សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជំរឿនសេដ្ឋកិច្ច ជាផែនទីចង្អុលផ្លូវ និងជាត្រីវិស័យ ដែលងាយស្រួលយើងដាក់ទិសដៅ និងសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិភពលោកមានភាពប្រែប្រួលរហូត យើងមិនអាចប៉ាន់ស្មានត្រូវ តែបើយើងគ្មានទិន្នន័យស្ថិតិទេ យើងដើរចេញទៅទាំងងងឹត ។ ដូច្នេះការធ្វើជំរឿនសេដ្ឋកិច្ចនេះ គឺជាផែនទីចង្អុលផ្លូវ និងជាត្រីវិស័យ ដែលងាយស្រួលយើងដាក់ទិសដៅ និងសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្ថិតិទិន្នន័យដៃលយើងប្រឹងធ្វើជាក់ស្តែង ជំរឿនសេដ្ឋកិច្ចដែលយើងធ្វើឡើងនេះ ដើម្បីជាផែនទីចង្អុលផ្លូវ និងជាត្រីវិស័យ ដែលងាយស្រួលយើងដាក់ទិសទៅត្រូវ ។ ទិន្នន័យ ជួយឱ្យយើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ។

សម្តេចធិបតី បានបន្តថា “ការប្រើប្រាស់ទិន្នន័យ ក្នុងការវិភាគ គឺជាវិធីដែលពិភពលោកបានប្រើប្រាស់”។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ ជំរឿនសេដ្ឋកិច្ច ២០២២ អាចឱ្យទាំងរដ្ឋ និងវិស័យឯកជនយកទៅប្រើបាន “។ សម្តេចបន្តថា “ ពេលដែលមានជំរឿនទិន្នន័យច្បាស់លាស់ក៏ងាយស្រួលទាក់ទាញអ្នកវិនិយោគ”។

សូមជំរាបថា លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ បានបង្ហាញថា អង្គភាព សេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧សែន៥ម៉ឺន ៣ពាន់៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥សែន៥ម៉ឺន ១៣៤។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី ។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់ ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner