កត្តាសំខាន់ចំនួន៣ ជាហេតុធ្វើឱ្យការប្រមូលចំណូលពន្ធគយឆ្នាំនេះមិនគ្រប់តាមផែនការ

ភ្នំពេញ៖ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ នៅក្នុងឆ្នាំ២០២៣នេះ សម្រេចមិនបានគ្រប់តាមផែនការនោះទេ ពោលតាមការប៉ាន់ស្មាន ការប្រមូលចំណូលពន្ធគយឆ្នាំនេះ បានសម្រេច ប្រមាណជាង ៨២%នៃផែនការដែលបានកំណត់ដោយច្បាប់ថវិកាជាតិ ឆ្នាំ២០២៣។នេះបើតាមការថ្លែងដោយ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់វេទិកាផ្សព្វផ្សាយវិធានការ សម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នាសាលាជាតិគយ។

បើតាមផែនការកំណត់ដោយច្បាប់ថវិកាជាតិ ឆ្នាំ២០២៣ តម្រូវឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលឱ្យបានប្រមាណ ២៨០០លានដុល្លារ ដូច្នេះបើសម្រេចបាន ៨២ភាគរយ ស្មើនឹងប្រមាណ ២៥០០លានដុល្លារ។ ឯកឧត្តមបានពន្យល់យ៉ាងដូច្នេះថា កត្តាសំខាន់ចំនួន៣ ដែលបណ្តាលឱ្យការប្រមូលពន្ធគយថមថយ មិនគ្រប់តាមផែនការ គឺទី១. ការអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម ដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយ បណ្តាប្រទេសផ្សេងៗ ហើយកម្ពុជាបានផ្តល់នូវការអនុគ្រោះពន្ធដល់សូន្យ សម្រាប់មុខទំនិញមួយចំនួន ដល់ប្រទេសភាគីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ហេតុនេះហើយទើបធ្វើឱ្យចំណូលពន្ធគយរបស់កម្ពុជា មានការធ្លាក់ចុះជាបន្តបន្ទាប់។

ជាក់ស្តែងនៅឆ្នាំ២០២៣ ចំណូលពន្ធគយ ដែលបានបាត់បង់ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ប្រមាណជិត ៤០០លានដុល្លារ។ ទី២.កត្តាការអភិវឌ្ឍន៍សេដ្ឋកិច្ច ឧស្សាហកម្ម ផលិតកម្ម កម្មន្តសាល របស់កម្ពុជាកាន់តែរីកចម្រើនទៅមុខ បានធ្វើឱ្យកម្ពុជាមានលទ្ធភាពផលិតនូវទំនិញមួយចំនួនជំនួសការនាំចូល ពោលគឺកាលពី១៥ឆ្នាំមុន កម្ពុជានាំចូលច្រើន ដែលនាំឱ្យការប្រមូលពន្ធគយទទួលបានច្រើន ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាបានកាត់បន្ថយការនាំចូលទំនិញប្រភេទមួយចំនួន ដូច្នេះហើយទើបការប្រមូលចំណូលថយចុះ។ ទី៣. ការបើករោងចក្រ ដំឡើងយានយន្តនៅកម្ពុជា ជាបន្តបន្ទាប់ ក៏ជាកត្តាដែលជះឥទ្ធិពល ដល់ការប្រមូលចំណូលផងដែរ។

ឯកឧត្តមបានពន្យល់បន្តថា បើនិយាយពីរចនាសម្ព័ន្ធចំណូលសារពើពន្ធ កម្ពុជាស្ថិតនៅក្នុងស្ថានភាពផ្លូវត្រឡែងកែង ដែលមានការប្រែប្រួលរចនាសម្ព័ន្ធចំណូលរបស់រដ្ឋ។ កន្លងមកអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ប្រមូលចំណូល បានច្រើន អាចចាត់ទុកថាជាអង្គភាពមួយប្រមូលចំណូលសារពើពន្ធបានច្រើនជាងគេ នៅក្នុងចំណោមអង្គភាពដែលមានភារៈទទួលការប្រមូលចំណូលនេះ ប៉ុន្តែចាប់ពីឆ្នាំ២០២០មក យើងដឹងហើយថាមានការធ្លាក់ស្រុតខ្លាំង។ ឆ្នាំ២០១៩ ចំណូលរបស់គយ គឺខ្ពស់បំផុត បន្ទាប់មក ២០២០ស្រុតដោយសារកូវីដ១៩, ២០២១ក៏បន្ត, ២០២២យើងប្រមូលចំណូលបានលើសផែនការបន្តិច ហើយឆ្នាំ២០២៣នេះ ប្រមូលបានប្រមាណជាង៨២% នៃផែនការដែលមានចែងនៅក្នុងច្បាប់ថវិកា»។

បើទោះជាយ៉ាងណាក៏ដោយឯកឧត្តមលើកឡើងថា ការប្រមូលពន្ធគយធ្លាក់ចុះនេះ មិនមែនជារឿងអាក្រក់នោះទេ។ ដោយឯកឧត្តមថា ការប្រមូលចំណូលគយធ្លាក់ចុះ មួយផ្នែកយល់ថា ជាបញ្ហាប្រឈម ប៉ុន្តែក៏ត្រូវមើលមួយជ្រុងទៀតដែរ គឺផលិតកម្មក្នុងស្រុក មានការរីកចម្រើនជាងមុន ដែលជំរុញឱ្យសេដ្ឋកិច្ចកើនឡើង និងបង្កើនការងារជាច្រើនដល់ពលរដ្ឋកម្ពុជា និងផ្តល់នូវចំណូលសម្រាប់ពន្ធដារផងដែរ៕អត្ថបទលីដា,រូបភាពឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner