ស៊ែប៊ី៖ មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មនៅក្រុងបែលក្រាដ ទាមទារឱ្យលុបចោលលទ្ធផលបោះឆ្នោត
ស៊ែប៊ី៖មនុស្សរាប់ពាន់នាក់កាលពីល្ងាចថ្ងៃអាទិត្យ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលស៊ែប៊ី នៅកណ្តាលក្រុងបែលក្រាដ ដោយទាមទារឱ្យមានការលុបចោលនូវលទ្ធផលនៃការបោះឆ្នោតសភា និងការបោះឆ្នោតថ្នាក់មូលដ្ឋាន កាលពីមួយសប្ដាហ៍មុន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
បាតុកម្មតវ៉ានេះរៀបចំឡើងដោយគណបក្សប្រឆាំងចាញ់ឆ្នោត គឺគណបក្សស៊ែប៊ីប្រឆាំងអំពើហិង្សា (SPN)។ វាធ្វើឡើងបន្ទាប់ពីលទ្ធផលបឋមរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតរដ្ឋ បានបង្ហាញថា គណបក្សរីកចម្រើននិយមស៊ែប៊ី (SNS) ដែលកំពុងកាន់អំណាច បានឈ្នះការបោះឆ្នោត។ ប៉ុន្តែក្រុមអ្នករិះគន់ និងអ្នកសង្កេតការណ៍អន្តរជាតិបានអះអាងថា ការបោះឆ្នោតនោះ ប្រព្រឹត្តទៅដោយអយុត្តិធម៌ ដោយសារតែភាពលំអៀងនៃប្រព័ន្ធផ្សព្វផ្សាយការជះឥទ្ធិពលមិនស្មើភាពរបស់លោកប្រធានាធិបតី Aleksandar Vucic និងភាពមិនប្រក្រតីនៃការបោះឆ្នោតដូចជាការទិញសន្លឹកឆ្នោតជាដើម។
ក្នុងបាតុកម្មកាលពីថ្ងៃអាទិត្យ ហ្វូងមនុស្សបាននាំគ្នាសម្រុកទម្លុះចូលទៅក្នុងសាលាក្រុងបែលក្រាដ ដែលជាទីស្នាក់ការរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋាន មុនពេលប៉ូលិសកុបកម្មបង្រ្កាបដោយប្រើគ្រាប់បែកបង្ហៀរទឹកភ្នែក ដើម្បីរំលាយហ្វូងបាតុករ។
បាតុករខ្លះបានឡើងលើអគារសាលាក្រុង វាយ និងគប់បំបែកកញ្ចក់បង្អួច ខណៈខ្លះទៀត បានស្រែកហៅ លោក Vucic ថាជាចោរ។ មេដឹកនាំបក្ស SPN ២នាក់ គឺលោក Srdjan Milivojevic និងលោក Vladimir Obradovic បានព្យាយាមបើកទ្វារចូលអគារសាលាក្រុង ប៉ុន្តែបើកមិនបាន។ គេមិនឃើញមានរបាយការណ៍ស្ដីពីជនរងគ្រោះណាមួយនោះទេ។
ប្រតិកម្មទៅនឹងការណ៍នេះ លោក Vucic ដែលអះអាងថាការបោះឆ្នោតប្រព្រឹត្តទៅដោយស្មើភាពគ្នានោះ បាននិយាយនៅល្ងាចថ្ងៃអាទិត្យ ថា អាជ្ញាធរចេញចំណាត់ការលើបាតុករយ៉ាងស្ងៀមស្ងាត់ ដើម្បីកុំឱ្យនរណាម្នាក់រងការឈឺចាប់។ លោកបន្តថា៖ «គ្មានបដិវត្តន៍ពណ៌ណាកើតឡើងទេ។ យើងកំពុងព្យាយាមដោះស្រាយគ្រប់យ៉ាងដោយសន្តិវិធី»។
លោក Vucic និយាយថា បាតុកម្មដដែលរៀបចំឡើងដោយមានជំនួយពីបរទេស មុនបន្ថែមថា មនុស្សជាង ៣៥ នាក់ត្រូវបានចាប់ខ្លួន ហើយការចាប់ខ្លួននៅមានបន្តទៀត។
គួរបញ្ជាក់ថា បើតាមលទ្ធផលឆ្នោតពីគណៈកម្មាធិការរៀបចំការបោះឆ្នោតរដ្ឋស៊ែប៊ី គណបក្សកាន់អំណាច SNS ទទួលបានសំឡេងគាំទ្រភាគច្រើន ៤៦,៧២ ភាគរយ គណបក្សប្រឆាំង SPN ទទួលបានសម្លេងគាំទ្រ ២៣,៥៦ ភាគរយ ខណៈគណបក្សសង្គមនិយមស៊ែប៊ី ទទួលបានសំឡេងគាំទ្រ ៦,៥៦ ភាគរយ៕
ប្រែសម្រួល៖ហួន ឌីណា