ថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានប្តេជ្ញាចិត្ត កសាង សហគមន៍ វាសនារួម នៃសន្តិភាព និងវិបុលភាព កាន់តែប្រសើរឡើង នៅក្នុងតំបន់

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ ក្រោម មូលបទ “ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងមានទំនើបកម្មក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយសហប្រធាន ឯកឧត្តម មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាមានិតចិន។ កិច្ចប្រជុំក៏មានការចូលរួមពី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ។

ថ្នាក់ដឹកនាំបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្រោមក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង។ ថ្នាក់ដឹកនាំបានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ច្រើនក្នុង រយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ដែលនាំមកនូវលទ្ធផលជាក់ស្តែង និងអត្ថប្រយោជន៍នៅគ្រប់វិស័យ តាម រយៈការអនុវត្តដោយជោគជ័យ នៃផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)។

ថ្នាក់ដឹកនាំក៏បានកោតសរសើរផងដែរចំពោះមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលបានគាំទ្រគម្រោងជាង៧០០ លើវិស័យគ្រប់គ្រងទឹក កសិកម្ម ការកសាងសមត្ថភាព ការកាត់បន្ថយភាពក្រីក្រ សុខភាព ការពង្រឹងសិទ្ធិអំណាចស្ត្រី វប្បធម៌ សាសនា និងវិស័យផ្សេងទៀត ផ្តួចផ្តើមដោយប្រទេសសមាជិកទាំងប្រាំមួយ។ ថ្នាក់ដឹកនាំបានស្វាគមន៍ចំពោះការអនុម័តគម្រោង ដោយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់ឆ្នាំ២០២៣ ហើយបានអំពាវនាវឱ្យ ពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងទាំងនោះ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេសទាំងប្រាំមួយ។

ថ្នាក់ដឹកនាំ បានប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការកសាងសហគមន៍រួមនៃសន្តិភាព និងវិបុលភាព ក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង ក្នុងខណៈមានការប្រឈមមុខការប្រែប្រួលនៃពិភពលោកយ៉ាងឆាប់រហ័ស និងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក។ ថ្នាក់ដឹកនាំបានអះអាងសាជាថ្មីនូវការសហការដើម្បីដោះស្រាយបញ្ហា ប្រឈមរួមគ្នា និងបានឯកភាពជំរុញការអភិវឌ្ឍខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដែលផ្តោតលើប្រជាជន ដោយប្រើប្រាស់កាលានុវត្តភាពពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាបរិវត្ត ឧស្សាហកម្ម ដើម្បីជំរុញការស្ដារឡើងវិញនៃសេដ្ឋកិច្ច។ ថ្នាក់ដឹកនាំក៏បានប្ដេជ្ញាបន្តពង្រឹងទំនុកចិត្ត និង ការគោរពគ្នាទៅវិញទៅមក ព្រមទាំងបន្ស៊ីគ្នានូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងធ្វើការរួមគ្នាដើម្បីលើក កម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអនុតំបន់មេគង្គ-ឡានឆាង ។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្ត ជាមួយនឹងលទ្ធផលជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសលទ្ធផលផ្លែផ្កាពីការអនុវត្តគម្រោងចំនួន ៨៩ នៅកម្ពុជា ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង តាំងពីឆ្នាំ ២០១៧ ។

ចំពោះការអភិវឌ្ឍនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីសារសំខាន់ នៃការកសាងសហគមន៍ ដែលមានវាសនារួមគ្នានៃសន្តិភាព និង វិបុលភាព ក្នុងចំណោមប្រទេសមេគង្គ-ឡានឆាងឱ្យកាន់តែប្រសើរឡើង ដោយគាំទ្រចំពោះ ខ្សែក្រវាត់អភិវឌ្ឍន៍ សេដ្ឋកិច្ច ដែលផ្តោតលើប្រជាជន និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងអនុតំបន់និងការតភ្ជាប់ទៅនឹងខ្សែច្រវាក់ តម្លៃសកល តាមរយៈការពង្រឹងការតភ្ជាប់ក្នុងតំបន់និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ព្រមទាំង ជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែននិងភាពប្រកួតប្រជែងរយៈពេលវែងរបស់តំបន់យើង។

កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ បានបញ្ចប់ដោយជោគជ័យជាមួយនឹងការអនុម័តឯកសារសំខាន់ចំនួន៣គឺ៖ (១) សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ នៃកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ (២) ផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង (២០២៣-២០២៧) និង (៣) គំនិតផ្តួចផ្តើមរួមស្តីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានសារៈសំខាន់ចូលរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀត នៅក្នុងតំបន់មេគង្គ-ឡានឆាង។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ ឯកឧត្ដម លី ឈាង រដ្ឋាភិបាល និងប្រជាជនចិន និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់ និងការខូចខាតដែលបណ្តាលមកពីគ្រោះរញ្ជួយដីនៅខេត្តកានស៊ូ។ សម្តេចធិបតី ក៏បានសម្តែងនូវអំណរសាទរដោយស្មោះ អស់ពីដួងចិត្តចំពោះការមកដល់នៃខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងជូនពរឆ្នាំថ្មីចំពោះថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជននៃប្រទេសតំបន់មេគង្គ-ឡានឆាងទាំងមូល ក្នុងឱកាសឆ្នាំថ្មី២០២៤ ៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner