ប្រធាន IOM សរសើរក្រសួងការងារលើយន្តការ ការពារ សិទ្ធិពលករ នៅក្រៅប្រទេស
ភ្នំពេញ៖ លោកស្រី Kristin Parco ប្រធានបេសកកម្ម របស់អង្គការអន្តរជាតិ ទេសន្តរ ប្រវេសន៍ (IOM) ប្រចាំកម្ពុជា បានកោតសរសើរក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចការគាំពារ និង លើកកម្ពស់សិទ្ធិពលករទសន្ត ប្រវេសន៍ ដោយអះអាងក្រសួងមានគំនិតផ្តួចផ្តើម និងយន្តការការពារជា ច្រើន ទាំងក្នុងប្រទេស កម្រិតតំបន់ និងអន្តរជាតិ ។
ថ្លែងក្នុងទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ លោកស្រីថា៖ ក្រោមការដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាមាន វឌ្ឍនភាព គួរឱ្យ កត់សម្គាល់ លើវិស័យការងារ និងពលករទេសន្តប្រវេសន៍ ដែល បានធ្វើឱ្យវិស័យនេះក្លាយជាយន្តការគន្លឹះជាអាទិភាពមួយក្នុងការលើកកម្ពស់ និងការពារសិទិ្ធពលករចំណាកស្រុក ។
តាមរយៈយន្តការនេះ កម្ពុជា បានលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើង នៅជីវភាព របស់ពលករតាមរយៈគំនិតផ្តួចផ្តើមជាច្រើន និងការពង្រឹងកិច្ចសហប្រតិបត្តិការ តំបន់ និងអន្តរជាតិ ។
លោកស្រី បានបន្តថា ពលករចំណាកស្រុកកម្ពុជា គឺជាកម្លាំងចលករ យ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេចដ្ឋកិច្ចជាតិតាមរយៈចំណូលប្រមាណ ២.២ពាន់លាន់ ដុល្លារ ក្នុងរយៈពេល ១ឆ្នាំៗ ខណៈដែលកម្ពុជា មានពលរដ្ឋចំណាកស្រុក ប្រមាណ ១.៣លាននាក់ ដែលកំពុងបម្រើការងារនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សឹង្ហបូរី កោះហុងកុង និងរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។
សម្រាប់លោកស្រី បើទោះបីជាបញ្ហាពលករចំណាកស្រុក ជាបញ្ហា អន្តរជាតិ និង មានភាពស្មុគស្មាញ ប៉ុន្តែក្នុងនាមIOM និងអង្គការអន្តរជាតិខាងការងារ(ILO) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការធ្វើ ចំណាក ស្រុកដោយស្របច្បាប់ ៕
អត្ថបទ ៖ វណ្ណលុក, រូបភាព ៖ ក្រសួងការងារ
