លោកគ្រូ អ្នកគ្រូ នៅសាលារៀនបាត់ដំបងប្តេជ្ញាលុបបំបាត់ និង បណ្តុះបណ្តាលសិស្សមិនឱ្យប្រើថង់ប្លាស្ទិក និង ប្រអប់ស្នោ
ខេត្តបាត់ដំបង៖ តាមរយៈការមើលឃើញពីផលប៉ះពាល់កើតចេញពីថង់ប្លាស្ទិក និងក៏ដូចជាចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជាលោកគ្រូ អ្នកគ្រូ និងរួមទាំងសិស្សានុសិស្សនៃសាលាបឋមសិក្សាសម្តេចជាស៊ីម ស្ថិតនៅក្រុងបាត់ដំបងបានបង្ហាញការប្តេជ្ញាមិនឱ្យយកថង់ប្លាស្ទិកចូលសាលារៀន និងខិតខំបណ្តុះបណ្តាលសិស្សមិនឱ្យប្រើថង់ប្លាស្ទិកឬប្រអប់ស្នោទៀតឡើយ។
ថ្លែងក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានចំនួន២៥ស្ថាប័នក្នុងយុទ្ធនាការបញ្រ្ជាបចំណេះដឹង ស្តីពី «ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា” ក្នុងពេលបំពេញទស្សកិច្ចស្វែងយល់ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា អ្នកស្រី ខូ យ៉ារ៉ាន់ នាយិកា នៃសាលាបឋមសិក្សាសម្តេចជាស៊ីម ស្ថិតនៅ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង បានឱ្យដឹងថា៖ចាប់ពីពេលនេះទៅនឹងមិនឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូប្រើប្រាស់ប្លាស្ទិកបន្តទៀតឡើយ។កាលពីឆ្នាំ២០១៨កន្លងមកសាលារៀនសម្តេចជាស៊ីមបានឈប់ប្រើប្រាស់ថង់ប្លាស្ទិករួចមកហើយ ប៉ុន្តែពេលនោះការអនុវត្តបានប្រមាណ៨០ភាគរយទេ។សម្រាប់នាពេលនេះការប្តេជ្ញាចិត្តអនុវត្តឱ្យបាន១០០ភាគរយតែម្តង”។
នាយិការូបនេះបានលើកឡើងដោយបញ្ជាក់ថា៖ការផ្សព្វផ្សាយបញ្ជ្រាបពីយុទ្ធនាការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិកនេះដំបូងសាលាធ្វើឡើងតាមរយៈលោកគ្រូ អ្នកគ្រូ បន្ទាប់មកទៀតបានបញ្ជ្រាបចំណេះដឹងនេះតាមរយៈសិស្សានុសិស្ស និងពិសេសជាងនេះបានបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយដល់ឪពុកម្តាយទៀតផង។
នាយិកានៃ សាលាបឋមសិក្សា សម្តេចជាស៊ីម បានលើកឡើងដោយបញ្ជាក់ដែរថាប្លាស្ទិក និងសំរាមគឹជាប្រភពបង្កមេរោគ បើយើងកាត់បន្ថយប្លាស្ទិក និងសំរាមតាមសាលារៀនបានគឹមានន័យថាក៏ជាការជួយកាត់បន្ថយការចម្លងមេរោគមួយផ្នែកដល់សិស្សានុសិស្សដែរ។
ដោយឡែកអ្នកគ្រូ ហូសូរិយ៉ាន គ្រូបង្រៀនប្រចាំសាលាបឋមសិក្សាសម្តេច ជាស៊ីមបានឱ្យដឹងថា៖”សាលារៀនមួយនេះចាប់តាំងតែពីឆ្នាំ ២០១៨មកមិនឱ្យប្រើថង់ប្លាស្ទិក ឬប្រអប់ស្នោទេ។ពេលនេះសិស្សានុសិស្សកាន់តែយល់ដឹងពីគ្រោះថ្នាក់កើតចេញពីថង់ប្លាស្ទិក ហើយពួកគេឈប់ប្រើថង់ប្លាស្ទិកស្ទើរគ្រប់គ្នា” ។
គួរបញ្ជាក់ថាយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំង គ្នាការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» គិតចាប់ពីថ្ងៃទី០១ កញ្ញា រហូតដល់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ មានអ្នកចូលរួមសរុបចំនួន ៦៨,៤៣៥នាក់ ក្នុងនោះរួមមានលោកគ្រូ អ្នកគ្រូសរុបចំនួន ២,៧៥៣នាក់ សិស្សានុសិស្សសរុបចំនួន ៦៤,៧៦៥នាក់ កម្មករកម្មការនី និងអ្នកចូលរួមផ្សេងៗទៀតសរុបចំនួន ៩១៧នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ១៥៤លើក ក្នុងសាលារៀនសរុបចំនួន ១៤៥សាលា រោងចក្រ សហគ្រាសចំនួន ០១ និងសហគមន៍ទីប្រជុំជន ០១កន្លែង នៅទូទាំងខេត្តបាត់ដំបង៕
អត្ថបទ៖ ម៉ាដេប៉ូ,រូបភាព៖ គ្រីសម្បត្តិ









