សម្តេចធិបតីចូលរួមសម្ពោធ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ជើងឯក» ថ្ងៃនេះ (Video Inside)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីនៅថ្ងៃពុធនេះ ក្នុងការដាក់ឱ្យប្រើប្រាស់ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ជើងឯក» នៅក្នុងរាជធានីភ្នំពេញ។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ និងត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាពអតីតនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន និងអតីតឯកអគ្គរាជទូតជប៉ុនលោក មីកាមិ ម៉ាសា ហ៊ីរុ។
មន្ត្រីរាជធានីបានថ្លែងថាសមិទ្ធផលដែលដាក់សម្ពោធវេលាថ្ងៃនេះ រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បីចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯក មុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។
នេះគឺជាគម្រោងចាប់ផ្តើមដំបូង ហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលគេអាចនឹងធ្វើប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ២៨ម៉ឹន ២ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ទៅតាមផែនការមេ។