ក្បួនជនចំណាកស្រុកចំណាយពេលវេលាបុណ្យណូអែលរបស់ខ្លួននៅលើដងផ្លូវគ្មានទីជម្រកដើម្បីធ្វើដំណើរទៅព្រំដែនអាមេរិក
ម៉ិកស៊ីកូ៖ជនចំណាកស្រុករាប់ពាន់នាក់បានធ្វើដំណើរទៅដល់ទីក្រុងAlvaro Obregon នៅភាគខាងត្បូងនៃប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី២៤ ខែធ្នូ ហើយបានចំណាយពេលវេលាបុណ្យណូអែលរបស់ខ្លួននៅលើទីលានសាធារណៈដោយគ្មានទីជម្រក មុនពេលបន្តដំណើរទៅភាគខាងដើម្បីឆ្លងប្រទេស និងឆ្ពោះទៅកាន់ព្រំដែនសហរដ្ឋអាមេរិក។
ក្រុមជនចំណាកស្រុកដែលភាគច្រើនមកពីអាមេរិកកណ្តាល និងតំបន់ការាបៀនភាគច្រើនបានដើរចម្ងាយ ១៥ គីឡូម៉ែត្រពីទីក្រុង Tapachula ភាគខាងត្បូងព្រំដែនម៉ិកស៊ិក ដើម្បីឆ្ពោះទៅទីក្រុង Alvaro Obregon ព្រមជាមួយនឹងគម្រោងចេញដំណើរម្តងទៀតនៅម៉ោងបួនភ្លឺនៅថ្ងៃបន្ទាប់។
សកម្មជនសិទ្ធិជនចំណាកស្រុក លោក Luis Garcia Villagran បានជំរុញថាជនចំណាកស្រុកមិនគួរត្រូវបានក្លាយជាឧបករណ៍នយោបាយសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនាពេលខាងមុខនោះទេ ដោយលោកអះអាងថា ក្រុមរបស់ខ្លួននឹងបន្តដើរ ដោយមិនឈប់នោះទេ។
បើតាមអាជ្ញាធរមូលដ្ឋានបានប៉ាន់ប្រមាណថាទំហំនៃក្បូនដើរនេះមានមនុស្សជាមធ្យមប្រហែលប្រាំបីពាន់នាក់ក្នុងមួយថ្ងៃ។ បើតាមសាក្សីម្នាក់ដែលធ្វើដំណើរជាមួយក្បូននេះបានថ្លែងប្រាប់សារព័ត៌មាន Reuters ថា ជនចំណាកស្រុកភាគច្រើនមកពីអាមេរិកកណ្តាល និងខាងត្បូង ហើយក៏មានតំបន់ការីប៊ីនផងដែរ។
ចំណែកជនចំណាកស្រុកជនជាតិហៃទីម្នាក់ឈ្មោះ Ysguel Jean ដែលកំពុងកាន់ឈើឆ្កាងពណ៌សជាមួយអក្សរ «ព្រះយេស៊ូគ្រីស្ទ» បាននិយាយថាលោកបានចាកចេញពីប្រទេសកំណើតដោយសារតែបញ្ហាឧក្រិដ្ឋកម្មនិងអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់ ហើយម្យ៉ាងដោយសារតែលោកចង់ឱ្យកូនស្រីទាំងពីររបស់ខ្លួនមានអនាគតប្រសើរជាងនេះ។
លោក Ysguel Jean បញ្ជាក់ថា ៖ «បីខែនៅទីក្រុង Tapachula ខ្ញុំព្យាយាមស្នើសុំឯកសារហើយខ្ញុំនៅតែគ្មានលទ្ធផលអ្វីសោះ ខ្ញុំធុញទ្រាន់នឹងការរង់ចាំនៅ Tapachula ពួកយើងឃ្លាន ហើយមិនអាចរកប្រាក់ចំណូលបានសោះឡើយ។ ដូចអ្នកដទៃដែរ ខ្ញុំចង់ទៅដល់ទឹកដីសហរដ្ឋអាមេរិក»។
គួរជម្រាបថា កាលពីឆ្នាំ២០១៨ និង២០១៩ ក្បួនដើរធំៗភាគច្រើនជាជនជាតិអាមេរិកកណ្តាលបានឆ្លងកាត់ម៉ិកស៊ិកទៅដល់សហរដ្ឋអាមេរិក ហើយប៉ុន្មានឆ្នាំថ្មីៗកន្លងទៅនេះ សកម្មភាពទាំងនេះត្រូវបានបន្តដោយក្រុមដើរតូចៗ។ ចំណែកកាលពីឆ្នាំមុន ចំនួនជនចំណាកស្រុកដែលព្យាយាមឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិកដោយខុសច្បាប់ក៏មានច្រើសន្ធឹកសន្ធាប់ផងដែរ៕
ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ
