ឆ្នាំ២០២៤ រាជរដ្ឋាភិបាល នឹងធ្វើដំណើរទៅមុខយ៉ាងរលូន ដោយត្រូវធ្វើសកម្មភាពឱ្យសកម្មជាងឆ្នាំ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលថ្មីបានអនុវត្តការងារកមុ្មវិធីនយោបាយទាំង ប្រាំមួយក្នុងរយៈពេលប្រមាណបួនខែកន្លងទៅនេះ ដោយទទួលបានជោគជ័យ និងបានផ្តល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ ជាពិសេសរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម។

ក្នុងឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើដំណើរទៅមុខយ៉ាងរលូន ហើយនឹងឈានទៅរកភាពរុងរឿងផងដែរ ហើយលោកក៏បានអំពាវនាវឱ្យជនរួមជាតិ រួមគ្នាថែរក្សាសន្តិភាព កុំឱ្យបាត់បង់ទើបស្តាយក្រោយ។ នេះជាការថ្លែងឱ្យដឹងកាលពីថ្ងៃទី២៦ ខែធ្នូ ពីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា។

ឯកឧត្តមបានប្រាប់ឱ្យដឹងថា ៖ «នៅក្នុងប្រទេសកម្ពុជាក្នុងពេល ៣ ឬ៤ ខែ កន្លងទៅនេះ ខ្ញុំឃើញរាជរដ្ឋាភិបាលថ្មីរបស់យើងរក្សាលំនឹងសុខសន្តិភាពល្អមែនទែន គ្រប់បែបយ៉ាងទាំងអស់ អត់មានការប្រែប្រួលទេ ហើយធ្វើការបានលឿនរហ័សទៀត ។ អីចឹង សង្ឃឹមថា ឆ្នាំ២០២៤ ខាងមុខនេះ កម្ពុជានឹងធ្វើដំណើទៅមុខយ៉ាងរលូន ហើយនឹងឈានទៅរកភាពរុងរឿង ក៏ដូចជាឆ្នាំទៅមុខៗទៀតដែរ»។

ក្នុងរយៈពេលប្រមាណបួនខែ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានចាប់ផ្តើមពីថ្ងៃទី២២ ខែសីហា រហូតមកដំណាច់ឆ្នាំ២០២៣នេះ គឺជាការចាប់ផ្តើមនៃគណៈរដ្ឋមន្ត្រីថ្មី រដ្ឋមន្ត្រីថ្មី និងនាយករដ្ឋមន្ត្រីថ្មី បានធ្វើដំណើរលឿន ដោយសារសម្រេចបាននូវលទ្ធផលដ៏ល្អ គឺការរក្សាបាននូវលំនឹងសុខសន្តិភាព ស្ថេរភាពសង្គម លំនឹងនយោបាយ លំនឹងសេដ្ឋកិច្ច នៅក្នុងប្រទេសដោយមិនធ្វើឱ្យមានការច្របូកច្របល់នោះទេ។

ឯកឧត្តម ប៉ែន បូណា បានរំលេចថា បើទោះបីរាជរដ្ឋាភិបាលមានរចនាសសម្ព័ន្ធដែលមានស្រាប់ហើយក៏ដោយ ក៏ប៉ុន្តែនៅពេលដែលមន្ត្រីចូលកាន់តំណែងថ្មី ប្រធានស្ថាប័ននីមួយៗ បានប្រើប្រាស់ដៃម្ខាងត្រូវរៀបចំបញ្ហាផ្ទៃក្នុង និងការងារបែបបទមួយចំនួន និងដៃម្ខាងទៀត គឺចាប់ផ្តើមរាជរដ្ឋាភិបាលឱ្យទៅមុខ។

ឯកឧត្តមបន្តថា ៖ «អ៊ីចឹង សម្លឹងទៅឆ្នាំ២០២៤ ខ្ញុំគិតថា គ្រប់យ៉ាងចុងក្រោយនេះ រាជរដ្ឋាភិបាល រួមនឹងក្រសួងនីមួយៗ ត្រៀមរួចរាល់ហើយ ដែលឆ្នាំ២០២៤ នឹងត្រូវផ្តោតអារម្មណ៍ធ្វើការឱ្យសកម្មជាងឆ្នាំ២០២៣ ដោយធ្វើម៉េចជំរុញក្បាលសេដ្ឋកិច្ច របស់យើងទៅមុខ ដើម្បីទាញយកកំណើនសេដ្ឋកិច្ចឱ្យបានខ្ពស់»។

ជុំវិញការលើកឡើងនេះ លោក ជ័យ តិច អ្នកសិក្សាការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច បានលើកឡើងឱ្យដឹងដែរថា ពិតណាស់ការធ្វើដំណើររបស់រាជរដ្ឋាភិបាលថ្មីក្នុងរយៈពេល៤ខែកន្លងមកនេះ គឺរលូន និងទទួលបានជោគជ័យជាច្រើនទាំងកិច្ចការអន្តរជាតិ និងក្នុងប្រទេស ដូជាការរក្សាបានស្ថេរភាពនយោបាយ សន្តិភាព កំណែទម្រង់ស្ថាប័ន និងអភិបាលកិច្ច រួមនឹងការអនុវត្តគោលនយោបាយបញ្ចកោណដំណាក់កាលទី១ និងជាពិសេសការដាក់ចេញឲ្យអនុវត្តនៅកម្មវិធីបន្ទាន់ទាំង៦សម្រាប់ឆ្នាំ២០២៣។

លោក ជ័យ តិច បានថ្លែងថា ៖ «ជាពិសេស គឺរក្សាបានកំណើតសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៣ ចំនួន ៥.៦% ក្នុងនោះវិស័យកសិកម្មមានកំណើត ១.១% វិស័យឧស្សាហកម្ម ៥.៩% សេវាកម្ម ៧.៣%។ សមិទ្ធិផលទាំងនេះគឺមិនអាចសម្រេចបានទេ បើប្រទេសជាតិគ្មានសេ្ថរភាព សន្តិភាព ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច»។

លោកបានបន្ថែមថា តាមរយៈកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលថ្មី សេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើនប្រមាណ ៦.៦% សម្រាប់ឆ្នាំ២០២៤ ដោយក្នុងនោះមានការចូលរួមសំខាន់ពីកំណើនលើវិស័យសេវាកម្ម (ទេសចរណ៍) វិស័យឧស្សាហកម្មជាពិសេសកម្មន្តសាលមិនមែនកាត់ដេរ និងវិស័យកសិកម្ម។

លោក ជ័យ តិច បានបញ្ជាក់ថា ទោះជាយ៉ាងណា ហានិភ័យ និងកត្តាប្រឈមរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៤ គឺបញ្ហាអតិផរណាថាមពល ម្ហូបអាហារ ជំងឺរាតត្បាតសកល ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងការងើបឡើងវិញយឺតនូវវិស័យទេសចរណ៍ អចលនទ្រព្យ ជាដើម។

ដើម្បីជាការប្រការ ឬដោះស្រាយនូវហានិភ័យ ឬកត្តាប្រឈមទាំងនេះ សម្រាប់ឆ្នាំ២០២៤ខាងមុខ លោក ជ័យ តិច បានស្នើឱ្យរដ្ឋាភិបាលត្រូវ ពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់ការប្រកួតប្រជែងតាមរយៈការកែលម្អរបរិយាកាសវិនិយោគ ជម្រុញឌីជីថលរូបនីយកម្មសង្គម និងសេដ្ឋកិច្ច ធ្វើឱ្យប្រសើរឡើងថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធ ភស្តុភាកម្ម ថាមពល ទឹក ភ្លើង…៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner