ចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣នេះ ក្រសួងសង្គមកិច្ច បានកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គមបានជាង ៣០ម៉ឺននាក់
ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដា្ឋនបានចំនួនជាង ៣០ ម៉ឺននាក់ ខណៈដែលក្រសួងបានអនុម័តក្នុងការបោះពុម្ពបណ្ណជូនជនមានពិការភាព បានចំនួនជាង ២៥ម៉ឺននាក់។
លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច បានឱ្យដឹងនៅថ្ងៃទី២៦ ខែធ្នូថា កាលពីពេលថ្មីៗនេះ នាយកដ្ឋានសុខុមាលភាពជនពិការ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន ដែលក្នុងនោះមានកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដា្ឋន និងរបបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍។
លោកបានបន្តថា ចំពោះកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដា្ឋន គិតចាប់ពីការអនុវត្តនៅឆ្នាំ២០២០ រហូតដល់ចុងឆ្នាំនេះ ក្រសួងបានកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងពិការភាព បានចំនួនសរុប ៣១៨ ៤៧៣នាក់ (ស្រី១៥៥ ៤១០នាក់) ក្នុងនោះក្រសួងបានអនុម័តក្នុងការបោះពុម្ពបណ្ណជូនជនមានពិការភាព បានចំនួន ២៥៤ ៤១៩នាក់។
លោក សាន់ រតនា បានបញ្ជាក់ថា ៖ «ប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានហ្នឹង គឺមានភាពលម្អិតដែលបង្ហាញពីស្ថានភាពបុគ្គល ស្ថានភាពពិការភាព និងបរិស្ថានរស់នៅរបស់ជនមានពិការភាព បង្កលក្ខណៈងាយស្រួលក្នុងការវិភាគស្ថានភាពពិការភាពបានគ្រប់ជ្រុងជ្រោយ ជួយបង្កើនការយល់ដឹងពីស្ថានភាពនៅកម្ពុជា និងមានទឡ្ហីករណ៍គ្រប់គ្រាន់សម្រាប់ជាមូលដ្ឋាន ដើម្បីរៀបចំគោលនយោបាយលើកកម្ពស់សុខុមាលភាពជនមានពិការភាព»។
បើតាមលោក សាន់ រតនា នៅពេលកំណត់អត្តសញ្ញាណដឹងពីស្ថានភាពពិការភាពបានគ្រប់ជ្រុងជ្រោយហើយ ក្រសួងនឹងរៀបចំផ្ដល់បណ្ណជូនជនមានពិការភាព ទៅតាមប្រភេទនៃកម្រិតពិការភាព ខណៈដែលការរៀបចំបែបនេះ គឺវាងាយស្រួលក្នុងការអនុវត្តផែនការនៅឆ្នាំ២០២៤ខាងមុខនេះ ដើម្បីជំរុញឱ្យជនមានពិការភាពអាចចូលរៀនវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្រសួងការងារ តាមសមត្ថភាពបាន។
ក្រៅពីនេះ លោកថា ជនមានពិការភាព នឹងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធគាំពារសង្គម និងសេវាសង្គមផ្សេងៗទៀត ប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះផងដែរ។
លើសពីនេះទៀត លោកក៏បានបញ្ជាក់ដែរថា របបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ គិតចាប់ពីការអនុវត្តឆ្នាំ២០១៦មក ក្រសួងសង្គមកិច្ច បានផ្តល់របបគោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍ បានទូទាំង ២៥រាជធានីខេត្ត ដែលមានជនមានពិការភាពសរុបចំនួន ១៩៨៧៤នាក់។ ដោយឡែក សម្រាប់ការអនុវត្តការផ្តល់របបគោលនយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍ឆ្នាំ២០២៣ ជនមានពិការភាពបានធ្វើបច្ចុប្បន្នភាពប្រកាសទទួលស្គាល់មាន ចំនួន១៨ ៤០៩នាក់ ក្នុងនោះស្រីចំនួន ៩៥០១នាក់។
លោកបានប្រាប់ថា ៖ «ចំពោះផែនបន្ទាប់នៅឆ្នាំ២០២៤ សម្រាប់ការអនុវត្តការឧបត្ថម្ភរបបគោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍ គឺនាយកដ្ឋានសុខុមាលភាពជនពិការ មិនទាន់មានការសម្រេចយ៉ាងណានូវឡើយនោះទេ»។
ដោយឡែក លោកស្រី ម៉ាក់ ម៉ូនីកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា បានឱ្យដឹងដែរថា ការងារកំណត់អត្តសញ្ញាណកម្មពិការភាពនេះ ត្រូវបានក្រសួងបានផ្សព្វផ្សាយតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិយ៉ាងទូលំទូលាយ ដើម្បីឱ្យជនមានពិការភាពទៅចុះអត្តសញ្ញាណនៅតាមឃុំ/សង្កាត់។
លោកស្រី ម៉ាក់ ម៉ូនីកា បញ្ជាក់ថា ៖ «ការងារកំណត់អត្តសញ្ញាណកម្មជនមានពិការភាព គឺមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះដើម្បីឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ផ្សេងៗពីកញ្ចប់ជំនួយសង្គម និងប្រព័ន្ធគាំពារសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»៕ ដោយ៖ ជា សុខនី