អ៊ីរ៉ង់កោះហៅអ្នកការទូតរុស្ស៊ី ជុំវិញសេចក្តីថ្លែងការណ៍ស្តីពីប្រជុំកោះជម្លោះនៅឈូងសមុទ្រពែក្ស

តេហេរ៉ង់៖ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​​ IRNA ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៤ ខែ​ធ្នូ​ ឆ្នាំ២០២៣ថា​ ​​អ៊ីរ៉ង់​បាន​កោះ​ហៅ​​បេសកជន​​ការ​ទូត​រុស្ស៊ី​ ​​​បន្ទាប់​ពី​ទី​ក្រុ​ង​មូស្គូ​ និង​បណ្តា​ប្រទេស​អារ៉ាប់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​កាល​ពី​ដើម​សប្តាហ៍​នេះ​ ប្រឆាំង​នឹង​ការ​ទាមទារ​របស់​អ៊ីរ៉ង់​លើ​កោះ​ជម្លោះ​​​នៅ​ឈូង​សមុទ្រ​ពែក្ស​។​ នេះ​បើ​តាម​ការ​រាយការណ៍​បន្ត​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

IRNA ​ផ្សាយ​ថា​ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​កោះ​ហៅ​​បេសកជន​រុស្ស៊ី​​​​កាល​ពី​ថ្ងៃ​សៅរ៍​ ហើយ​បាន​ប្រគល់​លិខិត​មួ​យ​​ជូន​ទៅ​កាន់​​រដ្ឋាភិបាល​រុស្ស៊ី​ ដើម្បី​ប្រឆាំង​តវ៉ា​នឹង​​សេចក្តី​ថ្លែងការណ៍ចេញ​ពី​​វេទិកា​សហប្រតិបត្តិការ​អារ៉ាប់​-​រុស្ស៊ី​លើក​ទី​៦​ ដែល​​អំពាវ​នាវ​ឱ្យ​មាន​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​​រវាង​អ៊ីរ៉ង់​ និង​​អេមីរ៉ាត់​អារ៉ាប់​រួម​លើ​កោះ​ជម្លោះ​។

ដាច់​ដោយ​ឡែក​ពី​ការ​កោះ​ហៅនេះ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​លោក​ Hossein Amirabdollahian ​បាន​ប្រាប់​សម​ភាគី​រុស្ស៊ី​​​តាម​ទូរសព្ទ​ថា​ «​ការ​គោរព​អធិបតេយ្យ​ភាព​ និង​បូរណភាព​របស់​ប្រទេស​ គឺ​ជា​គោលការណ៍​ជា​មូលដ្ឋាន​ក្នុង​ទំនាក់​ទំនង​រវាង​ប្រជាជាតិ​ទាំង​ពីរ។ ​

គេ​មើល​ឃើញ​ថា​ ​នេះ​​​ជា​​លើក​​​ទី​​២​​ហើយ​​នៅ​​ឆ្នាំ​ ២០២៣ ​ដែល​​អ៊ីរ៉ង់​​បាន​កោះ​ហៅ​​​ប្រេសិត​​រុស្ស៊ី​ ដើម្បី​ប្រ​ឆាំង​​តវ៉ា​​ជុំ​វិញ​​ការ​​អត្ថា​ធិប្បាយ​​លើ​​កោះ​​ជម្លោះ។​ ទីក្រុង​តេហេរ៉ង់​ បាន​កោះ​ហៅ​ឯកអគ្គ​រដ្ឋ​ទូត​រុស្ស៊ី​កាល​ពី​ខែ​កក្កដា​ ជុំ​វិញ​​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ស្រដៀង​គ្នា​នេះ​។​

​ជម្លោះ​ការ​ទូត​ គឺ​ជា​រឿង​ដ៏​កម្រ​មួយ​ រវាង​រុស្ស៊ី​ និង​អ៊ីរ៉ង់​ ដោយ​សារ​តែ​​ប្រទេសដែល​រង​ទណ្ឌកម្ម​លោក​ខាង​លិច​​ទាំង​​២​មាន​ទំនាក់​ទំនង​យ៉ាង​ស៊ីជម្រៅ​ ជា​ពិសេស​រាប់​តាំង​ពី​រុស្ស៊ី​​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន​​។ ​អ៊ីរ៉ង់​បាន​ផ្គត់​ផ្គង់ដ្រូន​​ដល់​ប្រទេស​រុស្ស៊ី​ ដើម្បី​យក​ទៅ​ប្រើ​បប្រាស់​ក្នុង​សង្រ្គាម​។ប្រទេស​ទាំង​​ពីរ​ ក៏​ជា​អ្នក​គាំទ្រ​ដ៏​សំខា​ន់​សម្រាប់​​​ប្រធានាធិបតី​​ស៊ីរី​ លោក​ Bashar Assad ​​ក្នុង​សង្គ្រាម​ស៊ីវិល​របស់​ប្រទេស​នេះ​​ផង​ដែរ​។​

​ពាក់​ព័ន្ធ​នឹង​កោះ​ជម្លោះ​នៅ​ឈូង​សមុទ្រ​ពែក្ស​ រុស្ស៊ី​មិន​មែន​ជា​ប្រទេស​ជាមិត្ត​តែ​មួយ​ដែល​អ៊ីរ៉ង់​កោះ​ហៅ​ប្រេសិត​នោះ​ទេ​។នៅ​ឆ្នាំ​ ២០២២​ អ៊ីរ៉ង់​បាន​កោះ​ហៅ​បេសកជន​ការ​ទូត​របស់​ចិន​ ជុំ​វិញ​​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ស្រដៀង​គ្នា​ជាមួយ​ប្រទេស​អារ៉ាប់​។​

​អ៊ីរ៉ង់​បាន​កាន់​កាប់​កោះ​ជម្លោះ​​​ ៣​ រួម​មាន​កោះ​ Abu Musa កោះ​ Greater Tunb ​និង​កោះ​ Lesser Tunb ​បន្ទាប់​ពី​កង​កម្លាំង​អង់គ្លេស​បាន​ដក​ខ្លួន​នៅ​ឆ្នាំ​ ១៩៧១​។  ​អ៊ីរ៉ង់​បាន​ចាត់​ទុក​កោះ​ទាំង​នេះ​ថា​ជា​ផ្នែក​មួយ​នៃ​ទឹ​ក​ដី​របស់​ខ្លួន​ «ដែល​​មិន​អាច​បំបែក​ចេញ​បាន» ​ដោយ​វា​ជា​ទឹក​ដី​នៃ​​រដ្ឋ​ពែក្ស​​តាំង​ពី​សម័យ​​បុរាណ​​រហូត​ដល់​អង់គ្លេស​ចាប់​ផ្ដើម​កាន់​កាប់​នៅ​ដើម​​សតវត្ស​ទី​ ២០​។​​​ប៉ុន្តែ​​អេមីរ៉ាត​អារ៉ាប់​រួម​ ក៏​ទាមទារ​កោះ​ទាំង​៣​នេះ​ផង​ដែរ​ ហើយ​បាន​ទាម​ទារ​​ជា​យូរ​មក​ហើយ​ឱ្យ​មាន​ការ​ចរចា​រក​​ដំណោះ​ស្រាយ​។ ​

​គួរ​​បញ្ជាក់​ថា កោះ​ទាំ​​ង​​បី​គ្រប​ដណ្តប់​លើ​ផ្លូវ​ទៅ​កាន់​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​ Hormuz ​ដែល​ជា​ផ្លូវ​ទឹក​ដ៏​សំខាន់​ ដោយ​ ១ភាគ៥ នៃ​ប្រេង​ផ្គត់​ផ្គង់​​​ពិភព​លោក ត្រូវ​បាន​គេ​ដឹក​ឆ្លង​កាត់​ផ្លូវមួយ​​នេះ​​៕​

ប្រែសម្រួល៖ហួន ឌីណា

ads banner