ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នឹងផ្ដោតលើកិច្ចការសំខាន់៣ ក្នុងការងាររួមចំណែកបម្រើសេចក្ដីត្រូវការប្រជាពលរដ្ឋ

ខេត្តព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានជម្រាបជូនប្រជាពលរដ្ឋ និងមន្រ្តីពាក់ព័ន្ធ ក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅស្រុកកំចាយមារ ខេត្តព្រៃវែង ថាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តព្រៃវែង នឹងយកចិត្តទុកដាក់លើកិច្ចការសំខាន់ ចំនួន៣ ដើម្បីសហការរួមចំណែកគាំទ្ររដ្ឋបាលក្រុង ស្រុក ក៏ដូចជារដ្ឋបាលខេត្តទាំងមូល ឱ្យកាន់តែមានសមត្ថភាព និងលទ្ធភាព ក្នុងការបំពេញភារកិច្ចឆ្លើយតបទៅនឹងសេចក្ដីត្រូវការចំបាច់ក្នុងមូលដ្ឋាន ជាពិសេសផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កិច្ចការសំខាន់ទាំង៣ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ដឹកនាំដោយប្រធានក្រុមការងារនីមួយៗត្រូវយកចិត្តទុកដាក់នោះ រួមមាន ទីមួយ-ការចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់ក្រុមការងារតាមក្រុង ស្រុកដែលទទួលបន្ទុក និងធ្វើរបាយការណ៍ជូនប្រធានក្រុមការងារខេត្ត, ទីពីរ-បន្តជួយប្រជាពលរដ្ឋទៅតាមលទ្ធភាព និងទីបី-រកដំណោះស្រាយរាល់សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ និងធ្វើរបាយការណ៍ស្នើសុំការគាំទ្របន្ថែមពីថ្នាក់លើ ប្រសិនបើលើសពីសមត្ថភាព និងលទ្ធភាព ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកកិច្ចការទាំង៣នេះថា ជាគោលដៅធំបំផុត នៃការបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងជាផែនការសម្រាប់នីតិកាលទី៧ នៃគោលដៅធំៗរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ។

ឯកឧត្តម ក៏បានគូសបញ្ជាក់ជាថ្មីទៀតអំពីការយកចិត្តទុកដាក់រួមចំណែកគាំទ្រឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រួមគ្នាអនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីឈានទៅសម្រេចគោលដៅកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ជាមួយនឹងការបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពនយោបាយ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner