លោក ពូទីន ចាត់ទុកការដណ្តើមបានទីក្រុង Maryinka ពីអ៊ុយក្រែន ជាជ័យជំនះដ៏សំខាន់មួយ
មូស្គូ៖ ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទសប្តាហ៍នេះ បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនឥឡូវនេះ បានគ្រប់គ្រងទាំងស្រុងហើយ លើទីក្រុង Maryinka ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចាត់ទុកការវាយដណ្តើមកាន់កាប់ទាំងស្រុង លើទីក្រុង Maryinka ដែលជាទីក្រុងមួយស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន គឺជាជ័យជំនះដ៏សំខាន់មួយ។
លោក ពូទីន បានប្រាប់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ ថា ខ្ញុំអបអរសាទរលោក… នេះគឺជាជោគជ័យមួយ ដែលផ្តល់ឱកាសឱ្យកងទ័ពរុស្ស៊ី ផ្លាស់ទីចូលទៅក្នុងតំបន់ប្រតិបត្តិការយោធាដ៏ធំទូលាយមួយ។

ចំណែកលោក ស៊យហ្គូ បាននិយាយថា ការគ្រប់គ្រងលើទីក្រុង Maryinka ក៏នឹងជួយឱ្យទាហានរុស្ស៊ី ពង្រឹងសមត្ថភាពការពារតំបន់ Donetsk កាន់តែមានប្រសិទ្ធភាព ពីការវាយប្រហាររបស់កងកម្លាំងអ៊ុយក្រែន។
ទន្ទឹមនឹងការបាត់បង់ទីក្រុង Maryinka អ៊ុយក្រែនក៏កំពុងប្រឈមមុខនឹងបញ្ហាធំផងដែរ នោះគឺជំនួយយោធាថ្មីពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងជាប់គាំង ខណៈមានការព្រមានថា លោក ពូទីន អាចនឹងឈ្នះនៅក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើលោកខាងលិចកាត់បន្ថយ ឬបញ្ឈប់ការគាំទ្រដល់អ៊ុយក្រែន៕





ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា