សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យយុវសិស្ស អន ផានិត និងក្រុមគ្រួសារចូលជួប នៅភូមិគ្រឹះ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យយុវសិស្ស អន ផានិត ព្រមទាំង ក្រុមគ្រួសារ ចូលជួប សម្តេចនៅភូមិគ្រឹះនា ក្រុងតាខ្មៅ ដើម្បីបានសាកសួរ និងផ្តល់ដំបូន្មានមួយចំនួន នៅព្រឹកថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្លងកាត់ការសន្ទនា សម្តេចពិនិត្យ ឃើញថា ឪពុក ម្តាយរបស់ ផានិត ដែលជាជនពិការទាំងពីរនាក់ ពិតជាមនុស្ស គួរឱ្យគោរពសម្រាប់ការលះបង់ដើម្បីកូន និងក្រុម គ្រួសារ។
សម្តេចតេជោ បានបង្ហាញការកត់សម្គាល់ទៀតថា ផានិត ជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹង សាកសម ជាសិស្សប្រឡងជាប់និទ្ទេសA។ រីឯប្អូនស្រី របស់ ផានិត បាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ ការសិក្សានូវកម្រិតមធ្យមសិក្សា ដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា ៣ឆ្នាំខាងមុខ។
សម្តេចតេជោ បានបញ្ជាក់ថា ករណីរបស់ ផានិត ជាករណីពិសេសដែលសម្តេចត្រូវជួយសម្រាប់ការរៀន សូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្មពីឪពុក ម្តាយនៅឯស្រុក និងកុំឱ្យឪពុកម្តាយបារម្មពី ផានិត ដែលរៀននៅភ្នំពេញ។
សូមបញ្ជាក់ថា អន ផានិត ជាយុវសិស្សមកពីគ្រួសារក្រីក្រមួយរូប រស់នៅក្នុងខេត្តកំពត ដែលប្រលងបាន និទ្ទេស A ក្នុងសម័យប្រលងឆ្នាំ២០២៣ ។ ដោយឃើញពីស្ថានភាពលំបាកក្នុងគ្រួសារ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តផ្គត់ផ្គង់រាល់ការចំណាយ ក្នុងសិក្សារបស់យុវជន អន ផានិត។ សម្តេចតេជោ ក៏បានសម្រេចឧបត្ថម្ភថវិកាប្រចាំខែដល់គ្រួសាររបស់ ផានិត ហើយបានជួយសាងសង់ផ្ទះជូនថែម ទៀត ផង។ ពេលនេះយុវជន អន ផានិត បានប្រលងជាប់ចូលរៀន នៅសាលាបច្ចេកវិទ្យាកម្ពុជា ផ្នែកវិស្វករផងដែរ។
ការជួយជ្រោមជ្រែងរបស់សម្តេចតេជោ ទៅលើយុវជន អន ផានិត និងក្រុមគ្រួសារ ជាការស្តែងឱ្យឃើញ នូវទឹកចិត្តពោរពេញដោយព្រហ្មវិហារធម៌របស់សម្តេចតេជោ ហ៊ុន សែន។ ករណី អន ផានិត មិនមែនជា លើកទី១នោះឡើយ សម្តេចតេជោ ហ៊ុន សែន បានជួយយុវជនឱ្យទទួលបានឱកាសសិក្សារៀន សូត្រខ្ពង់ ខ្ពស់ជាច្រើនករណីមកហើយ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ ផេក











