ចិនរឹតបន្តឹងឧស្សាហកម្មវីដេអូហ្គេម

ប៉េកាំង៖ ប្រទេសចិនគ្រោងបង្កើតច្បាប់ថ្មីមួយ ដែលមានគោលបំណងកំណត់លើការទិញវីដេអូហ្គេម និងបញ្ជៀសឥរិយាបទឈ្លក់វង្វេងខ្លាំងលើការលេងហ្គេមអនឡាញ។

សេចក្តីព្រាងច្បាប់ទប់ស្កាត់ឧស្សាហកម្មវីដេអូហ្គេម គឺជាការវាយលុកទីផ្សារហ្គេមអនឡាញដ៏ធំបំផុតរបស់ពិភពលោក ស្របពេលដំណឹងនេះ បានធ្វើឱ្យភាគហ៊ុនក្នុងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្សធ្លាក់ចុះយ៉ាងខ្លាំង។

និយតករឧស្សាហកម្ម រដ្ឋបាលសារព័ត៌មាន និងបោះពុម្ពជាតិរបស់ចិន (NPPA) បានបញ្ជាក់ថា ហ្គេមអនឡាញមិនត្រូវផ្តល់រង្វាន់ ដែលទាក់ទាញមនុស្សឱ្យលេង និងចំណាយច្រើនពេកទេ រួមទាំងការចូលលេងប្រចាំថ្ងៃ និងការបញ្ចូលទឹកប្រាក់បន្ថែមទៅក្នុងគណនីអ្នកលេង។

វិធានការទប់ស្កាត់ដែលបានគ្រោងទុកនេះដែរ ក៏បានរំលឹកឡើងវិញនូវការហាមប្រាមលើមាតិកាហ្គេមអនឡាញ ដែលបង្កគ្រោះថ្នាក់ដល់ការរួបរួមជាតិ និងសន្តិសុខជាតិ ឬប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ជាតិទាំងមូលផងដែរ។

សូមបញ្ជាក់ថា ចិនគឺជាទីផ្សារហ្គេមដ៏ធំបំផុតរបស់ពិភពលោក ហើយក្រុមហ៊ុន Tencent គឺជាអ្នកនាំមុខគេនៅក្នុងវិស័យនេះ ទាក់ទងនឹងប្រាក់ចំណូល ដោយគ្រប់គ្រងលើទីផ្សារអាស៊ី ហើយបានវិនិយោគលើស្ទូឌីយូហ្គេមនៅទូទាំងពិភពលោកផងដែរ។

បន្ទាប់ពីការប្រកាសខាងលើនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលមូលដ្ឋាននៅក្នុងទីក្រុងហ្សិនជិនមួយនេះ បានធ្លាក់ចុះ១២.៤ភាគរយ គិតជាទឹកប្រាក់ប្រហែល ៥៤ពាន់លានដុល្លារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner