ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងផ្តល់នូវការគាំទ្រ និងលើកទឹកចិត្តបន្ត បើកវគ្គ បណ្តុះបណ្តាលបន្ថែមទៀត ដល់អ្នកសារព័ត៍មាន
(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា“ ការបណ្តុះ បណ្តាល វិជ្ជាជីវៈដល់អ្នកសារព័ត៌មានពិតជាមានសារៈសំខាន់ ហើយក្រសួងព័ត៌មាន ផ្តល់នូវការគាំទ្រ និងលើកទឹកចិត្តបន្តបើកវគ្គបណ្តុះបណ្តាលបន្ថែមទៀត “។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងបែបនេះ ក្នុងឱកាសបើកវគ្គបណ្តុះបណ្ដាលអ្នកសារព័ត៌មាន ស្តីពីការគ្រប់គ្រងព័ត៌មាន និងក្រមសីលធម៌សារព័ត៌មាន រៀបចំឡើងដោយ សមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នាអគារសេរីភាព សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សាស្ត្រាចារ្យបណ្ឌិត ជា ចំរើន ប្រធានសមាគមសហព័ន្ធអ្នកសារព័ត៌មានសម្រាប់សន្តិភាព និងអភិវឌ្ឍន៍ បានជម្រាបជូនពីគោលបំណងសំខាន់ៗរបស់សមាគម គឺការចូលរួមថែរក្សាការពារសន្តិភាព និងអភិវឌ្ឍន៍ឲ្យមានភាពរឹងមាំ និងរីកចំរើនជានិរន្តរ៍ ជាពិសេសលើកស្ទួយនីតិរដ្ឋ និងអភិបាលកិច្ចល្អ នៃសង្គមកម្ពុជា ព្រមទាំងចូលរួមលើកកម្ពស់ការអភិវឌ្ឍន៍ ធនធានមនុស្ស និងអ្នក សារព័ត៌មានឲ្យមានសមត្ថភាព ទេពកោសល្យ និងសីលធម៌វិជ្ជាជីវៈក្នុងការចូលរួមកសាងសង្គមជាតិ ប្រកប ដោយមិត្តភាព ភាតរភាព កិច្ចសហប្រតិបត្តិការល្អ ដែលផ្តល់ប្រយោជន៍ទៅវិញ ទៅមក ជាដៃគូក្នុងប្រទេស និងអន្តរជាតិ ព្រមទាំងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដើម្បីឆ្លើយតបគោលបំណងខាងលើនេះ សមាគមសហព័ន្ធ បានបើកវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានឲ្យមានសមត្ថភាព និងសីលធម៌ វិជ្ជាជីវៈ ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺមានសារៈសំខាន់ សម្រាប់អ្នកសារព័ត៌មាន ក្នុងការពង្រឹងសមត្ថភាព និងផលិតខ្លឹមសារព័ត៌មានប្រកបដោយគុណភាព ចែកជូនដល់ប្រជាពលរដ្ឋ ៕
ដោយ ង៉ាន់ ទិត្យ

