ក្រុមហ៊ុនយក្សចិន BYD នឹងសាងសង់រោងចក្ររថយន្តអគ្គិសនីនៅហុងគ្រី

ប៉េកាំង៖ ក្រុមហ៊ុន BYD នឹងសាងសង់រោងចក្រផលិតរថយន្តនៅក្នុងប្រទេសហុងគ្រី ខណៈដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ចិនមួយនេះ មានផែនការពង្រីកទីផ្សារទៅកាន់តំបន់អឺរ៉ុប។

ក្រុមហ៊ុនចិន BYD Europe និយាយថា រោងចក្រនៅភាគខាងត្បូងនៃទីក្រុង Szeged នឹងបញ្ជាក់ពី “ជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការវិនិយោគលើថាមពលបៃតងនៅអឺរ៉ុប”។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីតធើ ហ្ស៊ីចាតូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រនេះ នឹងក្លាយជាការវិនិយោគដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តសេដ្ឋកិច្ចហុងគ្រី ប៉ុន្តែមិនបានប្រកាសពីទឹកប្រាក់វិនិយោគទេ។

យ៉ាងណាមិញ ក្រុមហ៊ុន BYD មានប្រតិបត្តិការរួចហើយក្នុងប្រទេសហុងគ្រី រួមទាំងរោងចក្រឡានក្រុងអគ្គិសនី។ ប៉ុន្តែជាមួយនឹងរោងចក្រផលិតរថយន្តថ្មីនេះ ក្រុមហ៊ុន BYD សង្ឃឹមថា នឹងពន្លឿនការចែកចាយរថយន្តដឹកអ្នកដំណើរអគ្គិសនីថ្មីទៅក្នុងទីផ្សារតំបន់អឺរ៉ុប ក៏ដូចជាជំរុញការប្រើប្រាស់ថាមពលបៃតងជាសកល។
ក្រុមហ៊ុន BYD បានគូសបញ្ជាក់ថា រោងចក្រនេះនឹងត្រូវបានសាងសង់ជាដំណាក់កាល ហើយត្រូវបានគេរំពឹងថា នឹងបង្កើតការងារក្នុងប្រទេសហុងគ្រីរាប់ពាន់កន្លែង។

សម្រាប់ពេលអនាគត ហុងគ្រីក៏នឹងក្លាយទៅជាប្រទេសផលិតអាគុយផ្ទុកថាមពលសម្រាប់រថយន្តអគ្គិសនី (EV) ដ៏ធំទីពីរនៅអឺរ៉ុបផងដែរ បន្ទាប់ពីអាល្លឺម៉ង់ ក្រោយរោងចក្រដ៏ធំមួយលេចឡើង ក្រោមផែនការវិនិយោគរបស់ក្រុមហ៊ុនចិន Group CATL ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner