គយ និងរដ្ឋាករកម្ពុជា ប្តេជ្ញាពង្រឹងការទប់ស្កាត់ការនាំចូលសាច់បង្កក ដែលខូចគុណភាព និងខុសច្បាប់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា សម្រាប់វិធានការចំពោះមុខ អគ្គនាយកដ្ឋានគយ និងកម្ពុជា ប្តេជ្ញានឹងបន្ដធ្វើការងារបង្ក្រាបការនាំចូលសាច់ ដែលខូចគុណភាព និងខុសច្បាប់ និងស្នើទៅរាជរដ្ឋាភិបាលកំណត់ អ្នកដែលអាចមានសិទ្ធិនាំចូលសាច់បង្កក ត្រូវតែមានឃ្លាំងត្រជាក់ និងអាជីវកម្មច្បាស់លាស់ ចៀសវាងកុំឱ្យមានការលបលួចនាំចូលសាច់បង្កកដោយខុសច្បាប់។
ឯកឧត្តមបានថ្លែងបែបនេះកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់វេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារាជធានីភ្នំពេញ។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំកែសម្រួលលក្ខខណ្ឌមួយចំនួន ក្នុងការអនុញ្ញាតឱ្យនាំចូលសាច់បង្កក ដើម្បីពង្រឹងពីគុណភាពសាច់ និងជៀសវាងអ្នកណាក៏អាចសុំនាំចូលសាច់បង្កកបាន ខណៈដែលក្នុងរយៈពេលចុងក្រោយនេះ មានសកម្មភាពផ្សព្វផ្សាយ នៅក្នុងបណ្ដាញសង្គមជាច្រើន ពាក់ព័ន្ធនឹងការចុះទៅត្រួតពិនិត្យឃ្លាំងសាច់បង្កក។
ឯកឧត្តមបានថ្លែងថា ៖ «អនុក្រឹត្យលេខ១៧ បច្ចុប្បន្នដែលនៅជាធរមាននេះ ការនាំចេញចូលសាច់បង្កក មិនតម្រូវឱ្យសុំលិខិតអនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទេ។ អនុក្រឹត្យនេះ ចែងច្បាស់ថា សាច់បង្កកនាំចូល គឺតម្រូវឱ្យមានវិញ្ញាបនបត្រសុខភាពសត្វ ដែលចេញឱ្យដោយប្រទេសនាំចេញ។ ដូច្នេះនៅពេលខាងមុខ អ្នកនាំចូលសាច់បង្កក ត្រូវតែមានលិខិតអនុញ្ញាតចេញដោយក្រសួងកសិកម្ម ហើយច្រកអន្តរជាតិដែលនាំចូលសាច់បង្កក ក៏ត្រូវកំណត់ឱ្យបានច្បាស់លាស់ផងដែរ»។
ឯកឧត្តម គុណ ញឹម បានពន្យល់បន្ថែមថា ៖ «អ្នកចិញ្ចឹមសត្វ គិតគូរពីអាជីវកម្មរបស់គាត់ ប៉ុន្ដែរាជរដ្ឋាភិបាលគិតគូរ មិនមែនតែអ្នកចិញ្ចឹមសត្វនោះទេ រាជរដ្ឋាភិបាល ត្រូវគិតគូរពីអ្នកហូបសាច់ផងដែរ។ បើចិញ្ចឹមសត្វមិនគ្រប់ វាត្រូវតែនាំចូលដើម្បីមកបង្គ្រប់ទីផ្សារ កុំឱ្យអតិផរណាសាច់ ឬសាច់ឡើងថ្លៃ»។

ឯកឧត្តមបានបន្តទៀតថា ការធ្វើពាណិជ្ជកម្មអន្ដរជាតិ គឺវាស្ថិតនូវក្នុងវិធានដែលមានចែង នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះអ្នកនាំចូលសាច់ បើគោរពអនុលោមភាព គឺមានសិទ្ធិនាំចូល មកចែកចាយ ហើយការនាំចូលសាច់បង្កក គឺមានការនាំចូលពីប្រទេសអូស្ដ្រាលី, អាមេរិក, រុស្សី, ប្រេស៊ីល, ជប៉ុន ជាពិសេសប្រទេសឥណ្ឌា។
ឯកឧត្តមបានបញ្ជាក់ថា ៖ «កម្ពុជា មិនមែនមានតែផ្សារនោះទេ គឺមានសណ្ឋាគារផ្កាយ ៥, ភោជនីយដ្ឋានលំដាប់ខ្ពស់ ដែលត្រូវផ្គត់ផ្គង់សាច់គុណភាពខ្ពស់ដល់ភ្ញៀវ។ ដូច្នេះ វិធានការពាក់ព័ន្ធនឹងសាច់បង្កក ត្រូវគិតគូរសាជាថ្មី ពីព្រោះថា ត្រូវពង្រឹងការគ្រប់គ្រង ហើយសម្រាប់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កន្លងមកបានបង្ក្រាប ការនាំចូលសាច់បង្កកខូចគុណភាពជាច្រើនករណី ព្រោះមានជនខិលខូច នាំចូលសាច់បង្កកតាមច្រករបៀង»។
ទាក់ទងនឹងបញ្ហានេះដែរ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែធ្នូ ថា សាច់បង្កកដែលលួចលាក់នាំចូលដោយខុសច្បាប់តាមច្រករបៀងនានា បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វនៅស្រុក ជាពិសេសអ្នកចិញ្ចឹមជ្រូក និងអ្នកចិញ្ចឹមគោ។
លោកបានបញ្ជាក់ថា ៖ «អ្នកចិញ្ចឹមជ្រូក និងអ្នកចិញ្ចឹមគោ កំពុងជួបការលំបាកខ្លាំងណាស់ដោយសារតែតម្លៃជ្រូករស់ និងគោរស់មានការចុះថ្លៃខ្លាំងពេក ដោយគោរស់តម្លៃតែ ៦ ០០០រៀល ទៅ៧០០០រៀល ខណៈដែលជ្រូករស់ចុះនៅសល់តែ៥ ០០០រៀល ទៅ៦ ០០០រៀល តែប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ ដូច្នេះ បើសិនជាស្ថាប័នពាក់ព័ន្ធ មិនគិតគូរ មិនកែប្រែ នោះកសិករពិតជាជួបការលំបាកខ្លាំង»។
ជាមួយគ្នានោះដែរ លោក ហ៊ត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោ នៅខេត្តត្បូងឃ្មុំ បាននិយាយដែរថា សព្វថ្ងៃនេះ សាច់បង្កក និងសាច់កញ្ចប់កំពុងធ្វើបាប កសិករខ្មែរ ដោយបានធ្វើឱ្យតម្លៃគោរស់ចុះថោកយ៉ាងខ្លាំង ខណៈដែលឈ្មួញទិញពីលោកទៅកាប់យកសាច់លក់បានកាត់បន្ថយការទិញគោរស់ និងទិញសាច់គោបង្កកយកមកជំនួសវិញ ដោយលក់ដូចតម្លៃគោរស់ក្នុងស្រុកដែរ។
លោកបានប្រាប់ថា ៖ «សាច់គោបង្កក ឬសាច់គោកញ្ចប់ហ្នឹង គេលក់ថោកជាងរបស់យើង។ កសិករចិញ្ចឹមមកពីជុំវិញបណ្តាខេត្ត យកគោមកលក់ឱ្យខ្ញុំ ដោយនាំគ្នានិយាយថា ចិញ្ចឹមមិនចំណេញ គោរស់ចុះថោកពេក។ ឥឡូវខ្ញុំកាត់បន្ថយការទិញចូលរដែរហ្នឹង ព្រោះគ្មានទុនទេ បើគោចុះថោកយ៉ាងនេះ»។
ជាមួយគ្នានេះដែរ លោក ហ៊ត លាង បានស្នើថា បើសិនជារាជរដ្ឋាភិបាល ជួយដោះស្រាយបញ្ហានេះបាន លោកមានបំណងនាំសាច់គោខ្មែរ កែច្នៃលក់ចេញទៅក្រៅប្រទេសទៀត ដោយលោកបានបញ្ជាក់ថា សព្វថ្ងៃលោក និងពលរដ្ឋក្នុងតំបន់លោករស់នៅ បានចងក្រងគ្នា ជាសហគមន៍ ដើម្បីគិតគូរដល់បញ្ហាទីផ្សារនេះដែរ៕ ដោយ៖ វណ្ណ សុជាតា