សមិទ្ធផលតម្លៃជិតមួយលានដុល្លារ នៅវត្តចាក់អង្រែក្រោម ត្រូវបានបញ្ចុះខណ្ឌសីមានិងសម្ពោធឆ្លង
ភ្នំពេញ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្របានអញ្ជើញចូលរួមបញ្ចុះខណ្ឌសីមា និង សម្ពោធសមិទ្ធផលនានានៅក្នុងវត្តចាក់អង្រែក្រោម ស្ថិតក្នុង សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃអាទិត្យទី២៤ ខែធ្នូ ឆ្នាំ២០២៣។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរព្រះគុណថ្វាយប្រគេនដល់ព្រះគ្រូខន្តិមុនី គឹម នី រួមជាមួយឧកញ៉ា សៀង ម៉េង និង លោកជំទាវ មាន សុភា ឯកឧត្តម សូ ចាន់ធី និងលោកជំទាវ ឯកឧត្តម លោកជំទាវ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់របស់សាលារាជធានីភ្នំពេញ ខណ្ឌមានជ័យ ព្រមទាំងពុទ្ធចំណុះជើងវត្តមកពីទីជិតទីឆ្ងាយ បានរួមសាមគ្គីគ្នាកសាងសមិទ្ធផលយ៉ាងច្រើនក្នុងអារាមមួយនេះ។

សម្តេចបានរំលេចថា រាល់សមិទ្ធផលទាំងឡាយដែលបាន អភិវឌ្ឍន៍គឺដោយសារប្រទេសមានសុខសន្តិភាព ដែលយើង ទាំងអស់គ្នាទទួលបានដោយសារការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបាន អនុវត្តនយោបាយឈ្នះ ឈ្នះ ។

សម្តេចបន្តទៀតថា ប្រសិនពុំមានការឯកភាពជាតិ ប្រទេស គ្មានសុខ សន្តិភាពទេនោះ, ការអភិវឌ្ឍផ្សេងៗក៏មិនអាច សម្រេច បានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ។ពោលគឺពុទ្ធបរិស័ទមួយរូបៗ គ្មានលទ្ធភាពបង្កើនចំណូល យកមកចូលបច្ច័យដើម្បី កសាងសមិទ្ធផលក្នុងទីអារាម។ចំណែកព្រះសង្ឃក៏គ្មានចង្ហាន់គ្រប់គ្រាន់នោះដែរ។ប៉ុន្តែដោយ សារសន្តិភាពមាននៅក្នុងប្រទេសនេះហើយដែលជំរុញការអភិវឌ្ឍនៅលើគ្រប់វិស័យ។ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ ពី មួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនជាលំដាប់។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ ប្រជាពលរដ្ឋ ទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាពនិងចូលរួមថែរក្សាសមិទ្ធផល ដែលសម្ពោធឆ្លងនៅថ្ងៃនេះនៅគង់វង្សស្ថិត ស្ថេរ ដើម្បីជាការចូលរួមចំណែក្នុងការការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

សូមជម្រាបថា សមិទ្ធផលដែលបញ្ចុះខណ្ឌសីមា និងសម្ពោធ ឆ្លងមាន ព្រះវិហារថ្មីកម្ពស់ពីរជាន់,ព្រមទាំងការកសាង នូវហេដ្ឋារចនាសម្ព័ន្ធនានាដូចជា សាលានិច្ចភត្ត បណ្ណាល័យ កុដិព្រះសង្ឃ (កម្ពស់ ២ជាន់) របងនិងខ្លោងទ្វារ ផ្លូវបេតុង វច្ចកុដិ ជួសជុលសាលាធម្មសភា ដែលចំណាយពេលសាង សង់១០ឆ្នាំនិង៩ខែនិងចំណាយថវិកាសាងសង់ចំនួន ៩៧២,២៩៥ដុល្លារអាមេរិក៕
ដោយ៖ ហេងសម្បត្តិ
