លាំងណាស់ ដែលបានរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ហើយអ្វីដែលសំខាន់បំផុត គឺយើងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ព្រមទាំងទទួលបានការលើកទឹកចិត្តពីឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានសហពន្ធ័កីឡាចូលនិងប៉េតង់កម្ពុជា»។ ឯកឧត្តមបណ្ឌិត សោម ចិន បានគូសបញ្ជាក់បន្ថែម ។

ឯកឧត្តមបណ្ឌិត សោម ចិន បានសង្កត់ធ្ងន់ថា ថ្ងៃនេះយើងជួបជុំគ្នាប្រារព្ធពិធីប្រកួតកីឡាប៊ូល និងប៉េតង់វ័យចាស់ម្តងទៀត ដែលនេះជាលើកទី២ បន្ទាប់ពីបានប្រកួតគ្នា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣។ ក្នុងនាមជាប្រធានក្លឹបកីឡាប៊ូល និងប៉េតង់សន្តិភាពវ័យចាស់ និងក្នុងនាមតំណាងឱ្យបណ្តាក្លឹបវ័យចាស់ទាំងអស់ពិតជាគោរពអរគុណចំពោះវត្តមានដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកបដោយទឹកចិត្តជ្រះថ្លាមនោសញ្ចេតនា យោគយល់អនុគ្រោះស្រឡាញ់គាំទ្រអញ្ជើញចូលរួម ហើយថែមទាំងជួយឧបត្ថមថវិការចំនួន ៥លានរៀលផងដែរ ដោយបានផ្សាភ្ជាប់ជាមួយក្រុមកីឡាប៊ូលនិង ប៉េតង់វ័យចាស់នេះជាកាលើកទឹកចិត្តផ្តល់កម្លាំងចិត្ត ពិសេសស្មារតី និងការផ្តល់ថ្នាំដ៏ស័ក្តិសិទ្ធបំផុតបន្ថែមដល់សុខ ភាព និងអាយុកាន់តែច្រើនដល់ក្រុមប៉េតង់វ័យចាស់។

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពេញ១ថ្ងៃ គណៈកម្មការរៀបចំការប្រកួតបានរកឃើញម្ចាស់ជ័យលាភី ដោយក្រុមម្ចាស់ជើងឯកបានទៅលើក្រុមប៉េតង់វ័យចាស់អូឡាំពិក ដោយទទួលបានការអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយពីឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង ឯកឧត្តមបណ្ឌិត សោម ចិន ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner