អភិបាលរាជធានីភ្នំពេញ ៖ មន្ត្រីប៉ូលីសចរាចរណ៍ មិនត្រូវស្លៀកពាក់ ស៊ីវិល ហើយ ប្រើ វិទ្យុទាក់ទង ដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់ទេ ត្រូវតែប្រើប្រាស់ ឯកសណ្ឋានឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានណែនាំទៅដល់ សមត្ថកិច្ចទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ចរារចរណ៍ផ្លូវគោកទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ហើយថា សម្តេចជាខ្នងបង្អែករបស់កងកម្លាំងយើង ក្នុងការអនុវត្តច្បាប់ ។ ហាមចំពោះមន្ត្រីប៉ូលីសចរាចរណ៍មិនត្រូវស្លៀកពាក់ស៊ីវិលហើយប្រើវិទ្យុទាក់ទង ដើម្បីស្ទាក់ចាប់យានយន្តដែលល្មើសច្បាប់ទេ ត្រូវតែប្រើប្រាស់ឯកសណ្ឋានអោយបានត្រឹមត្រូវ ជៀសវាងឱ្យបានពីការរិះគន់ នៃការអនុវត្តច្បាប់ចរារណ៍នេះ ។

ឯកឧត្តមអភិបាល មានប្រសាសន៍ថា កម្លាំងមានសមត្ថកិច្ចចរាចរណ៍ មិនមែនអនុវត្តការងារលើតែបញ្ហាចរាចរណ៍នោះទេ តែត្រូវសហការគ្នាក្នុងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពោល គឺធ្វើយ៉ាងណាអោយភូមិ សង្កាត់ មានសុវត្ថិភាព ។ ពង្រឹងលើវិធានការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ដោយខាងសាលាភ្ជាប់ប្រព័ន្ធតេឡេក្រាមជាមួយអាជ្ញាធរ និងកងកម្លាំង ដើម្បីទប់ស្កាត់ ជាមួយនិងការដាក់កម្លាំងនៅទីតាំងណាដែលមានហានិភ័យ ។ ពង្រឹងការអនុវត្តច្បាប់សាងសង់ ត្រូវចុះពិនិត្យមើលការដ្ឋានសាងសង់នៅក្នុងមូលដ្ឋាន ថាតើមានច្បាប់អនុញ្ញាត្តិទេសំដៅរក្សាសុវត្ថិភាពសំណង់ មិនបង្កហានិភ័យដល់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើងពីការត្រៀមរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯក នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់ រដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ធ្នូ ។ ត្រៀមកម្លាំងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ចរាចរនៅនាថ្ងៃខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមគោលនយោបានឈ្នះឈ្នះ ថ្ងៃ២៩ ធ្នូ (១៩៩៨-២០២៣) នៅវិមានឈ្នះឈ្នះក្នុងសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វា ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ ត្រៀមកម្លាំងក្នុងពិធីបុណ្យចូលឆ្នាំសកល បុណ្យ ៧មករា រំលឹកខួបទី៤៥ឆ្នាំ នៃការរំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner