ក្រុមអ្នកជំនាញសេដ្ឋកិច្ច៖ មុខជំនាញដែលក្រសួងការងារ ត្រៀមបណ្តុះបណ្តាលយុវជនក្រីក្រ ជាជំនាញត្រូវប៉ាន់ និងមានចំណាប់អារម្មណ៍ខ្ពស់ពីយុវជន
(ភ្នំពេញ)៖ ក្រុមអ្នកជំនាញសេដ្ឋកិច្ចកម្ពុជាមើលឃើញថា ជំនាញលើវិស័យទាំង១០ ដែលមានក្នុងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន១,៥ លាន របស់រាជរដ្ឋាភិបាល គឺសុទ្ធសឹងតែជាជំនាញឋិត ក្នុងទីផ្សារការងារខ្ពស់ ហើយជាជំនាញ ដែលឋិតក្នុងចំណាប់អារម្មណ៍យុវជនក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ។
ការលើកឡើងបែបនេះ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជ្រើសយកវិស័យចំនួន១០ មានដូចជា៖ វិស័យធុរកិច្ចនិងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ទេសចរណ៍ សេវកម្ម កសិកម្ម និងកសិឧស្សាហកម្ម អគ្គិសនី និងថាមពល អេឡិចត្រនិច និងកម្មន្តសាល សម្រាប់ដាក់បញ្ចូលជាមុខវិជ្ជា ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥ លាននាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ។

លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា៖ ជំនាញទាំងអស់ខាងលើនេះ គឺឋិតនៅក្នុងចំណោមជំនាញ ដែលមានតម្រូវការទីផ្សារខ្ពស់នៅប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណជិត ២០ឆ្នាំមកនេះ ជាពិសេស នាពេលបច្ចុប្បន្ន មានតម្រូវការខាងសំណង់ សម្ភារៈពាណិជ្ជកម្ម និងអាជីវកម្មផ្នែកព័ត៌មានវិទ្យា ផ្នែកឌីជីថល មេកានិចទូទៅ រថយន្ត បរិក្ខាម៉ាស៊ីនត្រជាក់ និងតម្រូវការក្នុងអាគារជាច្រើន ក្នុងសង្គមកម្ពុជា ។
លោកបណ្ឌិតបន្ថែមថា ជំនាញនីមួយៗទាំងអស់ ដែលបានដាក់ចេញដោយរដ្ឋាភិបាល លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ សែននាក់នេះ សុទ្ធសឹងតែអាចផ្លាស់ប្តូជីវភាព របស់បងប្អូនប្រជាពលរដ្ឋបាន ពីព្រោះនៅពេលពលរដ្ឋ មានជំនាញវិជ្ជាជីវៈច្បាស់លាស់ពួកគេអាចបើកការរកស៊ីដោយខ្លួនឯងផ្ទាល់ ក៏ដូចជាឱកាសការងារនៅតាមបណ្តាក្រុមហ៊ុនឯកជន មួយចំនួនផងដែរ ។

លោកបណ្ឌិតបន្ថែមថា យុវជន យុវនារី ដែលមិនចង់ទៅបន្ត ការសិក្សាផ្នែកឧត្តមសិក្សា សូមយកចិត្តទុកដាក់ លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដើម្បីប្រែក្លាយខ្លួនឯងជាកម្លាំងពលកម្មស្នូលនៃសេដ្ឋកិច្ចជាតិ ដោយផ្អែកលើការលើកកម្ពស់សមត្ថិភាពជាក់ស្តែងពោលគឺចំណេះជំនាញពិត ។ ចាប់តាំងពីរដ្ឋាភិបាល បើកឱ្យយុវជន ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេសមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលសិស្ស ចុះឈ្មោះចូលរៀនច្រើនជាងគេលើមុខជំនាញក្នុងវិស័យចំនួន៤ ដូចជា៖ ធុរកិច្ចនិងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ។
ចំណែកលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ្យបណ្ឌិត្យសភាកម្ពុជា មើលឃើញថា៖ ជំនាញទាំង៤នេះ បើទោះបីគាត់មិនចង់បម្រើការងារ នៅក្រុមហ៊ុន ឬរោងចក្រឯកជន ក៏ពួកគេអាចប្រកបរបរដោយខ្លួនឯងបានដែរ ។ ក្នុងនោះបច្ចេកវិទ្យាព័ត៌មាន ទាក់ទងនិងកម្មវិធីទូរស័ព្ទ គ្រប់គ្រងអាជីវកម្ម មេកានិចគាត់អាចបើកជាជាងរថយន្ត ហើយបរិក្ខាត្រជាក់គាត់អាចធ្វើម៉ាស៊ីនត្រជាក់ និងជួសជុលឡាន អីជាដើម ។ ដូច្នេះហើយ ទើបយុវជន មានការចាប់អារម្មណ៍ច្រើនលើជំនាញទាំងនេះ ។

លោកបណ្ឌិតបន្ថែមថា យុវជនដែលមានបំណងរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល គួរតែមកទំនាក់ទំនងមកកាន់វិទ្យាស្ថានផ្ទាល់ ដើម្បីជ្រើសរើសជំនាញមួយដែលល្អសម្រាប់ពួកគេ និងមានតម្រូវការទីផ្សារខ្ពស់នាពេលបច្ចុប្បន្ន ។ យុវជន គួរតែក្រឡេកមកចាប់អារម្មណ៍បណ្តាជំនាញជាច្រើនទៀត ដែលក្រសួងការងារ បានដាក់ចូលទៅក្នុងវគ្គបណ្តុះបណ្តាល ១,៥ លាននាក់ ផងដែរ ។
គូរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ឱ្យអនុវត្តន៍ នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដល់យុជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ កន្លងទៅ ។ ក្នុងនោះដែរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវវិស័យចំនួន១០ សម្រាប់ការបណ្តុះបណ្តាលនេះ ៕






ដោយ ៖ វណ្ណលុក