ស្រីលង្កាដោះលែងអ្នកទោសជាង ១,០០០នាក់ក្នុងថ្ងៃបុណ្យគ្រឹស្មាស់

កូឡុំបូ៖ មន្ត្រីពន្ធនាគារស្រីលង្កា នៅថ្ងៃចន្ទនេះនិយាយថា ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីគ្រីមេស៊ីងហ្កេ បានលើកលែងទោសដល់ទណ្ឌិតជាង ១,០០០នាក់ និងដោះលែងពួកគេចេញពីពន្ធនាគារទូទាំងប្រទេស ក្នុងឱកាសប្រារព្ធពិធីបុណ្យគ្រឹស្មាស់។

ស្នងការពន្ធនាគារស្រីលង្កា លោក Gamini Dissanayake និយាយថា ក្នុងចំណោមទណ្ឌិតដែលត្រូវបានដោះលែងចំនួន ១,០០៤នាក់ នៅថ្ងៃចន្ទនេះ គឺជាប្រជាជនស្រីលង្កាដែលជាប់ពន្ធធនាគារ ដោយសារគ្មានលុយបង់ប្រាក់ពិន័យ។

ការលើកលែងទោសចុងក្រោយនេះ កើតឡើងបន្ទាប់ពីប៉ូលីសបានចាប់ខ្លួនមនុស្សជិត ១៥,០០០នាក់ ក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលគាំទ្រដោយយោធាក្នុងពេលមួយសប្តាហ៍ ហើយត្រូវបានបញ្ឈប់វិញ នៅមុនថ្ងៃបុណ្យគ្រឹស្មាស់។

សេចក្តីថ្លែងការណ៍របស់ប៉ូលីសបានបញ្ជាក់ថា ជនសង្ស័យចំនួន ១៣,៦៦៦នាក់ត្រូវបានចាប់ខ្លួន ខណៈដែលអ្នកញៀនជិត ១,១០០នាក់ត្រូវឃុំខ្លួន និងបញ្ជូនទៅស្តារនីតិសម្បទាជាកំហិតនៅឯមជ្ឈមណ្ឌលគ្រប់គ្រងដោយយោធា។

ពន្ធនាគាររបស់ប្រទេសដីកោះមួយនេះ បច្ចុប្បន្នមានទំហំតូចចង្អៀត ប៉ុន្តែដាក់អ្នកទោសយ៉ាងច្រើនកកកុញ។ តួយ៉ាង គិតត្រឹមថ្ងៃទី២២ ខែធ្នូឆ្នាំនេះ មានអ្នកទោសជិត ៣០,០០០នាក់ជាប់ក្នុងពន្ធធនាគារ ដែលសាងសង់ឡើងអាចមានលទ្ធភាពដាក់ទណ្ឌិតបានត្រឹមតែ ១១,០០០នាក់ប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលស្រីលង្កា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner