កងទ័ពបារាំងចុងក្រោយ ចាកចេញពីប្រទេសនីហ្សេ
នីញ៉ាម៉េ៖ កងទ័ពបារាំងចុងក្រោយ បានដកខ្លួនចេញពីទឹកដីប្រទេសនីហ្សេហើយ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីបានចំណាយពេលអស់ជាងមួយទសវត្សរ៍ ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមជីហាដ ក្នុងតំបន់ Sahel នៅអាហ្វ្រិកខាងលិច។

កងកម្លាំងបារាំងចុងក្រោយ បានហោះចេញពីមូលដ្ឋានទ័ពអាកាសក្នុងរដ្ឋធានីនីញ៉ាម៉េ ដោយជិះយន្តហោះពីរគ្រឿង នេះបើយោងតាមការបញ្ជាក់ពីអ្នកកាសែត AFP។ ប៉ុន្តែទិសដៅពួកគេមិនមានការបញ្ជាក់លំអិតនោះទេ។ ការចាកចេញរបស់កងទ័ពបារាំងនេះ បានបន្សល់ទុកតែទាហានអាមេរិករាប់រយនាក់ និងទាហានអ៊ីតាលី ព្រមទាំងអាល្លឺម៉ង់មួយចំនួនទៀត ដែលនៅសេសសល់នៅក្នុងប្រទេសនីហ្សេ។

នេះជាជើងទីបីហើយ ក្នុងរយៈពេលតិចជាង ១៨ខែ ដែលទាហានបារាំងបញ្ជូនចេញពីប្រទេសតំបន់អាហ្វ្រិកខាងលិចមួយនេះ ក្រោយទទួលរងសម្ពាធពីរបបយោធានីហ្សេ។ កន្លងមក ប្រទេសបារាំងបានប្រកាសថា ខ្លួននឹងដកទាហាន និងអាកាសយានិកប្រមាណ ១.៥០០នាក់ចេញពីប្រទេសនីហ្សេ បន្ទាប់ពីមេទ័ពថ្មីនីហ្សេបានទាមទារឱ្យពួកគេចាកចេញពីប្រទេសខ្លួន ក្រោយរដ្ឋប្រហារកាលពីថ្ងៃទី២៦ ខែកក្កដាឆ្នាំនេះ។

កាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏ធ្លាប់បានប្រកាសដែរថា កងទ័ពបារាំងទាំង១,៤០០នាក់ នឹងត្រូវដកចេញឱ្យផុតពីនីហ្សេ នៅមុនដំណាច់ឆ្នាំនេះ។ វត្តមានកងទ័ពបារាំងនៅនីហ្សេ គឺស្ថិតក្រោមក្របខណ្ឌនៃយុទ្ធនាការទ្រង់ទ្រាយធំ ដែលសំដៅប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅទូទាំងតំបន់ Sahel នៃទ្វីបអាហ្រ្វិក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

