គណៈមេធាវីកម្ពុជា បានចូលរួមជួយការពារក្តីជូនជនក្រីក្រ ដោយមិនយកកម្រៃ ចំនួន ៥ ៨០៦ករណី នៅក្នុងឆ្នាំ២០២៣

(កំពត)៖ នៅក្នុងឆ្នាំ២០២៣ គណៈមេធាវីបានចូលរួមលើកកម្ពស់យុត្តិធម៌សង្គម និងនីតិរដ្ឋ នៅកម្ពុជា តាមរយៈ ការចាត់តាំងមេធាវី ជួយការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃបានចំនួន ៥ ៨០៦ករណី មានកូនក្ដីសរុបចំនួន ៩ ១៣៩នាក់ បានធ្វើការពិគ្រោះយោបល់ផ្លូវច្បាប់ដោយមិនយកកម្រៃបានចំនួន ៧៩៦លើក និងបានធ្វើការផ្សព្វផ្សាយច្បាប់តាមរយៈកម្មវិធី ៣សំណួរ កម្មវិធីជជែកពីច្បាប់ ដែលផ្សព្វផ្សាយតាមទូរទស្សន៍ ពិភាក្សាតុមូល សិក្ខាសាលា និងបោះពុម្ពព្រឹត្តិបត្រមេធាវី ជាដើម។ នៅក្នុងឆ្នាំ២០២៤ខាងមុខ គណៈមេធាវីនឹងចុះផ្សព្វផ្សាយច្បាប់និងវិជ្ជាជីវៈមេធាវីដល់ថ្នាក់ដឹកនាំភូមិ ឃុំ សង្កាត់ ទូទាំងប្រទេស តាមរយៈគម្រោងមេធាវីដល់មូលដ្ឋាន ។

នេះ គឺជាការលើកឡើងរបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី កម្ពុជា នៅក្នុងកម្មវិធី បោះជំរំសិក្សា និងផ្សព្វផ្សាយច្បាប់ ស្តីពី វិជ្ជាជីវៈមេធាវីក្នុងសង្គម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាខេត្តកំពត ។

លោក ខៀវ សិទ្ធភ័ណ្ឌ អភិបាលរងខេត្តកំពត លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមយកចិត្តទុកដាក់ស្តាប់ និងលើកជាសំណួរពិភាក្សាឱ្យបានផុលផុស។ ជាពិសេស ការដោះស្រាយបណ្តឹង ក្រៅប្រព័ន្ធតុលាការ សម្រាប់រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំ សម្របសម្រួលដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានដោះស្រាយបណ្តឹងក្នុងឆ្នាំ២០២៣ សរុបចំនួន ១៧០ករណី ក្នុងនោះមាន ករណីទំនាស់រវាងប្រជាពលរដ្ឋ នឹងប្រជាពលរដ្ឋ ករណីទំនាស់រវាងប្រជាពលរដ្ឋ នឹងក្រុមហ៊ុន ទំនាស់រវាងប្រជាពលរដ្ឋ នឹងអាជ្ញាធរ ទំនាស់គ្រួសារ និងកេរិ៍មរតក ទំនាស់ដីសហគមន៍ និងករណីជំពាក់ប្រាក់ ។

លោក មេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈមេធាវី បញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានបណ្តុះបណ្តាលសិស្សមេធាវី សរុប ១៩ជំនាន់ ហើយសិស្សមេធាវី ជំនាន់ទី១៩នេះ មានចំនួន ៨៥នាក់ ស្រី ៣៩នាក់ ដែល សិក្សា នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី រយៈ ១១ខែ ទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង រួមទាំងចុះទស្សនកិច្ចសិក្សា នៅសាលាដំបូង រាជាធានីភ្នំពេញ សាលាឧទ្ធរណ៍ភ្នំពេញ តុលាការកំពូល និងពន្ធនាគារ ក៏ដូចជាស្ថាប័នជំនាញមួយចំនួន ដើម្បីមើលទៅលើការងារជាក់ស្តែង ហើយយកមកអនុវត្តន៍ជាក់ស្តែងបន្ថែមទៀត ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner