ប្រមុខរាជរដ្ឋាភិបាលថ្លែងថាគ្មានអ្វីជាអាថ៌កំបាំងនូវការជីកព្រែកជីកហ្វូណនតេជោឡើយ (Video Inside)
សម្តីគ្មានមូលដ្ឋានរបស់អ្នកវិភាគដែលចរឹតប្រឆាំង ចំពោះការជីកព្រែកហ៊្វូណនតេជោ ក្នុងប្រទេសកម្ពុជា ត្រូវបានបកស្រាយបំភ្លឺមកវិញ ដោយសម្តេចនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជានៅថ្ងៃនេះ។
រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់រួចមកហើយថា គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងត្រូវសាងសង់ឡើងរយៈពេល៤ឆ្នាំ ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន។ ការសាងសង់នឹងចាប់ផ្តើមពីឆ្នាំ២០២៤ និងចំណាយថវិកាចំនួន ១ពាន់ ៧០០លានដុល្លារ។
គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក, ព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុប ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
គម្រោងព្រែកជីកហ៊្វូណននេះ គឺជាគម្រោងដ៏ធំបង្អស់មួយរបស់កម្ពុជា ដើម្បីការជួយបង្កើនសេដ្ឋកិច្ចជាតិ ប៉ុន្តែអ្នកវិភាគដែលមានចរឹតប្រឆាំងបានចោទថា ជាគម្រោងដែលធ្វើឱ្យកម្ពុជាខាតបង់ទៅវិញ។
អ្នកវិភាគនយោបាយម្នាក់ឈ្មោះ គឹម សុខ រស់នៅក្នុងប្រទេសហ្វាំងឡង់បាននិយាយថា កម្ពុជានឹងរងការខាតបង់អធិបតេយ្យភាពជាមួយនឹងវៀតណាម និងថាតាមរយៈគំរោងនោះ កម្ពុជានឹងអន្ទាក់បំណុលជាមួយនឹងប្រទេសចិនថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ នៅកំពង់ផែក្រុងស្វយ័តក្រុងព្រះសីហនុ បានថ្លែងថាគំរោងព្រែកជីកហ៊្វូណន គ្មានអ្វីក្រៅតែពីដើម្បីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដើម្បីការពង្រីកសក្តានុពលសេដ្ឋកិច្ចជាតិតែប៉ុណ្ណោះ។
គំរោងព្រែកជីកហ្វូណនតេជោ ក៏ធ្លាប់ត្រូវបានប្រទេសវៀតណាមលើកឡើង នូវការបារម្ភរបស់ខ្លួនផងដែរ ពាក់ព័ន្ធនឹងលំហូរទឹកសមុទ្ទចូលក្នុងទន្លេមេគង្គ ប៉ុន្តែក្នុងដំណើរទស្សនកិច្ចជាផ្លូវការមួយ របស់នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងខែធ្នូឆ្នាំ២០២៣នេះ, សម្តេចធិបតីបានប្រាប់មេដឹកនាំវៀតណាមវិញថា គំរោងព្រែកជីកហ្វូណនតេជោ មិនបង្កឱ្យផលប៉ះពាល់ជាអវិជ្ជមាន ដល់លំហូរទឹកទន្លេមេគង្គឡើយ។ ផ្ទុយទៅវិញគម្រោងនេះ នឹងរក្សាបាននូវស្ថិរភាពបរិស្ថាន និងជម្រកធម្មជាតិផងទៀត។