ជំរុញដល់សហគ្រាសធនតូច និង មធ្យម អនុវត្តនូវវិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈប្រព័ន្ធបច្ចេកវិទ្យាថ្មី
ខេត្តបាត់ដំបង៖ ដើម្បីលើកទឹកចិត្តដល់សហគ្រាសធនតូច និងមធ្យមក្នុ ងការចូលរួម អនុវត្តនូវវិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការប្រើបច្ចេកវិទ្យាថ្មីគឺជាការងារអាទិភាព ហើយក៏កំពុងបានទទួលការយកចិត្តទុកដាក់ពីសំណាក់ម្ចាស់សហគ្រាសកាន់តែច្រើនឡើង ។
តាមរយៈការអនុវត្តគម្រោងនេះដែរ គេឃើញថា សហគ្រាសធនតូច និងមធ្យមបានប្រើបច្ចេកវិទ្យាកាន់តែទំនើបក្នុងនេះដូចជាការធ្វើប្រព័ន្ធលូបង្ហូរទឹកសំណល់សម្រាប់ជួយកាត់បន្ថយទាំងសំណល់រឹង រាវ និងឧស្ម័ន ។ ការកសាងសង់ឡចំហាយជំនួសចង្រ្កានបែបបុរាណ ដោយក្នុងនេះបានជួយកាត់បន្ថយទាំងការប្រើប្រាស់អុស និងក្លិន ផ្សែងដែលធ្វើឱ្យដំណើរខ្សែច្រវាក់ការងារមិនត្រឹមតែស្អាតល្អទេនៅមានប្រសិទ្ធភាពខ្ពស់ផង ។
អ្នកស្រី ញ៉ែមចន្ទី នាយកយិកាក្រុមហ៊ុន អង្គរមាស ដែលមានទីតាំងស្ថិតនៅទីក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឱ្យដឹងក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានចំនួន ២៥ស្ថាប័ន ក្នុងយុទ្ធនាការបញ្រ្ជាបចំណេះដឹង ស្តីពី «ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា”ចាប់ពីថ្ងៃទី ២២ដល់២៤ ខែធ្នូ ឆ្នាំ ២០២៣ថា ៖ ដើម្បីអនុវត្តនូវគម្រោង និងក៏ដូចជាការអនុវត្តនូវវិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅសហគ្រាសអ្នកស្រីបានផ្លាស់ប្តូរមកប្រើប្រាស់នូវឧបករណ៍ទំនើបក្នុងនេះទាំងការផលិតអំបុក និងត្រីងៀតជាដើមដើម្បីចៀសវាងការបំពុលបរិស្ថាន ក៏ដូចជាការបង្កការប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ ។
អ្នកស្រីបានលើកឡើងដោយបញ្ជាក់ប្រាប់ដែរថា”ទាំងប្រព័ន្ធបញ្ចេញកាកសំណល់ ក្លិន និងពិសេសអនាម័យយើងបានអនុវត្តតាមស្តង់ដា។មកដល់កន្លែងសហគ្រាសខ្ញុំគ្មានក្លិន គ្មានផ្សែងបំពុល និងស្អាតអនាម័យល្អគឹយើងបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន”។
លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃក្រសួងបរិស្ថានបានឱ្យដឹងថា៖ ការឆ្លើយតបនឹងការប្រែប្រួលអាកាសថាតុ គឺជាបញ្ហាដ៏សំខាន់មួយដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀតកំពុងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំង ។ ក្នុងឆ្នាំ២០១០ កម្ពុជា បានបង្កើតគម្រោងមួយ គឺគម្រោងការប្រែប្រួលអាកាសធាតុដែលយើងបានអនុវត្ត តាំងតែពីដំណាក់កាលទី១ រហូតដល់ដំណាក់កាលទី៣ ។ ក្នុងការអនុវត្តគម្រោងការប្រែប្រួលអាកាសធាតុនេះ ក្រសួងបរិស្ថានបានឧបត្ថម្ភគាំទ្រពីសហគមន៍អឺរ៉ុប ពី UNDP និងប្រទេសស៊ុយអ៊ែត។តាមរយៈមូលនិធិនេះយើងបានអនុវត្ត គម្រោងទី៣នាពេលនេះមានចំនួន ២២គម្រោង ។ ក្នុងនេះយើងបានផ្តល់ដល់សហគ្រាសធនមធ្យម និងធនតូច។
លោកស្រីបានឱ្យដឹងបន្ថែមថា”ជាក់ស្តែងនៅថ្ងៃនេះយើងបានចុះមកដល់សហគ្រាស ផលិតទឹកត្រី និងសហគ្រាសផលិតអំបុក ត្រីងៀត ។ នេះជាឱកាសមួយដែលបានបង្ហាញអំពីតួនាទីការជំរុញ ដល់សហគ្រាសធនតូច និងធនមធ្យមដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ” ។
លោក ស្រី បញ្ជាក់បន្ថែមថា ”អញ្ចឹងគោលដៅរបស់យើងនេះគឺការចូលរួមអនុវត្តឧស្ម័នផ្ទះកញ្ចក់ក៏ដូចជាលើកទឹកចិត្តដល់សហគ្រាសធនតូច និងមធ្យមដើម្បី ឱ្យប្រើប្រាស់បច្ចេកវិទ្យាដែលមិនបង្កការប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាចូលរួមប្រើបច្ចេកវិទ្យាកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់”។សហគ្រាសធនតូច និងធនមធ្យមអាចចូលរួមអនុវត្តបានដោយធ្វើខ្លួនជាសហគ្រាសមានភាពស្អាត អនាម័យល្អ និងក្នុងនេះយើងឃើញថាការបង្កើតអាងទឹកប្រព្រឹត្តកម្មទឹកកខ្វក់ ការបំបាត់ក្លិន គ្មានផ្សែងបំពុលបរិស្ថានជាដើម ។
គួរបញ្ជាក់ថា ក្នុងចំណោមសិប្បកម្ម សហគ្រាសខ្នាតតូច និងមធ្យម ៩០0កន្លែងរបស់ខេត្តបាត់ដំបង ក្នុងនេះមានសហគ្រាសចំនួន៧បានអនុវត្តនូវគម្រោងថែរក្សាបរិស្ថាន អនាម័យ ចំណីអាហារ និង ការប្រែប្រួលអាកាសធាតុបានយ៉ាងជោគជ័យ ។ តាមរយៈនេះដែរ គេនឹងនាំយកទៅអនុវត្តដល់សិប្បកម្ម សហគ្រាសដទៃទៀតនៅថ្ងៃខាងមុខ ៕
អត្ថបទ៖ម៉ាដេប៉ូ, រូបភាព៖ គ្រី សម្បត្តិ





