ស្ត្រីវ័យ ៩០ឆ្នាំម្នាក់ ក្លាយជាសិស្សចំណាស់បំផុត​បានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ North Texas

អាមេរិក៖ ស្ត្រីវ័យ៩០​ឆ្នាំម្នាក់ទើបនឹងបានទទួលសញ្ញាបត្រអនុបណ្ឌិតរបស់ខ្លួនកាលពីពេលថ្មីៗនេះ ហើយកា​រ​ទទួ​ល​​សញ្ញាបត្រ​នេះ​បានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដោយលោកស្រីគឺជាមនុស្សមាន​វ័យចំណា​ស់បំផុត​ក្នុងកា​រ​បញ្ចប់វគ្គ​សិក្សា​នៅសាកលវិទ្យាល័យ North Texas។ នេះបើយោងតាមការឱ្យ​ដឹង​ពីមន្រ្តីសាកលវិទ្យាល័យ។​

បើ​តាមការឱ្យដឹងពីសាកលវិទ្យាល័យ លោកស្រី Minnie Payne អាយុ ៩០ឆ្នាំមានដើម​កំណើត​មក​ពីរដ្ឋ South Carolina ហើយ​បាន​បញ្ចប់កម្មវិធីសិក្សា​របស់ខ្លួនលើជំនាញអន្តរកម្ម តាមអ៊ីនធឺណិតក្នុងខែ​កក្កដា​ឆ្នាំ២០២៣នេះ។​

លោក Billy Roessler ជាទីប្រឹក្សានិស្សិតគ្រោងបញ្ចប់ការសិក្សានៅសាលា UNT’s Toulouse និងជា​ទីប្រឹ​ក្សា​​​របស់​លោកស្រី Payne បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ៖ «យើងតែងតែប្រើ​ពាក្យថា ការសិក្សាពេញមួ​យ​ជី​វិត ហើយពេលនេះ Payne បានបង្ហាញឱ្យយើងឃើញថាវា​ជាការ​ពិតមែន»។​ ​

លោក Billy Roessler បន្តឱ្យដឹងថា៖ «ការតស៊ូដើម្បីបញ្ចប់ការសិក្សារបស់លោកស្រីនៅអាយុ ៩០ គឺគួរឱ្យចាប់​អារម្មណ៍​ ហើយជាអ្វីដែលស្របតាម​គោល​បំណងលោកស្រីខ្លួនឯងផ្ទាល់ថែមទៀត»។​

លោកស្រី Payne ដែលបានសិក្សាផ្តោតលើការសរសេរបានធ្វើការជាអ្នកនិពន្ធឯករាជ្យ និងបុគ្គលិក​ជាច្រើ​ន​ឆ្នាំ​សម្រាប់រោងពុម្ពផ្សាយនៅទីក្រុង Dallas និងទីក្រុង Houston ព្រមជាមួយការងារមួយចំនួន​ផ្សេង​ទៀ​ត​នៅក្នុង​រដ្ឋ​តិចសាស់។​

លោកស្រី Payne បានរៀបរាប់ឱ្យដឹងថា ៖ «អ្នកនិពន្ធភាគច្រើនសរសេរដោយសារតែពួកគេចូលចិត្តវា ខ្ញុំធ្វើ​ក៏ព្រោះ​ស្រលាញ់វា ខ្ញុំធ្វើវាព្រោះវាដូចជាការព្យាបាលមួយ និងផ្តល់ឱ្យខ្ញុំនូវអ្វីថាមពលវិជ្ជមាន»។​

មុន​ទទួលបានសញ្ញាបត្រអនុបណ្ឌិត លោកស្រី Payne បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកសិក្សាទូទៅ នៅក្នុងឆ្នាំ ២០០៦ ពីសាកលវិទ្យាល័យ Texas Woman’s University។ មកទល់ពេលនេះ ទោះបីជា​មានសញ្ញាបត្រ​កម្រិតខ្ពស់​ពីរ​នៅអាយុ ៩០ឆ្នាំក៏ដោយក្តី តែលោកស្រីបញ្ជាក់ថាការអប់រំរបស់​ខ្លួនមិនទាន់​មកដល់ទីបញ្ចប់នោះទេ។​

បើយោងតាមកំណត់ត្រាពីសាកលវិទ្យាល័យបានឱ្យដឹងថា Payne ធំធាត់ឡើងនៅក្នុង ​សហគមន៍រោ​ងចក្រវាយន​ភណ្ឌ​ក្រីក្រមួយនៅក្នុងរដ្ឋ South Carolina​។ យុវតី Payne ​​បានបញ្ចប់ការសិក្សា​ថ្នាក់​វិទ្យាល័យ​​​នៅឆ្នាំ ១៩៥០ ហើយ​បានចូល​សិក្សាត្រឹមរយៈពេលខ្លីនៅមហាវិទ្យាល័យតូចមួយ មុនពេល​ចាប់ផ្តើ​ម​ប្រលោកក្នុងការងារជាស្មៀនរបស់​ក្រុមហ៊ុន​អចលនទ្រព្យមួយ។​

ក្នុងឆ្នាំ ១៩៦១ លោកស្រីបានរៀបការជាមួយស្វាមីឈ្មោះ Dale និងបានចូលធ្វើការ ជាអ្នករាយការណ៍​របស់​តុលាការ South Carolina Industrial Commission រហូតដល់កូនរបស់ខ្លួនកើតមកទើបឈប់ធ្វើ​ការងារនោះ​។ បន្ទាប់​ពី​ធ្វើជាមេផ្ទះប៉ុន្មានឆ្នាំ លោកស្រីបានងាកមកបន្តការងារជាគ្រូបង្រៀនជំនួសវិញ។​

ក្រោយមក គ្រួសាររបស់លោកស្រីបានផ្លាស់ទីទៅរស់នៅរដ្ឋផ្សេងៗគ្នា មុនពេលដែលទីបំផុតបានតាំងទី​លំ​នៅ​​អចិន្ត្រៃយ៍​នៅទីក្រុង Carrollton រដ្ឋ Texas ។ ក្រោយមកទៀត លោកស្រីបានបន្តការងារ​ជាអ្នកបក​ប្រែ និ​ង​សរសេរ​អត្ថបទអស់រយៈ ៣០ឆ្នាំ រហូតបាន​ចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័​យ Texas Woman’s University។ លោកស្រី​​បានចូលរៀនផ្នែកសារព័ត៌មាន និង​អាជីវកម្ម​ ដោយជោគជ័យហើយ​បន្ត​​សិក្សា​ថ្នាក់​អនុបណ្ឌិតផ្នែកសារព័​ត៌​មានដដែល ប៉ុន្តែក្រោយ​មក​បាន​ផ្លាស់​​ទៅ​ជំនាញ​សិក្សា​អន្តរកម្មវិ​ញ​។​​​

យ៉ាងណាក្រោយបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត លោកស្រី Payne ​និយាយ​ថាខ្លួន​មាន​អារម្មណ៍​ថា​ការ​បន្តការសិក្សា​ថ្នាក់​អនុបណ្ឌិតនេះបានឱ្យ​ខ្លួន និង​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង៕​

ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ 90-year-old woman becomes oldest student to complete coursework at the University of North Texas

https://edition.cnn.com/2023/12/24/us/university-north-texas-oldest-student-coursework-trnd/index.html?Date=20231224&Profile=CNN+International&utm_content=1703426460&utm_medium=social&utm_source=facebook&fbclid=IwAR1eh4Y2Qe2Siaiq4D1O9_-4GbkHpZ5COsDkizUiibvt8H1kdiRgjDEVabU_aem_AbORdSf8aUJeC1GguUMoojGuHRwQ7_if47pawn52oHDAnqMEO3go9QYcb0YNvFjf_xI

ads banner