ទណ្ឌិតជិត៤០០នាក់ត្រូវបានស្នើលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងទិវាជ័យជម្នះ៧មករា (Video Inside)
ទណ្ឌិតចំនួន៣៩៨នាក់នៅទូទាំងប្រទេស គ្រោងនឹងត្រូវគេស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅក្នុងឱកាសប្រារព្ធទិវាជ័យជម្នះ៧មករាខាងមុខនេះ។ ចំនួននេះត្រូវគេឃើញ ថាបានកើនឡើងប្រមាណ ៣២២នាក់ ខណៈសេចក្តីរាយការណ៍មុននេះ បានបញ្ជាក់ថាចំនួន ទណ្ឌិតដែលបានស្នើរកការបន្ធូរបន្ថយទោស និងដោះលែងនោះ មានចំនួនតែ ៧៦នាក់នោះទេ។
កម្ពុជាបានកំណត់ឱកាសលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ក្នុងមួយឆ្នាំមានច្រើនដង ក្នុងនោះរួមមានទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ថ្ងៃ៧មករា, ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកា, និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
បណ្តាញសង្គមជាផ្លូវការរបស់ក្រសួងយុត្តិធម៌បានឲ្យដឹងថា បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដែលត្រូវបានគណៈកម្មការថ្នាក់ជាតិប្រជុំពិនិត្យ និងវាយតម្លៃនាពេលនេះ គឺមានទណ្ឌិតចំនួន ៣៩៨នាក់ដោយក្នុងនោះស្រី ៣៨នាក់ ដែលបានបញ្ជូនមកពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣ និងមណ្ឌលអប់រំកែប្រែចំនួន៤។