ស្រីលង្កាចាប់ខ្លួនមនុស្សជិត ១៥ ០០០ នាក់ ក្នុងការបង្រ្កាបគ្រឿងញៀន

កូឡុំបូ៖ប៉ូលិស​ស្រី​លង្កា​បាន​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​២៤​ ខែ​ធ្នូ​​ ​​បាន​ចាប់​ខ្លួន​មនុស្ស​​ជិត​ ១៥ ០០០ នាក់​ ​​ក្នុង​អំឡុង​ចុះ​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន​រយៈ​ពេល​មួយសប្ដាហ៍​កន្លង​មក​។នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នា​ក់ងារ​សារព័ត៌មាន​ AFP ដែល​ថា​ ការ​បង្រ្កាប​នេះ​រង​ការ​រិះ​គន់​ពី​សកម្ម​ជន​សិទ្ធិ​មនុស្ស​។ ​

​ប៉ូលិស​​និយាយ​ថា​ ប្រតិបត្តិការ​​​ «Yuktiya» ​​ឬ​ «​យុត្តិធម៌»​ បាន​​​រឹប​អូស​ថ្នាំ​ញៀន​ជិ​​ត​ ៤៤០ ​គីឡូក្រាម​ រួម​ទាំង​កញ្ឆា​ ២៧២ ​គីឡូក្រាម​ ,ហាស៊ីស ​៣៥ ​គីឡូក្រាម​ និង​ហេរ៉ូអ៊ីន​ ៩​ គីឡូក្រាម​។​ ប៉ូលិស​​ជឿ​ថា​ ​ប្រទេស​ស្រីលង្កា​​ត្រូវ​​បាន​​​គេ​​​ប្រើ​ប្រាស់​​ជា​ច្រក​​​ជួញ​ដូរ​​គ្រឿង​ញៀន​។

បើតាម​សេចក្ដី​ថ្លែងការណ៍​របស់​ប៉ូលិស​មនុស្ស​ទាំងជិត​ ១៥ ០០០ នាក់​ មាន​ជន​សង្ស័យ​ ១៣ ៦៦៦ នាក់​ត្រូវ​បាន​ខ្លួន​ ខណៈ​អ្នក​សេព​គ្រឿងញៀន​ជិត​ ១ ១០០ នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ហើយ​​​បញ្ជូន​ទៅ​​​មណ្ឌល​​កែ​ប្រែ​គ្រប់​គ្រង​ដោយ​យោធា​។​

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​ បាន​​បង្ហាញ​ពី​ខ្សែ​វិដេអូ​ដែល​​ប៉ូលិស​ និង​ទាហាន​ស្រីលង្កា​ ដែល​រួម​សហការ​ក្នុង​ការ​បង្រ្កាប​ជាមួយ​គ្នា ប្រើ​ឆ្កែ​ដើម្បី​ហិត​ខ្លិន​ ដើម្បី​ឆែក​ឆេរ​កន្លែង​ផ្សេង​ៗ​ជា​ពិសេ​ស​ក្នុង​រដ្ឋ​ធានី​កូឡំបូ​។ បើ​តាម​ប៉ូលិស​ ​​ការ​បង្រ្កាប​​ត្រូវ​ផ្អាក​សិន​នៅ​ថ្ងៃ​​ឈប់​សម្រាក​បុណ្យ​ណូអែល​ ដោយ​សារ​តែ​​​ត្រូវ​ការ​មន្រ្តី​មាន​ស​ម​ត្ថកិច្ចដើម្បី​ដាក់​ពង្រាយ​​ការពារ​សន្តិសុខ​ មុន​នឹង​បន្ត​ប្រតិការ​បង្រ្កាប​ឡើង​​វិញ​នៅ​ថ្ងៃ​អង្គារ​។ ​

គេ​មើល​ឃើញ​ថា​ ការ​បង្រ្កាប​គ្រឿង​ញៀន​របស់​អាជ្ញាធរ​ស្រីលង្កា​ បាន​រង​ការ​រិះ​គន់​​ពី​ក្រុម​សិទ្ធិ​មនុស្ស​។ ​​ស​កម្មជន​សិទ្ធិ​មនុស្ស​ស្រីលង្កា​ លោក​ស្រី​ Ambika Satkunanathan ​បាន​​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គ​ម​ថា​ ​ការ​ស្វែង​រក​របស់​ប៉ូលិស​ មិន​ផ្អែក​លើ​ភស្តុតាង​ទេ​ ប៉ុន្តែ​ដាក់​​គោលដៅ​តែ​លើ​តំបន់​ក្រីក្រ​​។ លោក​ស្រី​បន្ថែម​ថា​ ​ប៉ូលិស​​​​ចាប់​​ខ្លួន​​អ្នក​​ប្រើ​​ប្រាស់​​គ្រឿង​​ញៀន​ និង​​អ្នក​​ជួញ​​ដូរ​​តូច​តាច ​ប៉ុន្តែ​​មិន​​ផ្តោត​​លើ​​អ្នក​​ជួញ​​ដូរ​​ទ្រង់​ទ្រាយ​​ធំ​​ៗ​​ទេ​​៕​

ប្រែសម្រួល៖ហួន ឌីណា

ads banner