និស្សិត​ជប៉ុន ៦​នាក់ បាន​មក​សិក្សា​ស្រាវ​ជ្រាវ​នៅ​ស្ថានីយ​ឡ​បុរាណ​គោក​ដី​ឆ្នាំង ក្នុង​រមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រោម​កិច្ច​សហការ​ជា​មួយ​វិទ្យាស្ថាន​សិក្សា​ដើម្បី​បេតិកភណ្ឌ​វប្បធម៌ ​​និស្សិត​ជន​ជាតិ​ជប៉ុនប្រាំមួយ​នាក់ បាន​មក​សិ​ក្សា​ស្រាវ​ជ្រាវ​នៅស្ថា​នីយ​ឡ​បុរាណ​គោក​ដី​ឆ្នាំង ក្នុង​រមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីនស្កេ​ន (Ground Penetrating Radar-GPR) ដើម្បី​កំណត់​ទីតាំង​សម្រាប់​ការ​ធ្វើកំ​ណាយ​។

លោក ភិន សំណាង ប្រធាន​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ បណ្តុះ​បណ្តាល និង​តម្កល់​ឯកសារ​ នៃអាជ្ញាធរជាតិព្រះវិហារ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​ថា ជា​ដំបូង​ការ​ងារ​សិក្សា​ស្រាវ​ជ្រាវ​ស្ថានីយ​ឡ​បុរាណ​គោកដី​ឆ្នាំង​នេះ ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ឆ្នាំ​២០១៩ ក្រោម​ការ​ដឹក​នាំ​ដោយ​មន្ត្រី​បច្ចេក​ទេស​អាជ្ញាធរ​ជាតិ​ព្រះវិហារ ប៉ុន្តែ​ក្រោយ​មក​ភាគី​ជប៉ុន ចាប់​អារម្មណ៍​លើ​ការ​ងារ​ស្រាវ​ជ្រាវ​នេះ។

លោក​បន្ត​ថា​ ហេតុ​នេះ​នៅ​ឆ្នាំ​២០២០ សាស្រ្តាចារ្យ តាបាតា(TABATA) នាយក​វិទ្យាស្ថាន​សិក្សា​ដើម្បី​បេតិកភណ្ឌ​វប្បធម៌​របស់​សាកលវិទ្យាល័យ វ៉ាសេដា(WASEDA) នៃ​ប្រទេស​ជប៉ុន បាន​ចុះ​​អនុស្សរណៈយោគយល់​គ្នា​ជាមួ​យ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដើម្បី​អនុវត្ត​គម្រោង​ទៅលើ​​ការងា​រ​កំណាយ​ស្ថានីយ​ឡបុរាណ​គោគ​ដី​ឆ្នាំងនេះ​​។

លោកបា​ន​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​និស្សិត​ជន​ជាតិ​ជប៉ុន​ទាំង​ ៦​នាក់​នេះ ​ស្ថិតក្រោ​ម​ការ​ដឹក​នាំដោយ​សាស្រ្តាចារ្យ TABATA ដើម្បី​ធ្វើកា​រ​សិក្សា​ស្រាវ​ជ្រាវ​លើ​កំណាយ​ស្ថានីយ​ឡ​បុរាណ​គោក​ដី​ឆ្នាំង​នេះ ដោយ​មាន​ការ​ប្រើ​​ប្រាស់​ម៉ាស៊ីន​ស្កេន (GPR) ដើម្បី​ពិនិត្យ​មើល​សំណល់​បុរាណ​វិទ្យា​ផ្សេងៗ​នៅ​ក្រោម​ដី និង​​ងាយ​ស្រួល​កំណត់​ទីតាំង​សម្រាប់​ការ​ធ្វើ​កំណាយ​ផង​ដែរ ខណៈ​ដែល​ការសិ​ក្សា​ស្រាវ​ជ្រាវ​នេះ ​ជា​លើក​ទី​៣​ហើយ​ដែ​ល​សាស្ត្រាចារ្យ​ជន​ជាតិ​ជប៉ុន បាន​ដឹកនាំ​​សិស្សរ​បស់ខ្លួ​ន​មក​កម្ពុជា​។

លោក ភិន សំណាង បាន​​ថ្លែង​ថា​ ៖ «​គោល​បំណង​ស្រាវ​ជ្រាវ​របស់​ពួក​គាត់​នេះ គឺ​ដើម្បី​ចង់ដឹ​ង​បន្ថែម​អំពី​ឧ​ស្សាហកម្ម​ផលិត​កុលាល​ភាជន៍ ពិសេស​ចង់​សិក្សា​អំពីទ្រ​ង់​ទ្រាយ​រចនា​សម្ព័ន្ធ និង​ទំហំឡ​​ដុត​កុលា​​ភាជ​ន៍ នៅ​ក្នុង​តំបន់​រមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ​»​។

បើ​តាម​លោក ភិន សំណាង ​ក្រោយ​ពី​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ស្កេន​នេះ​ហើយ វា​នឹង​កំណត់​ទីតាំង​សម្រាប់​ការ​ធ្វើ​កំណាយ ដូច្នេះ​នៅពេ​ល​ឃើញ​ទីតាំង​ទាំង​នោះ គឺ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​ជប៉ុន​ គ្រាន់​តែក​ត់​ត្រា ថត​រូប ទីតាំង​ដែល​រក​ឃើញ​នៃ​ផ្នែក​ទាំង​នោះ យក​មក​វិភាគសិ​ន ដោយ​រង់​ចាំ​បន្តកា​រ​ងារ​ទៅ​ឆ្នាំ​ក្រោយ​ទៀត ពីព្រោះ​ការ​ងារ​ស្រាវ​ជ្រាវ​កំណាយ​ទាំង​នេះ មិន​មែន​មួយ​ឆ្នាំ​ធ្វើ​បាន​ឡើយ​ ដោយ​ត្រូវ​ការ​ពេល​ច្រើន​ដើម្បី​វិភាគ និងធ្វើ​​ការ​បក​ស្រាយ​ទៅ​លើ​កំណាយ​ដែល​បាន​រក​ឃើញ​នេះ​។

លោកបាន​​បញ្ជាក់​ទៀត​ថា​ ៖ «​ចំពោះ​វត្ថុ​ដែល​បាន​មក​ពី​កំណាយ គឺ​យើង​យក​មកក​ត់​ត្រា ចុះ​បញ្ជី​ឱ្យត្រឹ​មត្រូ​វ ក្នុង​ការ​យក​មក​ទុក​ស្រាវ​ជ្រាវ​នៅកា​រិយាល័យ​បន្ត​ទៀត ដើម្បី​បែង​ចែក​នៃ​ប្រភេទ​កុលាលភាជន៍ ឬ​ប្រ​ភេទ​​ផ្សេង​​ៗ​ទៀត​ ហើយ​យើង​នឹង​រៀប​ចំ​របាយ​ការណ៍ សម្រាប់​ធ្វើកា​រ​ងារ​ហ្នឹង​ទៅ​ឆ្នាំ​ក្រោយៗ​ទៀត​»​។

លោក​បន្ថែម​ថា ជា​មួយគ្នា​នេះ​ រាល់​ការ​រក​ឃើញ​ទីតាំង​កំណាយ​មួយៗ គឺ​​មាន​សារៈ​សំខាន់​ណាស់​ ​ព្រោះ​នៅ​ក្នុង​តំបន់​បេតិកភណ្ឌ មិន​អនុញ្ញាត​​ឱ្យមា​ន​ការ​ជីក​ក​កាយ​ឡើយ ដូច្នេះ​ការ​បើក​ទីតាំង​កំណាយ​ណា​មួ​យ​បាន លុះ​ត្រា​តែមា​ន​ការ​សិក្សាស្រា​វ​ជ្រាវ និង​ការ​អង្កេត​ពី​អ្នក​ជំនាញ​ជាមុ​ន​សិន​។

យោងតាមហ្វេសប៊ុកអាជ្ញាធរជាតិព្រះវិហារ កាលពីថ្ងៃទី​២២ ខែធ្នូ បាន​ឱ្យដឹងថា​​ ​គោលបំណងគម្រោងស្រាវជ្រាវនៅស្ថានីយឡបុរាណគោកដីឆ្នាំងនេះ គឺចង់សិក្សាស្វែងយល់អំពីឧស្សាហកម្មផលិតកុលាល​ភាជន៍ ពិសេសចង់សិក្សាអំពីទ្រង់ទ្រាយរចនាសម្ព័ន្ធ និងទំហំឡដុតកុលាភាជន៍ នៅក្នុងតំបន់រមណីយដ្ឋានប្រា​សាទកោះកេរ។

​ក្នុង​បេសកកម្ម​សិក្សា​ស្រាវ​ជ្រាវ​នេះ ស្ថិត​ក្រោម​កិច្ច​សហការ​ជាមួ​យ​នាយក​ដ្ឋាន​ស្រាវ​ជ្រាវ​ បណ្តុះ​បណ្តាល និង​តម្កល់​ឯកសារ និង​នាយក​ដ្ឋាន​អភិរក្ស និងបុ​រាណ​វិទ្យា នៃ​អាជ្ញាធរ​ជាតិ​ព្រះវិ​ហារ​ ជា​មួ​យ​នឹង​វិទ្យាស្ថាន​សិក្សា​ដើម្បី​បេតិកភណ្ឌ​វប្បធម៌​របស់​សាកល​វិទ្យាល័យ WASEDA នៃ​ប្រទេស​ជប៉ុន​ លើ​គម្រោង​កំណាយ​ស្រាវ​ជ្រាវ​នៅ​ស្ថានីយ​ឡ​បុរាណគោ​កដី​​ឆ្នាំង​៕

ដោយ៖ជា សុខនី

ads banner