ប្រជាជននីហ្សេរីយ៉ា ចាកចោលផ្ទះសម្បែង គេចចេញពីការវាយប្រហាររបស់ក្រុមប្រដាប់អាវុធ

អាប៊ូហ្សា៖ ចំនួនអ្នកស្លាប់ថ្មីៗនេះ បង្ហាញពីការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងតួលេខដំបូង ដែលត្រូវបានរាយការណ៍ដោយកងទ័ពនីហ្សេរីយ៉ា កាលពីល្ងាចថ្ងៃអាទិត្យសប្តាហ៍មុន ដែលមានត្រឹមតែ ១៦នាក់ប៉ុណ្ណោះ នៅក្នុងតំបន់ដែលញាំញីដោយអំពើហិង្សាអស់រយៈពេលជាច្រើនឆ្នាំ ព្រោះជម្លោះផ្នែកសាសនា និងជនជាតិភាគតិច។

ប្រជាជនជាច្រើនគ្រួសារ បង្ខំចិត្តចាកចោលផ្ទះសម្បែងរបស់ខ្លួន ក្នុងទីក្រុង Bokkos រដ្ឋ Plateau ក្រោយមានការវាយប្រហារជាបន្តបន្ទាប់ ពីក្រុមប្រដាប់អាវុធ ទៅលើភូមិរបស់ពួកគេរស់នៅ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១៣នាក់។ ក្រុមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ នៅថ្ងៃចន្ទសប្តាហ៍នេះ និយាយថា ក្រុមប្រដាប់អាវុធបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦០នាក់ នៅភាគកណ្តាលប្រទេសនីហ្សេរីយ៉ា ក្រោយបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើភូមិនានា។

ប្រមុខរដ្ឋាភិបាលក្នុងតំបន់នៅទីក្រុង Bokkos រដ្ឋ Plateau លោក Monday Kassah បានបញ្ជាក់ថា មនុស្ស ១១៣នាក់ត្រូវបានសម្លាប់ ខណៈដែលអរិភាពចាប់តាំងពីថ្ងៃសៅរ៍ បន្តកើតមានរហូតដល់ព្រឹកថ្ងៃចន្ទសប្តាហ៍នេះ។ លោក Kassah បន្តថា ក្រុមក្មេងទំនើងយោធា ដែលគេស្គាល់ថា ជាក្រុមចោរ បានបើកការវាយប្រហារនៅក្នុងសហគមន៍ប្រមាណ ២០ផ្សេងគ្នា និងបានដុតបំផ្លាញផ្ទះសម្បែងអ្នកភូមិ។ ជាមួយគ្នានេះ ក៏មានអ្នករបួសជាង ៣០០នាក់ បញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុង Bokkos ទីក្រុងJos និងទីក្រុង Barkin Ladi។

គួរបញ្ជាក់ថា ជាយូរមកហើយ ភាគពាយ័ព្យ និងភាគកណ្តាលប្រទេសនីហ្សេរីយ៉ា បានទទួលរងនូវការវាយប្រហារពីកងជីវពលចោរ មានមូលដ្ឋានក្នុងព្រៃជ្រៅ ដែលតែងតែវាយឆ្មក់ភូមិនានា ដើម្បីលួចទ្រព្យសម្បត្តិ និងចាប់ពង្រត់អ្នកស្រុក ដើម្បីដោះដូរនឹងប្រាក់។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ អង្គការលើកលែងទោសអន្តរជាតិបានរិះគន់រដ្ឋាភិបាលនីហ្សេរីយ៉ា បន្ទាប់ពីការវាយប្រហាររបស់ក្រុមប្រដាប់អាវុធ ដោយនិយាយថា អាជ្ញាធរនីហ្សេរីយ៉ាបានបរាជ័យ ក្នុងការបញ្ចប់ការវាយប្រហារដ៏សាហាវជាញឹកញាប់ លើសហគមន៍ជនបទនៃរដ្ឋ Plateau៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner