អ៊ីស្រាអែលបញ្ជាក់ជំហររឹងមាំ ក្នុងការបន្តសង្គ្រាម ខណៈប្រជាជនស៊ីវិលស្លាប់កាន់តែច្រើន

ហ៊្សេរ៉ុយសាឡិម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣បានបញ្ជាក់ពីជំហរក្នុងការបន្តប្រយុទ្ធជាមួយក្រុមឧទ្ទាមហាម៉ាស់ ប៉ុន្តែប្រធានក្រុមមនុស្សធម៌អង្គការសហប្រជាជាតិ ព្រួយបារម្ភចំពោះបញ្ហាសុវត្ថិភាពរបស់ប្រជាជនប៉ាឡេស្ទីន។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ផែនការក្នុងការទាមទារការដោះលែងចំណាប់ខ្មាំង អ៊ីស្រាអែលច្បាស់ជាមិនអាចជោគជ័យនោះទេ ប្រសិនបើអ៊ីស្រាអែលមិនដាក់សម្ពាធយោធាលើ ក្រុមហាម៉ាស់។

បើទោះបីជាមានការអំពាវនាវពីអន្តរជាតិសម្រាប់បទឈប់បាញ់ក្ដី អ៊ីស្រាអែលនៅតែប្រកាន់ជំហរ របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន និងថាខ្លួនមិនឈប់នោះទេ ពោលគឺសង្គ្រាមនេះនឹងនៅតែបន្តរហូតដល់ទី បញ្ចប់សមស្របណាមួយ។

ជំហរដ៏រឹងទទឹងនាពេលនេះ ត្រូវបានអ៊ីស្រាអែលចាត់ទុកថា ជាការសងសឹកប្រឆាំងនឹងក្រុមឧទ្ទាម ហាម៉ាស់ដែលបានវាយលុកទឹកដីខ្លួន កាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ។ ប៉ុន្តែសម្រាប់អន្តរជាតិ សកម្មភាពវាយតបតរបស់អ៊ីស្រាអែល ជាសកម្មភាពជ្រុលហួសហេតុ ដោយបានសម្លាប់ជីវិតប្រ ជាជនប៉ាឡេស្ទីនស្លូតត្រង់ជាច្រើននាក់។

ការណ៍នេះបាននាំឱ្យអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុត ក៏សម្រេចចិត្តដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីជួយសង្គ្រោះជីវិតប្រជាជនស៊ីវិលផងដែរ។

អ្នកស្រី Gemma Connell ប្រធានក្រុមរបស់អង្គការសហប្រជាជាតិដែលបានចុះទៅកាន់តំបន់ហ្គាហ្សាអស់រយៈពេលជាច្រើនសប្តាហ៍ បានចាត់ទុកសកម្មភាពជម្លៀសប្រជាជនស៊ីវិលជាច្រើនដងនេះថាប្រៀបបានទៅនឹង «ល្បែងអុក» ដូច្នោះដែរ។

អ្នកស្រីបន្តថា ប្រជាជនត្រូវផ្លាស់ទីចុះឡើងៗ ដោយមិនទាន់ដឹងថាតំបន់ណា ជាតំបន់មានសុវត្ថិភាព ពិតប្រាកដនោះទេ។

ចំណែកអ្នកនាំពាក្យយោធាបាននិយាយថា ក្រុមយោធាបានស្វះស្វែងជម្លៀសជនស៊ីវិលចេញពីតំបន់ក្ដៅដែរ ប៉ុន្តែក្រុមហាម៉ាស់ព្យាយាមរារាំងប្រតិបត្តិការនេះ ហើយពួកគេព្យាយាម ប្រើប្រាស់ប្រជាជនស៊ីវិលជាខែលការពារខ្លួន។

គួរបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន បានដាក់សម្ពាធជាច្រើនសប្តាហ៍មកលើអ៊ីស្រាអែល ឱ្យចាត់វិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ដោយកំណត់តំបន់សុវត្ថិភាព និងបើកផ្លូវមនុស្សធម៌សម្រាប់ប្រជាជនក្នុងការរត់គេចខ្លួន។ ប៉ុន្តែចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង រីឯប្រតិបត្តិការរបស់អ៊ីស្រាអែលក៏កាន់តែខ្លាំងឡើង៕ ប្រែសម្រួល៖ កែវ បុស្បា

ads banner