បុគ្គលិកក្រុមហ៊ុន Airbus រាប់រយនាក់ឈឺ ក្រោយទទួលទានអាហារថ្ងៃបុណ្យគ្រឹស្មាស់នៅបារាំង
ប៉ារីស៖ កម្មករជាង ៧០០នាក់មកពីក្រុមហ៊ុន Airbus Atlantic ក្នុងប្រទេសបារាំង មានអាការៈក្អួតចង្អោរ ឬរាគ ចាប់តាំងពីព្រឹត្តិការណ៍ញុំាអាហារពេលល្ងាច នៅជិតទីក្រុងណង់ស៍ (Nantes) ភាគពាយ័ព្យកាលពីសប្តាហ៍មុន។

ទីភ្នាក់ងារសុខភាព ARS របស់ប្រទេសបារាំង បានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីបុគ្គលិកជាង ៧០០នាក់ ដែលធ្វើការឱ្យក្រុមហ៊ុន Airbus Atlantic បានធ្លាក់ខ្លួនឈឺ ដោយសារការពុលអាហារជាលក្ខណៈទ្រង់ទ្រាយធំ ក្រោយទទួលទានអាហារថ្ងៃបុណ្យគ្រឹស្មាស់។
ទីភ្នាក់ងារសុខភាព ARS បាននិយាយថា កម្មករទាំងនេះបានធ្លាក់ខ្លួនឈឺ ពីរថ្ងៃបន្ទាប់ចូលរួមព្រឹត្តិការណ៍នេះ ប៉ុន្តែគ្មាននរណាម្នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនោះទេ។ គិតមកទល់ពេលនេះ គេនៅពុំទាន់ដឹងច្បាស់ ថាតើមូលហេតុអ្វីនៅពីក្រោយហេតុការណ៍នេះទេ។

គួរបញ្ជាក់ថា Airbus Atlantic គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុប Airbus ហើយមានបុគ្គលិកចំនួន ១៥,០០០នាក់ក្នុងប្រទេសចំនួន ៥។ ក្រុមហ៊ុនផលិតយន្តហោះ Airbus របស់ប្រទេសបារាំង មានបុគ្គលិកសរុបចំនួន ១៣៤,០០០នាក់នៅទូទាំងពិភពលោក៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា