អគ្គនាយក ប.ស.ស. ស្នើឱ្យសហជីព និងអង្គការដៃគូ ផ្តល់មតិកែលំអ ចំណុចខ្វះខាត ដើម្បីបង្កើនប្រសិទ្ធិភាព
ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្ដិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យសហជីព អង្គការដៃគូ និងភាគីពាក់ព័ន្ធដែលស្និទ្ធនឹងកម្មករនិយោជិត ក៏ដូចជាពលរដ្ឋ ចូលរួមជាមតិ កែលំអ នូវរាល់ចំណុចខ្វះខាតរបស់ ប.ស.ស. ដើម្បីឱ្យក្រសួងអាចពង្រឹង សមត្ថភាព ក្នុងការបន្ដដំណើរឈានទៅមុខ កាន់តែល្អប្រសើរ ក្នុងការបម្រើ ផល ប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ។
ឯកឧត្តមលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយស្ដីពី ការអនុវត្ត របប សន្តិសុខ សង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យ និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជូនដល់សម្ព័ន្ធសហជីពជាតិ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា និងអង្គការកម្មវិធីអភិវឌ្ឍន៍ ធនធានយុវជននៅថ្ងៃទី២៤ ខែធ្នូ ២០២៣ ។
ឯកឧត្តមបន្ថែមថា ៖ ក្នុងនាម ប.ស.ស ជាសេនាធិការរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមស្វាគមន៍ រាល់កិច្ចសហប្រតិបត្តិការ ជាមួយ ភាគីសហជីព ក៏ដូចជាអង្គការសមាគមនានា ដើម្បីស្វែងរកដំណោះស្រាយ និង ធ្វើសកម្មភាពរួមគ្នាឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ជូនដល់កម្មករនិយោជិត និងប្រជាពលរដ្ឋ”។
បន្ថែមពីនេះ ឯកឧត្តមអគ្គនាយកស្តីទី បានរំលេចពីភាព សំខាន់របស់សហជីព អង្គការ និងសមាគមពាក់ព័ន្ធនានា ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាព ផ្សព្វផ្សាយអំពីសិទ្ធិ និងផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូន កម្មករនិយោជិត ក្នុងការទទួលបានការគាំពារ និងការយល់ដឹងកាន់តែច្បាស់ អំពី អត្ថប្រយោជន៍របបសន្តិសុខសង្គម៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ ក្រសួងការងារ






