សិស្សមេធាវី ជំនាន់ទី១៩ បោះជំរំសិក្សា និងផ្សព្វផ្សាយ ច្បាប់ នៅខេត្តកំពត

កំពត៖ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃ ព្រះ រាជាណាចក្រកម្ពុជា បានដឹកនាំ សមាជិកក្រុម ប្រឹក្សា គណៈមេធាវី ថ្នាក់ដឹកនាំ គណៈមេធាវី ព្រមទាំង ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិស្សមេធាវី ជំនាន់ទី១៩ ទៅបោះជំរំសិក្សា និង ផ្សព្វផ្សាយ ច្បាប់ នៅខេត្តកំពត រយៈពេល២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ។

ឯកឧត្តមប្រធានគណៈមេធាវី បានបញ្ជាក់ថា កម្មវិធី បោះជំរំសិក្សា និងផ្សព្វផ្សាយច្បាប់នេះ មានលក្ខណៈ ស្របជាមួយនឹងសកម្មភាពរបស់ គណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹង និងលើកកម្ពស់ សមត្ថភាពមេធាវី ក៏ដូចជាការបង្កើនការផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយអំពីតួនាទីរបស់មេធាវី និងកិច្ចការទាំងឡាយដែលមេធាវីអាចផ្ដល់ឱ្យអតិថិជន ដែលជាសកម្មភាពស្នូលក្នុងចំណោម សកម្មភាពស្នូល ផ្សេងៗទៀតរបស់គណៈមេធាវី។

ឯកឧត្តមបានបន្ថែមថា នៅក្នុងឆ្នាំ២០២៣ គណៈ មេធាវី បានចូលរួមលើក កម្ពស់យុត្តិធម៌សង្គមនិង នីតិរដ្ឋ នៅកម្ពុជាតាមរយៈ ការចាត់តាំងមេធាវី ជួយ ការពារក្តីជូន ជនក្រីក្រដោយមិនយកកម្រៃ បានចំនួន ៥ ៨០៦ ករណី មានកូនក្ដីសរុបចំនួន ៩ ១៣៩នាក់ ,បានធ្វើការ ពិគ្រោះយោបល់ផ្លូវច្បាប់ ដោយមិនយកកម្រៃបានចំនួន ៧៩៦ លើក និងបានធ្វើ ការផ្សព្វផ្សាយច្បាប់តាមរយៈ កម្មវិធី៣សំណួរ កម្មវិធី ជជែកពីច្បាប់ ដែលផ្សព្វផ្សាយ តាមទូរទស្សន៍ ពិភាក្សាតុមូល សិក្ខាសាលា និងបោះពុម្ព ព្រឹត្តិ បត្រមេធាវី ជាដើម។ នៅក្នុងឆ្នាំ២០២៤ ខាងមុខ គណៈមេធាវីនឹងចុះផ្សព្វផ្សាយច្បាប់និងវិជ្ជាជីវៈមេធាវីដល់ថ្នាក់ដឹកនាំភូមិ ឃុំ សង្កាត់ ទូទាំងប្រទេស តាមរយៈ គម្រោងមេធាវីដល់មូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តមលី ច័ន្ទតុលា បានណែនាំឱ្យ សិស្សមេធាវីយកចិត្តទុកដាក់ស្តាប់ និងកត់ ត្រានូវ ចំណុចសំខាន់ៗនៃការធ្វើបទបង្ហាញរបស់ប្រធានអង្គភាពច្រកចេញចូលតែមួយ និងសំណូមពរឱ្យ សិស្ស មេធាវី ទាំងអស់ចូលរួមក្នុងការងារសង្គម និងត្រូវ អនុវត្ត ឱ្យបាន ខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌ វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុង ដើម្បីលើកកម្ពស់ ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។

លោក ខៀវ រិទ្ធភ័ណ្ឌ អភិបាលរងខេត្តកំពត បាន ឱ្យដឹងថា ការដោះស្រាយបណ្តឹងនៅមូលដ្ឋាន ក្រៅ ប្រព័ន្ធតុលាការ សម្រាប់រដ្ឋបាលខេត្តកំពត ក្រោមការ ដឹកនាំ សម្របសម្រួលដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានដោះស្រាយបណ្តឹងក្នុងឆ្នាំ២០២៣ សរុបចំនួន ១៧០ករណី ។ក្នុងនោះមាន ករណីទំនាស់ រវាងប្រជាពលរដ្ឋនឹងប្រជាពលរដ្ឋ,ករណីទំនាស់រវាងប្រជាពលរដ្ឋ នឹងក្រុមហ៊ុន ,ទំនាស់រវាងប្រជាពលរដ្ឋ នឹងអាជ្ញាធរ ,ទំនាស់គ្រួសារ និងកេរ្តិ៍មរតក, ទំនាស់ដី សហគមន៍ និងករណីជំពាក់ប្រាក់ ៕
ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner