ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ មន្ត្រីក្រសួងមហាផ្ទៃ ដែលបង្កគ្រោះ ថ្នាក់ចរាចរណ៍ ហើយបើករត់ ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ

ខេត្តព្រះសីហនុ៖ ពីវេទិកាអធិបតី នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៨ ប្រារព្ធនៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង លើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃរូបណា ទាំងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើបន្តបើកយានយន្តរត់គេចខ្លួនដោយមិនព្រមចូលសារភាពកំហុស ។

ឯកឧត្តមអភិសន្តិបណ្ឌិត ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានមានប្រសាសន៍ថា «ចំពោះអ្នកដែលបុករត់ បុកជារឿងមួយ ប៉ុន្តែបើបុកហើយរត់ ខ្ញុំសូមប្ដេជ្ញាចិត្ត ឬមួយប្រកាសពីទីនេះទៅតែម្ដង បើខ្លួនជាសមត្ថកិច្ច ឬជាមន្រ្តីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ហើយអត់មកសារភាពទេ ក្របខ័ណ្ឌខ្ញុំគិតថា មិនគួរទុកទេ។ យើងជាកម្លាំងប្រដាប់អាវុធ យើងត្រូវធ្វើជាគម្រូឱ្យប្រជាពលរដ្ឋមើល និងរៀនសូត្រតាម។ បើកាយវិការយើងមិនគួរឱ្យគេគោរព មិនគួរឱ្យគេធ្វើតាមផង ខ្ញុំគិតថា អាហ្នឹងមិនអាចទៅរួចទេ!»។

ឯកឧត្តមបន្ថែមថា «ទទួលស្គាល់ថា បើគាត់នៅ សុវត្ថិភាពគាត់អាចមានហានិភ័យខ្ពស់ ប៉ុន្តែកម្ពុជាយើង ខ្ញុំគិតថា គួរតែចាប់ផ្ដើមកាយវិការទទួលខុសត្រូវចំពោះផ្លូវច្បាប់»។

ភ្ជាប់នឹងការរម្លឹកករណីជាក់ស្ដែងចុងក្រោយមួយ ដែលមន្រ្តីនគរបាលជាតិម្នាក់បើករថយន្តបុកអត្តពលិកជាតិបណ្ដាលឱ្យស្លាប់ ហើយបើករត់ទៅសំងំលាក់ខ្លួននៅក្បែរព្រំដែនកម្ពុជា វៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កត់ធ្ងន់ថា «ឱ្យតែគេចង់រក គឺមិនពិបាកទេ! ដូច្នេះហើយយើងបានដាក់ពេលវេលាឱ្យក្រុមគ្រួសារថា បើមិនចង់ឱ្យខូចអនាគតកូនខ្លួនឯងទេ ត្រូវតែនាំមកសារភាពទោសកំហុស…»។

ភ្ជាប់នឹងករណីបុករត់នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានផ្ញើសារទៅកាន់មន្រ្តីមានសមត្ថកិច្ច យកចិត្តទុកដាក់ក្ដាប់ព័ត៌មាននេះឱ្យជាប់ ហើយចុះទៅអនុវត្តវិធានការច្បាប់ឱ្យបានរហ័ស និងប្រកបដោយប្រសិទ្ធភាព ពីព្រោះករណីខ្លះ ឯកឧត្តម បានកត់សម្គាល់ថា មន្រ្តីគ្រាន់តែចុះបំពេញកាតព្វកិច្ច ប៉ុន្តែមិនបានឃាត់ជនដែលប្រព្រឹត្តបទល្មើសឡើយ ។ ឯកឧត្តម បានបន្ថែមថា«សម្ដេចមហាបវរធិបតី បានលើកឡើងហើយ ឱ្យតែបុកស្លាប់ ឬមួយមានជាតិស្រវឹង គឺត្រូវតែវាយខ្នោះ» ។

ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានបណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ ១ពាន់នាក់ និងរបួសជាង ២ ៧០០ នាក់ ថយចុះ ៩% ធៀបនឹងឆ្នាំ២០២២។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ ដែលប្រារព្ធទិវារំលឹកដល់ជនរងគ្រោះនៅថ្ងៃនេះវិញ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៥០លើក ថយចុះ៣៥លើក ធៀបនឹងឆ្នាំ២០២២ បណ្ដាលឱ្យស្លាប់ចំនួន ១០៩នាក់ និងរបួស ១៦៨នាក់។ នេះបើតាមរបាយការណ៍របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីនុ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner