ប្រជាជនហ្គាហ្សាតម្រង់ជួរសុំអាហារ ដើម្បីប្រឹងរស់ពេលមានសង្គ្រាម
ហ្គាហ្សា៖ យោងតាមប្រព័ន្ធត្រួតពិនិត្យភាពអត់ឃ្លានរបស់អង្គការសហប្រជាជាតិ (IPC) បានឱ្យដឹងថា គិតត្រឹមដើមខែធ្នូឆ្នាំនេះ ប្រជាជនហ្គាហ្សាជាងពីរលាននាក់បានប្រឈមមុខនឹងអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ ក្នុងនោះជាង ៣៧៨,០០០នាក់បានជួបប្រទះ “ភាពអត់ឃ្លានដ៏មហន្តរាយ”។
ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ឈររង់ចាំសុំអាហារ ដើម្បីចិញ្ចឹមក្រពះ និងគ្រួសារ នៅផ្លូវមួយក្នុងទីក្រុងរ៉ាហ្វា ក្នុងតំបន់ហ្គាហ្សាស្រ្ទីប ភាគខាងត្បូង ដោយទិដ្ឋភាពដ៏ឱ្យគួរសោកសង្រែកនេះ បានឆ្លុះបញ្ចាំងពីវិបត្តិមនុស្សធម៌ និងតម្រូវការសន្តិភាពបន្ទាន់។
យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ ក្នុងចំណោមប្រជាជនចំនួន ២.៤លាននាក់ មានមនុស្សជាច្រើនបង្ខំចិត្តទៅជ្រកោណក្នុងជម្រក ឬតង់ដែលមានមនុស្សរស់នៅកកកុញ ដោយពួកគេត្រូវតស៊ូស្វែងរកអាហារ ប្រេងឥន្ធនៈ ទឹកបរិភោគ និងការថែទាំវេជ្ជសាស្រ្តជាដើម។
របាយការណ៍របស់ប្រព័ន្ធត្រួតពិនិត្យភាពអត់ឃ្លានរបស់អង្គការសហប្រជាជាតិ (IPC) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ជាក់ថា ហានិភ័យកើតមានគ្រោះទុរ្ភិក្ស កំពុងកើនឡើងជារៀងរាល់ថ្ងៃ ហើយបានព្រមានថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ប្រជាជនហ្គាហ្សាទាំងមូលនឹងប្រឈមមុខនូវវិបត្តិ”អសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ” ឬកាន់តែអាក្រក់ជាងនេះ។
រហូតមកទល់ពេលនេះ យ៉ាងហោចណាស់មានប្រជាជនប៉ាឡេស្ទីន ២០,០៥៧ នាក់ហើយត្រូវបានសម្លាប់ និង ៥៣,៣២០នាក់បានរងរបួសនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា





