បណ្ឌិត យ៉ង សាំងកុមារ៖ ចំនួនរោងម៉ាស៊ីនកិនស្រូវមានច្រើនសមរម្យហើយ តែរោងម៉ាស៊ីនភាគច្រើនមានបញ្ហាកង្វះដើមទុនប្រមូលទិញស្រូវស្តុកទុក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែធ្នូថា ចំនួនរោងម៉ាស៊ីនកិនស្រូវ ដែលមានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដារនាំចេញទៅទីផ្សារអន្តរជាតិ មានបរិមាណច្រើនសមស្របហើយ ប៉ុន្តែរោងម៉ាស៊ីនទាំងនោះនៅមានបញ្ហាប្រឈមកង្វះដើមទុនសម្រាប់ប្រមូលទិញស្រុកស្តុកទុកសម្រាប់កែច្នៃនាំចេញ។

ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្ននៃវិស័យស្រូវអង្ករកម្ពុជា គឺមានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន ២៤០ ដែលក្នុងនោះ រោងម៉ាស៊ីនចំនួន ១៣០ មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ ហើយចំណែកឯសមត្ថភាពកិនកែច្នៃវិញមានចំនួន ១ ២០០ តោនក្នុងមួយម៉ោង និងសមត្ថភាពនៃឡសម្រាប់សម្ងួតស្រូវបានចំនួនជាង ៤២ ០០០ តោនក្នុងមួយថ្ងៃ។

លើសពីនេះ រោងម៉ាស៊ីននៅកម្ពុជា អាចរក្សាស្តុកស្រូវបានចំនួនពីរ លានតោនក្នុងមួយវគ្គ ដែលនេះបង្ហាញពីសមត្ថភាព និងសក្តានុពលរបស់រោងចក្រកិនស្រូវនៅកម្ពុជាទាំងអស់ ក្នុងការកិនកែច្នៃ និងផ្គត់ផ្គង់បានរហូតដល់ចំនួនជាង ៤លានតោនក្នុងមួយឆ្នាំ។ ទោះបែបនេះក្តីបណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា រោងម៉ាស៊ីនកិនស្រូវ នៅមានបញ្ហាប្រឈម ក្នុងការកង្វះទុន ដើម្បីប្រមូលទិញស្តុកទុក ដើម្បីកែច្នៃ។

បណ្ឌិតបានបញ្ជាក់ថា ៖ «សម្រាប់រោងចក្រ ឃ្លាំងស្តុក និងឡសម្ងួត មានប៉ុណ្ណឹង អាចថាគ្រប់គ្រាន់ហើយ សម្រាប់ស្ថានភាពបច្ចុប្បន្ននេះ តែអ្វីដែលនៅខ្វះនោះគឺ ទុនក្នុងការប្រមូលទិញស្រូវស្តុកទុក និងការដែលធ្វើយ៉ាងឱ្យថ្លៃដើម នៃការកែច្នៃរបស់យើង ជាពិសេសការដឹកជញ្ជូនរបស់យើង ដែលនៅតែជាបញ្ហាប្រឈម សម្រាប់យើងនៅឡើយ»។

បណ្ឌិត យ៉ង សាំងកុមារ បានបន្តទៀតថា ខាងធនាគារអភិវឌ្ឍន៍ជនបទ (ARDB) បានបញ្ចេញទុនច្រើនដែរហើយ សម្រាប់វិស័យស្រូវអង្ករនេះ ខណៈដែលកញ្ចប់ថវិក ១០០ លានដុល្លារ ដែលរាជរដ្ឋាភិបាលត្រៀមសម្រាប់ការជួយប្រមូលទិញកសិផល នៅរដូវប្រមូលផល នឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៤ខាងមុខនេះហើយ។

លោក ហេង ផេង អ្នកនាំចេញអង្ករ និងជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលមានទីតាំងនៅស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា ប៉ុន្មានឆ្នាំមុន ការខ្វះខាតឃ្លាំងស្តុក និងសម្ងួតស្រូវ ស្របពេលដែលកសិករសម្រុកច្រូតព្រមគ្នាផងនោះ ធ្វើឱ្យតម្លៃស្រូវចុះថោកខ្លាំង។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហានេះ ត្រូវបានដោះស្រាយបានច្រើន ដោយសារការផ្តល់ឥណទានពីធនាគារអភិវឌ្ឍជនបទ និងកសិកម្មបានផ្តល់ទុន។

លោកបាននិយាយថា ៖ «ឃ្លាំងស្តុក និងសម្ងួតស្រូវ លែងជាបញ្ហាហើយ ប៉ុន្តែបញ្ហាដែលកសិករ និងឈ្មួញកំពុងជួបប្រទះនាពេលបច្ចុប្បន្នថ្លៃដើមផលិតកើនឡើង ដូចប្រេងឥន្ធនៈ និងជីកសិកម្មឡើងថ្លៃ ជាដើម។ យើងក៏ត្រូវការទុនបន្ថែម នៅរដូវប្រមូលផលដែរ ដើម្បីប្រមូលទិញស្រូវស្តុកទុកសម្រាប់នាំចេញ។ យើងសប្បាយចិត្តនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងទម្លាក់កញ្ចប់ថវិក១០០ លានដុល្លារ សម្រាប់ត្រៀមសម្រាប់ការជួយប្រមូលទិញកសិផលពីកសិករ»។

លោក ហេង ផេង បានបន្តថា តាមរយៈគោលនយោបាយនេះ ម្ចាស់រោងម៉ាស៊ីនកិន អាចនឹងទទួលបានទុនបន្ថែម សម្រាប់ប្រើប្រាស់ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ សម្រាប់ស្តុក ដើម្បីកុំស្រូវដែលបានផលិតហូរចេញទៅក្រៅច្រើនពេក។

តាមរបាយការណ៍ពីក្រសួងកសិកម្ម នៅក្នុងរយៈពេល១០ ខែឆ្នាំ២០២៣នេះ កម្ពុជាបានសម្រេចលទ្ធផលនៃការនាំចេញស្រូវ និងអង្ករក្នុងបរិមាណ ២លាន៥២ម៉ឺនតោន ដែលនៅក្នុងនោះ អង្ករមានជាង៥២ម៉ឺនតោន ស្រូវមានចំនួនជិត២លានតោន បើគិតជាប្រាក់មានជាង ១ ១៦៦ លានដុល្លារអាមេរិក។ សម្រាប់ការនាំចេញអង្ករដែលមានជិត៥៣ម៉ឺនតោន កើនឡើងជាង៤ភាគរយ ខណៈដែលស្រូវមានជិតពីរលានតោន កើនឡើងជាង២១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២២៕ ដោយ៖ វណ្ណ សុជាតា

ads banner