ក្រសួងមុខងារសាធារណៈ៖ ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅ និងបញ្ចប់ដោយជោគជ័យគួរជាទីមោទនៈ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបានប្រកាស​ឱ្យដឹងថា ដំណើរការប្រឡងប្រជែងជ្រើសរើស​មន្រ្តីកសិកម្ម​ឃុំ ឆ្នាំ២០២៣ បាន​ប្រព្រឹត្តទៅ និងបញ្ចប់ដោយ​​ជោគជ័យគួរជាទីមោទនៈ និង​ឆ្លើយតបនឹងគោលការណ៍នៃវិធា​ន​ការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល​សាធារណៈ និងការពង្រឹងអភិបាលកិច្ចមូលដ្ឋានដែលមានចែងក្នុងយុ​ទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

យោងតាម​​សេចក្តី​ប្រកាសព័ត៌មាន​ស្តីពីការបញ្ចប់​ដំណើរ​ការប្រឡង​ប្រជែង​​ជ្រើសរើស​​មន្រ្តីកសិកម្មឃុំ ឆ្នាំ​២០២៣ ដោយជោគជ័យ ចុះថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២៣ បាន​ឱ្យដឹងថា ​​​​ដំណើរការប្រឡងសំណេរនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាសម័យប្រឡងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងកំណែសន្លឹកកិច្ចការ ដែលបាន ប្រព្រឹត្តទៅនៅមណ្ឌ​លកំណែសាលាភូមិន្ទរដ្ឋបាលបានបញ្ចប់ដោយជោគជ័យ។

សេចក្តីប្រកាសបាន​បន្តថា ៖ «ការប្រឡងនេះ បានបញ្ចប់ដោយជោគជ័យ មានវិន័យ បើកចំហរ សណ្តាប់ ធ្នាប់ និងភាពសុក្រឹត ស្ថិតក្រោមការឃ្លាំមើលរបស់អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ និងសារព័ត៌មាន»។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលលើកទី១របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពង់ប្រកបដោយថាមពលរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយា​បន្ន និងប្រសិទ្ធភាព។

ការប្រឡងនេះ ​មានបេក្ខជនចូលរួមប្រឡងប្រជែងសរុបចំនួន៣១៧៣ នាក់ (ស្រី១៤៧៤នាក់) ដោយបានប្រើ​ប្រាស់អគារប្រឡងចំនួន៣អគារ និងបន្ទប់ប្រឡងចំនួន៩៣បន្ទប់។ ​បេក្ខជនគ្រប់ៗរូបត្រូវឆ្លងកាត់ច្រកត្រួតពិនិត្យ ចំនួន២កន្លែង ដើម្បីទទួលបានការអនុញ្ញាតឱ្យចូលមកកាន់បរិវេណមណ្ឌលប្រឡង ហើ​យ​ត្រូវបង្ហាញសលាកបត្រដើម្បីផ្ទៀងផ្ទាត់ព័ត៌មានយ៉ាង ហ្មត់ចត់មុនពេលអនុ​ញ្ញាតចូលក្នុងបន្ទប់ប្រឡង។​

​​សេចក្តីប្រកាសព័ត៌មាន​បាន​លើកឡើងថា កំណែវិញ្ញាសា និងការបូកពិន្ទុ ដែលត្រូវបានអនុវត្តតាមប្រព័ន្ធចុះលេខសម្ងាត់ និងអនាមិក បានចប់សព្វគ្រប់នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយប្រើប្រាស់រយៈពេល៥ថ្ងៃ។ ជាលទ្ធផលបេក្ខជនចំនួន២៥០នាក់ (ស្រី៩៤នាក់) ជាប់ជាស្ថាពរសម្រាប់ឃុំ គោលដៅនៃការជ្រើ​សរើសទាំង២៥០ និងមានបេក្ខជនចំនួន១០នាក់ ក្នុងមួយស្រុក ជាបេក្ខជនជាប់បម្រុង។

ប្រភពដដែលបញ្ជាក់ថា ៖ «គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សូមថ្លែងអំណរគុណដល់ស្ថាប័នអង្គភាពពាក់ព័ន្ធ និងក្រុមការងារទាំងអស់​ ដែលបានចូលរួមជាចលករនាំឱ្យដំ​ណើរការប្រឡងប្រជែងប្រព្រឹត្តទៅ​បានដោយជោគជ័យគួរជាទីមោទនៈ ហើយឆ្លើយតបនឹងគោលការណ៍នៃវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងអភិបាលកិច្ចមូលដ្ឋានដែលមានចែងក្នុ​ង​យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តបន្ទាយមានជ័យ លោក ប៉ាង វណ្ណាសេដ្ឋ បានប្រាប់​ឱ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ​ថា ចំពោះការជ្រើសរើសមន្ត្រីកសិកម្មឃុំ​របស់រាជរដ្ឋាភិបាលនៅពេលនេះ ពិតជាមា​នសារៈសំខាន់ សម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

លោកបាននិយាយ​ថា ៖ «ដូចដែលយើងបានដឹងហើយ ប្រទេសកម្ពុជា គឺជាប្រទេសមួ​យដែលត្រូវការកសិ​កម្មជាអាទិភាពនៅឡើយ និងមានទំហំធំធេង ចំពោះការបង្កបង្កើនផលរបស់កសិករនូវមូលដ្ឋាន ក៏ជាចាំបា​ច់ត្រូវតែយល់ពីបច្ចេកទេសនៃការដាំដុះ​។ ដូច្នេះ យើង​ត្រូវតែជួយពួកគាត់ (កសិករ) បន្ថែមទៀតទាក់​ទងនឹងបច្ចេកទេសដាំដុះនេះ ដើម្បីឱ្យទាន់នូវអ្វីដែលគាត់ចង់បាន»។​

 លោក ប៉ាង វណ្ណាសេដ្ឋ បញ្ជាក់ថា លោកមិនទាន់ដឹងថា មន្ត្រីកសិកម្មឃុំដែលទើបតែប្រឡងជាប់នេះ ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ដោយមន្ទីរកសិកម្ម ឬក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួ​ងនៅឡើយទេ ប៉ុន្តែមន្ទីរនៅតែបន្តជួយគាំទ្រ និងសហការជាមួយមន្ត្រីកសិកម្មឃុំ​ទាំងនោះជានិច្ច​៕

ដោយ៖គឹម យុត្ថារ៉ូ

ads banner