ប្រព័ន្ធប្រកាសអាសន្នការពារគ្រោះមហន្តរាយធម្មជាតិ នឹងព្រមានប្រាប់ដល់ ពលរដ្ឋ រស់នៅក្រុងបាត់ដំបង ដើម្បីចៀសផុតពីគ្រោះធម្មជាតិ
(ខេត្តបាត់ដំបង)៖ បច្ចេកវិទ្យាសម័យទំនើបកំពុងផ្តល់ទំនុកចិត្ត និងក៏ដូចជាជួយដល់ពលរដ្ឋជាច្រើនគ្រួសារពិសេសអ្នករស់នៅតាមដងស្ទឹងសង្កែ ខេត្ត បាត់ដំបងអាចចៀសផុតពីគ្រោះមហន្តរាយធម្មជាតិ។

ការទទួលព័ត៌មាន និងក៏ដូចជាសារព្រមានពីគ្រោះធម្មជាតិនេះធ្វើឡើងបន្ទាប់ពីសង្កាត់ចំនួន ៤ ក្នុងខេត្តបាត់ដំបង បានទទួលជំនួយ ក្នុងការបំពាក់ប្រព័ន្ធប្រកាសអាសន្នការពារគ្រោះមហន្តរាយពីធម្មជាតិដើម្បីផ្សព្វផ្សាយសារប្រកាសអាសន្នទៅកាន់ប្រជាពលរដ្ឋអំពីគ្រោះទឹកជំនន់ និងរាល់មុខសញ្ញាគ្រោះថ្នាក់ដទៃទៀតរួចមក។

គួរបញ្ជាក់ថា ប្រព័ន្ធប្រកាសឱ្យដឹងមុនពីគ្រោះធម្មជាតិក្នុងទីក្រុងបង្កើតឡើងដោយអង្គការភីន (People In Need) ដែលបានទទួលជំនួយពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋបាលក្រុងបាត់ដំបង គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ខេត្ត (គ.គ.ម.ខ) និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម.)។

ក្នុងចំណោមឧបករណ៍នេះត្រូវបានដាក់នៅសង្កាត់ស្លាកែត ដែលស្ថិតនៅក្រុងបាត់ដំបង ក្នុងចំណោមសង្កាត់ចំនួន ៣ផ្សេងទៀត នៅក្រុងបាត់ដំបង ។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាន លោក ទួត រ៉ើន ចៅសង្កាត់ ស្លាកែត ក្រុងបាត់ដំបងបានឱ្យដឹងថា ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងនេះគឺជាបណ្តាញផ្ដល់ព័ត៌មានថ្មីមួយ ដើម្បីផ្សព្វផ្សាយសារប្រកាសអាសន្នទៅកាន់ប្រជាពលរដ្ឋអំពីគ្រោះទឹកជំនន់ និង រាល់មុខសញ្ញាគ្រោះថ្នាក់ដទៃទៀតដោយអាចផ្ញើសារតាមរយៈប្រពន្ធសារលេខ ១២៩៤ផងដែរ ។
បើតាមលោកចៅសង្កាត់ខាងលើក៏បានឲ្យដឹងផងថាការដាក់ឧបករណ៍ប្រកាសប្រាប់អាសន្តនេះបានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងសង្កាត់ស្លាកែត ពិសេសនោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ឲ្យពួកគាត់បានដឹងជាមុនក្នុងការត្រៀមខ្លួនទប់ស្កាត់ពីគ្រោះមហន្តរាយដូចជាការរកទីតាំងទួលខ្ពស់ ជាបណ្តោះអាសន្ន ត្រៀមសំភារៈសម្រាប់អាកាសធាតុត្រជាក់ខ្យល់ព្យុះជាដើម ។

ជុំវិញ ប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុនក្នុងទីក្រុង ដែលជាឧបករណ៍យ៉ាងទំនើបនេះដែរត្រូវបានលោកចៅសង្កាត់បានបញ្ជាក់បន្ថែមថាគឺមានមេក្រូជាឧបករណ៍ប្រកាសអាសន្នស្វ័យប្រវត្តិដោយ មេក្រូប្រកាសអាសន្នបង្កើតឡើងជាមួយនឹងប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិ ដែលអាចទទួលព័ត៌មានផ្ញើរចេញពីគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត។ បន្ទាប់ពីការទទួលបានសារ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិរបស់មេក្រូបញ្ជូនសំលេងសារទៅកាន់ប្រព័ន្ធបន្លឺសំលេងអេឡិចត្រូនិច របស់មេក្រូ ហើយ ប្រជាជនរស់នៅក្នុងតំបន់គោលដៅនឹងឮសារ ប្រកាស ចេញ ពីមេក្រូដោយស្វ័យប្រវត្តិ ។ សារប្រកាសឱ្យដឹងមុនអាចផ្សាយសារទៅកាន់ប្រជាជនក្នុងសហគមន៍ក្នុងចម្ងាយប្រមាណ ៥០០ ម៉ែត្រការ៉េ នៃទីតាំងដែលបានតម្លើង ។

ទាក់ទិនក្នុងរឿងនេះ លោកស្រី ឃ្លោក វិចិត្រ រដ្ឋា អនុប្រធាននាយកដ្ឋាន ប្រែប្រួលអាកាសធាតុ នៃ ក្រសួងបរិស្ថានបានឲ្យដឹងថា ៖ ប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុនក្នុងទីក្រុង គឺជា យន្តការផ្សព្វផ្សាយដ៏ល្អមួយក្នុងអំឡុងពេលមានគ្រោះអាសន្នដូចជា ទឹកជំនន់ និង គ្រោះថ្នាក់ធម្មជាតិផ្សេងៗ។ ការដាក់ចេញប្រព័ន្ធព័ត៌មាននេះ មានសារសំខាន់ណាស់ អាចផ្តល់ដំណឹងដល់ ពលរដ្ឋ យល់ដឹងនឹងត្រៀមខ្លួនជាមុន ឆ្លើយតបការប្រែប្រួល អាកាសធាតុ ដូចជាទឹកជំនន់ ជាដើម ។
គួរបញ្ជាក់ថា ប្រព័ន្ធប្រកាសអាសន្នការពារគ្រោះមហន្តរាយធម្មជាតិក្នុងទីក្រុងនេះដែរ គឺជាយន្តការផ្សព្វផ្សាយដ៏ល្អមួយក្នុងអំឡុងពេលមានគ្រោះអាសន្នដូចជាទឹកជំនន់និងគ្រោះថ្នាក់ធម្មជាតិផ្សេងៗ។ ការដាក់ចេញប្រព័ន្ធព័ត៌មាននេះមានសារសំខាន់ណាស់ អាចផ្តល់ដំណឹងដល់ពលរដ្ឋយល់ដឹងនឹងត្រៀមខ្លួនជាមុនឆ្លើយតបការប្រែប្រួលអាកាសធាតុដូចជាទឹកជំនន់ជាដើម៕
អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ គ្រី សម្បត្តិ