រាជរដ្ឋាភិបាលកំពុងរៀបចំកែសម្រួលលក្ខខណ្ឌមួយចំនួន ក្នុងការអនុញ្ញាតឱ្យនាំចូលសាច់បង្កក ដើម្បីពង្រឹងគុណភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងរៀបចំកែសម្រួលលក្ខខណ្ឌមួយចំនួន ក្នុងការអនុញ្ញាតឲ្យនាំចូលសាច់បង្កក ដើម្បីពង្រឹងអំពីគុណភាពសាច់ និងជៀសវាងអ្នកណាក៏អាចសុំនាំចូលសាច់បង្កកបាន។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់វេទិកាផ្សព្វផ្សាយពីវិធានការ សម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ។ សន្និសីទនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នាសាលាជាតិគយ ដោយមានការចូលរួមពីមន្ត្រីគយនិងរដ្ឋាករចំនួន ៩០រូប និងតំណាងសភាពាណិជ្ជកម្ម សមាគមធុរកិច្ច ធុរជន និងជើងសាគយសរុបចំនួន ៣៥០ រូប។

ឯកឧត្តម បណ្ឌិត គុណ ញឹម បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា សម្រាប់វិធានការចំពោះមុខ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងបន្ដធ្វើការងារនៅក្នុងការបង្ក្រាប ការនាំចូលសាច់ ដែលខូចគុណភាព និងខុសច្បាប់ យើងស្នើទៅរាជរដ្ឋាភិបាល ក្នុងការកំណត់ អ្នកដែលអាចមានសិទ្ធិនាំចូលសាច់បង្កក ត្រូវតែមានឃ្លាំងត្រជាក់, អាជីវកម្មច្បាស់លាស់ ដើម្បីជៀសវាងអ្នកណា ក៏អាចសុំនាំចូលសាច់បង្កកបាន។

ថ្លែងនាឱកាសក្នុងវេទិការនេះ ឯកឧត្តម អគ្គនាយក បានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ មានសកម្មភាពផ្សព្វផ្សាយ នៅក្នុងបណ្ដាញសង្គមជាច្រើន ពាក់ព័ន្ធនឹងការចុះទៅត្រួតពិនិត្យឃ្លាំងសាច់បង្កក។ ឯកឧត្តមថា អនុក្រឹត្យ១៧ បច្ចុប្បន្នដែលនៅជាធរមាននេះ គឺការនាំចេញ-ចូលសាច់បង្កក មិនតម្រូវឲ្យសុំលិខិតអនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទេ។ អនុក្រឹត្យ១៧ ចែងច្បាស់ថា សាច់បង្កកនាំចូល គឺតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពសត្វ ដែលចេញដោយប្រទេសនាំចេញ។ ដូច្នេះនៅពេលខាងមុខ អ្នកនាំចូលសាច់បង្កក ត្រូវតែមានលិខិតអនុញ្ញាត ចេញដោយក្រសួងកសិកម្ម ហើយច្រកអន្តរជាតិដែលនាំចូលសាច់បង្កក ក៏ត្រូវកំណត់ឱ្យបានច្បាស់លាស់ផងដែរ។

មានប្រសាសន៍ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កកនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានពន្យល់ទៀតថា អ្នកចិញ្ចឹមសត្វត្រូវគិតគូរអំពីអាជីវកម្មរបស់គាត់ ប៉ុន្ដែរាជរដ្ឋាភិបាលគិតគូរ មិនមែនតែអ្នកចិញ្ចឹមសត្វនោះទេ រាជរដ្ឋាភិបាល ត្រូវគិតគូរពីអ្នកហូបសាច់ផងដែរ។ បើចិញ្ចឹមសត្វមិនគ្រប់ វាត្រូវតែនាំចូលដើម្បីមកបង្គ្រប់ទីផ្សារ កុំឱ្យអតិផរណាសត្វ ឬសាច់ឡើងថ្លៃ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មអន្ដរជាតិ គឺវាស្ថិតនូវក្នុងវិធានដែលមានចែង នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះអ្នកនាំចូលសាច់ បើគោរពអនុលោមភាព គឺមានសិទ្ធិនាំចូល មកចែកចាយ។

ទន្ទឹមនោះ ឯកឧត្តមបន្ដឱ្យដឹងទៀតថា ការនាំចូលសាច់បង្កក គឺមានការនាំចូលពីប្រទេសអូស្ដ្រាលី, អាមេរិក, រុស្សី, ប្រេស៊ីល, ជប៉ុន ជាពិសេសប្រទេសឥណ្ឌា។ ហើយកម្ពុជា មិនមែនមានតែទីផ្សារនោះទេ គឺមានសណ្ឋាគារផ្កាយ ៥, ភោជនីយដ្ឋានលំដាប់ខ្ពស់ ដែលត្រូវផ្គត់ផ្គង់សាច់គុណភាពកម្រិតខ្ពស់ដល់ភ្ញៀវ។ ដូច្នេះវិធានការពាក់ព័ន្ធនឹងសាច់បង្កក ត្រូវគិតគូរសាជាថ្មី ពីព្រោះថា ត្រូវពង្រឹងការគ្រប់គ្រង ហើយសម្រាប់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កន្លងមកបានបង្ក្រាប ការនាំចូលសាច់បង្កកខូចគុណភាពជាច្រើនករណី ព្រោះមានជនខិលខូច នាំចូលសាច់បង្កកតាមច្រករបៀង៕អត្ថបទលីដា,រូបភាពឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner