សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការប្រើប្រាស់ទិន្នន័យក្នុងការវិភាគ គឺពិតជាសំខាន់ណាស់

ភ្នំពេញ៖ ការប្រើប្រាស់ទិន្នន័យក្នុងការវិភាគ គឺពិតជាសំខាន់ណាស់ បើគ្មានទិន្នន័យ យើងហាក់បីដូចជាស្ថិតក្នុងចំណុចមួយ ដែលអាចងាយស្រួលក្នុងការវង្វេងរង្វាន់ ហើយបើយើងអត់អាចព្យាករណ៍បានថា តើស្ថានភាពនឹងវិវត្តន៍ទៅជាយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទិន្នន័យ គឺសំខាន់ណាស់ ព្រោះវាជាផែនទី និងត្រីវិស័យសម្រាប់យើង ពោល គឺផែនទីអោយយើងដឹងអំពីស្ថានភាពភូមិសាស្ត្រដែលមិនសំដៅតែភូមិសាស្រ្តនៅលើដីនោះទេ ប៉ុន្តែក៏សំដៅលើភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច ភូមិសាស្រ្តធុរកិច្ច ដើម្បីឱ្យដឹងថា តើស្ថានភាពភូមិសាស្រ្តនៅជុំវិញយើងមានលក្ខណៈបែបណា។ សូម្បីធុរកិច្ចក៏ត្រូវដឹងចំណង់ចំណូលចិត្តអតិថិជន មុននឹងដាក់វិនិយោគ នេះហើយជាការវាស់ស្ទង់។ ចំណែកឯត្រីវិស័យ ធ្វើឱ្យយើងដឹងថា យើងនៅចំណុចណានៅលើផែនទីភូមិសាស្រ្តនេះ ។

សម្តេចធិបតី បានបន្តថា ការប្រើទិន្នន័យក្នុងការវិភាគនេះនៅលើពិភពលោក គឺប្រើ បើគ្មានទិន្នន័យយើងហាក់បីដូចជាស្ថិតក្នុងចំណុចមួយដែលអាចងាយស្រួលក្នុងការវង្វេងវង្វាន់ ពោលគឺមិនអាចដឹងថាស្ថានភាពនៅជុំវិញយ៉ាងណា ឬក៏អាចព្យាករណ៍ថា ទៅមុខមានអី តើយើងដើរដល់កន្លែងណា ហើយទៅដល់កន្លែងណាទៀត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា បើយើងអត់អាចព្យាករណ៍បានថា តើស្ថានភាពនឹងវិវត្តន៍ទៅជាយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍ យើងអត់អាចបុរេសកម្មបានទេ យើងនឹងត្រូវប្រតិកម្ម ហើយតាពាក្យប្រតិកម្មហើយ ច្រើនតែលុបលាងបញ្ហា សម្អាតបញ្ហា យើងអត់បោះ បានន័យថា គោរត់ទៅហើយបានធ្វើក្រោលតាមក្រោយ យើងអត់ធ្វើក្រោល ដាក់គោដើម្បីកុំឱ្យវារត់ ដឹងថាវាបម្រុងទៅតាមហ្នឹងដាក់ធ្នាក់ឱ្យហើយឬយ៉ាងណា ។

សូមបញ្ជាក់ថា លទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅ កម្ពុជាឆ្នាំ២០២២ បានបង្ហាញថា អង្គភាព សេដ្ឋកិច្ចសរុបទាំងអស់មានចំនួន ៧សែន៥ម៉ឺន ៣ពាន់៦៧០ ដែលកើនឡើង ៤៩%បើធៀបនឹងជំរឿន សេដ្ឋកិច្ចឆ្នាំ២០១១ ដែលមានចំនួន ៥សែន៥ម៉ឺន ១៣៤ ។ អង្គភាពសេដ្ឋកិច្ចទាំងអស់នៅឆ្នាំ២០២២ មាន ៥២,៥% នៅទីប្រជុំជន និង៦៩,១% ជាអង្គភាពសេដ្ឋកិច្ចដែលមានភាពជាម្ចាស់តំណាងជាស្ត្រី។ អង្គភាពសេដ្ឋកិច្ចទាំងអស់ បានស្រូបយកកម្លាំងពលកម្មសរុបចំនួន ២,៩៨លាននាក់ ក្នុងនោះស្ត្រី ចំនួន ១,៨៤លាននាក់ ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner