គណបក្សឆ្ពោះទៅមុខជឿជាក់លើតុលាការ ជុំវិញសំណុំរឿងកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ
ថៃ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ គណបក្សឆ្ពោះទៅមុខ (Move Forward Party) បានសម្តែងពីការជឿជាក់របស់ខ្លួនជុំវិញសំណុំរឿងរបស់តុលាការពាក់ព័ន្ធនឹងកាស៊ើបអង្កេតទៅលើយុទ្ធនាការចង់ធ្វើកំណែទម្រង់ច្បាប់ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ។ គណបក្សឆ្ពោះទៅមុខធ្លាប់បានឈ្នះការបោះឆ្នោតកាលពីខែឧសភាឆ្នាំ២០២៣ កន្លងទៅ ប៉ុន្តែមិនអាចបង្កើតរដ្ឋាភិបាលបាន។
គណបក្សឆ្ពោះទៅមុខទទួលបានអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតកាលពីខែឧសភា ប៉ុន្តែមេដឹកនាំរបស់ពួកគេ គឺលោក ភិថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ត្រូវបានក្រុមអ្នកនយោបាយអភិរក្សនិយមនៅក្នុងសភារារាំង ដោយមិនព្រមបោះឆ្នោតគាំទ្ររូបលោកជាបេក្ខជននាយករដ្ឋមន្ត្រីថៃ។
ការសន្យារបស់គណបក្សឆ្ពោះទៅមុខ ក្នុងការចង់ធ្វើកំណែទម្រង់ច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ បានធ្វើឱ្យអ្នកគាំទ្ររាជានិយម សមាជិកព្រឹទ្ធសភាដែលគាំទ្ររាជវង្ស និងដែលត្រូវបានតែងតាំងដោយយោធាក្នុងអាណត្តិមុន មានការព្រួយបារម្ភយ៉ាងខ្លាំង។
បច្ចុប្បន្ននេះ តុលាការធម្មនុញ្ញថៃកំពុងពិនិត្យមើលទៅលើញត្តិមួយដែលបានចោទប្រកាន់គណបក្សឆ្ពោះទៅមុខថា ការដែលគណបក្សនេះចង់ឱ្យមានកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ គឺជាការព្យាយាមផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ថៃ។
កាលពីថ្ងៃចន្ទម្សិលមិញ អតីតមេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភិថា បានចូលខ្លួនផ្ដល់ការស្រាយបំភ្លឺនៅតុលាការ ហើយលោកបាននិយាយថា៖ «ដំណើរការសវនាការបានដំណើរការទៅយ៉ាងរលូន មិនមានបញ្ហាអ្វីនោះទេ»។ លោក ភិថា ធ្លាប់បានដឹកនាំគណបក្សរបស់លោកក្នុងអំឡុងពេលបោះឆ្នោត ប៉ុន្តែលោកបានចុះចេញពីតំណែងបន្ទាប់ពីទទួលរងបទចោទពីតុលាការជុំវិញករណីដែលលោកមានជាប់ពាក់ព័ន្ធជាមួយភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ។
លោក ភិថា បានលើកឡើងថា ៖ «ប្រសិនបើយើងពិនិត្យមើលទៅលើក្របខ័ណ្ឌច្បាប់ និងការចោទប្រកាន់ លទ្ធផលដ៏អាក្រក់បំផុតនោះគឺ តុលាការធម្មនុញ្ញអាចនឹងស្នើសុំឱ្យយើងបញ្ឈប់យុទ្ធនាការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្របន្តទៀត»។ លោកបានបញ្ជាក់ថា គណបក្សឆ្ពោះទៅមុខនឹងមិនប្រឈមមុខនឹងការរំលាយនោះទេ។
គួរដឹងដែរថា តុលាការនឹងប្រកាសសាលក្រមជុំវិញសំណុំរឿងនេះនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ លោក ឆៃថាវ៉ាត ធូឡាថុន (Chaithawat Tulaton) ដែលជាប្រធានគណបក្សថ្មីនាពេលបច្ចុប្បន្ន បានសម្តែងទំនុកចិត្តថា គោលនយោបាយរបស់ពួកគេមិនបំពានច្បាប់នោះទេ។
ជាការកត់សម្គាល់ ការឈ្នះការបោះឆ្នោតកាលពីខែឧសភារបស់គណបក្សឆ្ពោះទៅមុខ គឺដោយសារតែទទួលបានការគាំទ្រពីប្រជាជនថៃវ័យក្មេង និងអ្នកនៅទីក្រុង ដែលធុញទ្រាន់នឹងការគ្រប់គ្រងប្រទេសដោយរបបយោធាអស់រយៈពេលជិតដប់ឆ្នាំមកនេះ។
យ៉ាងណាក៏ដោយ លោក ភិថា ត្រូវបានរារាំងមិនឱ្យឡើងធ្វើជានាយករដ្ឋមន្ត្រីបាន ហើយគណបក្សរបស់លោកត្រូវបានផាត់ចេញ មិនអាចបន្តដឹកនាំបង្កើតរដ្ឋាភិបាលថ្មី ខណៈដែលគណបក្សភឿថៃរបស់អតីតមេដឹកនាំបក្សប្រឆាំង លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឡើងកាន់អំណាចដោយចងសម្ព័ន្ធភាពជាមួយគណបក្សដែលគាំទ្ររបបយោធា។
ទន្ទឹមនឹងនេះ លោក ភិថា ក៏កំពុងប្រឈមមុខនឹងបណ្ដឹងចោទប្រកាន់មួយទៀតនៅតុលាការធម្មនុញ្ញ ដែលករណីនេះហើយដែលបានរារាំងលោកពីការចូលរួមក្នុងវិស័យនយោបាយបានពេញលេញ ដោយសារតែលោកធ្លាប់មានភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលជារឿងផ្ទុយទៅនឹងច្បាប់ស្ដីពីសមាជិកភាពនៅក្នុងសភាថៃ៕ ប្រែសម្រួល៖ ធា សុណា