ការបាញ់ប្រហារដោយកាំភ្លើងនៅអាមេរិក បន្តកើតឡើងឥតស្រាកស្រាន្តនៅរដូវកាលបុណ្យណូអែល
អាមេរិក៖ កំណត់ត្រានៃការបាញ់ប្រហារនៅទូទាំងអាមេរិកបានបង្ហាញថា ហិង្សាដោយកាំភ្លើងបានបន្តកើតឡើងឥតស្រាកស្រាន្ត ខណៈប្រជាជនអាមេរិកអបអរសប្ដាហ៍នៃបុណ្យណូអែល ដែលជារដូវកាលឈប់សម្រាកជួបជុំដ៏ធំបំផុតមួយលើសកលលោក។
ប៉ូលិសក្រុងកូឡូរ៉ាដូស្រ្ពីងស៍ នៃរដ្ឋកូឡូរ៉ាដូ បាននិយាយថា មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀត បានរងរបួសក្នុងហេតុការណ៍បាញ់ប្រហារនៅល្ងាចមុនថ្ងៃបុណ្យណូអែល នៅផ្សារទំនើបមួយកន្លែងក្នុងរដ្ឋកូឡូរ៉ាដូកាលពីថ្ងៃអាទិត្យ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN។
ប៉ូលិសបន្តថា ការបាញ់ប្រហារនោះ កើតឡើងនៅផ្សារទំនើប Citadel នៃក្រុងកូឡូរ៉ាដូ ស្រ្ពីងស៍ ដោយបណ្ដាលមកពីជម្លោះប្រតាយប្រតប់គ្នារវាងមនុស្សពីរក្រុម។ ក្រៅពីបុរសម្នាក់ដែលស្លាប់ មានបុរសពីរនាក់រងរបួសធ្ងន់ និងស្រ្តីម្នាក់រងរបួសស្រាលត្រូវបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា។
ប៉ូលិសដដែលបន្តថា មនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែមិនទាន់បញ្ចេញព័ត៌មានលម្អិតនៅឡើយទេ។
អំពើហិង្សាដោយកាំភ្លើងកាលពីថ្ងៃអាទិត្យដូចគ្នា ក៏បានកើតឡើងផងដែរនៅក្រុងអរឡេនដូ នៃរដ្ឋផ្លរីដា ដោយសម្លាប់ស្រ្តីម្នាក់ និងរងរបួសបួននាក់។ នៅរដ្ឋតិចសាសឯណោះវិញ ការបាញ់ប្រហារក្នុងក្លឹបកម្សាន្តរាត្រីនៅព្រឹកម៉ោង៣ថ្ងៃអាទិត្យ បានសម្លាប់មនុស្សម្នាក់ និងរបួសបួននាក់ដូចគ្នា។
ការបាញ់ប្រហារទាំងនេះ កើតឡើងចំពេលវេលាដែលប្រជាជនអាមេរិក ដើរទិញឥវ៉ាន់ក្នុងសប្ដាហ៍នៃពិធីបុណ្យណូអែល ហើយឃ្លាតគ្នាតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការបាញ់ប្រហារនៅផ្សារទំនើបក្នុងក្រុងអូកាឡា នៃរដ្ឋផ្លរីដា ដែលបានបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសកាលពីថ្ងៃសៅរ៍។ ក្រោយហេតុការណ៍នោះ ប៉ូលិសក្រុងអូកាឡា កាលពីថ្ងៃអាទិត្យ បានចេញដីកាចាប់ខ្លួន ជនសង្ស័យឈ្មោះ Albert J. Shell Jr. អាយុ ៣៩ ឆ្នាំ ពីបទឃាតកម្មគិតទុកជាមុនកម្រិត ១ និងពីបទប៉ុនប៉ងឃាតកម្មទុកជាមុនកម្រិត ១។
គួរបញ្ជាក់ថា ការបាញ់ប្រហារនៅសប្ដាហ៍នៃបុណ្យណូអែលទាំងនេះ គឺជាភស្តុតាងថា ហិង្សាកាំភ្លើងនៅសហរដ្ឋអាមេរិក គឺជាបញ្ហាដ៏ធ្ងន់ធ្ងរឥតស្រាកស្រាន្ត ដែលមិនទាន់ត្រូវបានដោះស្រាយ។ វាសបញ្ជាក់បន្ថែ មទៀត អំពីរបៀបដែលអំពើហិង្សាកាំភ្លើង បានរីករាលដាលនៅក្នុងប្រទេសមហាអំណាចមួយនេះ ហើយជ្រាបចូលទៅក្នុងស្ទើរតែគ្រប់ទីកន្លែងនៃជីវិតប្រចាំថ្ងៃ ទោះបីជាថ្ងៃសម្រាក ដែលប្រជាជនគួរតែជួបជុំគ្នាសប្បាយអបអរ។
បើតាម Gun Violence Archive ដែលជាអង្គការចងក្រងទិន្នន័យនៃអំពើហិង្សាកាំភ្លើងនៅសហរដ្ឋអាមេរិក មនុស្សជាង ៤២ ១៥១ នាក់ បានស្លាប់ ក្នុង «ករណីពាក់ព័ន្ធនឹងកាំភ្លើង» នៅឆ្នាំ ២០២៣ គិតត្រឹមថ្ងៃចន្ទទី ២៥ ធ្នូ នេះ។ ក្នុងចំពោះនោះ មានមនុស្សជាង ១៨ ៤០០ នាក់ បានស្លាប់ដោយសារតែឃាត កម្ម ឬការបាញ់ប្រហារដោយអចេតនាផ្សេងៗ និងជិត ២៣ ៧០០ នាក់ស្លាប់ដោយសារធ្វើអត្តឃាតដោយកាំភ្លើង។
អង្គការ Gun Violence Archive ចាត់ទុកការវាយប្រហារទ្រង់ទ្រាយធំ ដែលមានជនរងគ្រោះយ៉ាងហោចណាស់ ៤ នាក់រងរបួស ឬស្លាប់ ដោយមិនរាប់បញ្ជូលទាំងអ្នកបាញ់។ ហើយគិតចន្ទទី ២៥ ធ្នូ ដដែល ការបាញ់ប្រហារទ្រង់ទ្រាយធំទូទាំងអាមេរិក ក្នុងឆ្នាំ ២០២៣ បានកើតឡើងចំនួន ៦៥០ ករណី ដែលធ្វើឱ្យឆ្នាំ២០២៣ ក្លាយជាឆ្នាំដ៏អាក្រក់បំផុតទី២នៃអំពើហិង្សាកាំភ្លើងនៅអាមេរិក រាប់ចាប់តាំងពី Gun Violence Archive ចាប់ផ្ដើមចងក្រងទិន្នន័យក្នុងឆ្នាំ ២០១៤ មក៕ ប្រែសម្រួល៖ ហួន ឌីណា