អង្គការ PAFID ចង់ឲ្យវិស័យឯកជនបង្កលក្ខណៈងាយ ស្រួល ក្នុងការផ្តល់ឱកាស ដល់ជនមានពិការភាព ចូលបម្រើការងារ
ភ្នំពេញ៖ ថ្លែងក្នុងសិក្ខាសាលាស្តីពី “ ការបង្កើនសមត្ថភាព ក្នុងការស្វែងរកការងារសម្រាប់ជនមានពិការភាព នាព្រឹកថ្ងៃទី២៦ ធ្នូឆ្នាំ ២០២៣ លោក ខេង វីរៈ នាយកប្រតិបត្តិនៃអង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍ ដោយបរិយាបន្ន មានប្រសាសន៍ថា ឱកាសទទួលបានការងារធ្វើ នៅតែមាន កម្រិតនៅឡើយ សម្រាប់ជនពិការ ខណៈជនពិការនៅកម្ពុជា មានច្រើន ហើយ ភាគច្រើនរស់នៅតាមទីជនបទ កំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ឬលើភាព ក្រីក្រ តិចតួច។ ជនពិការនៅតែ ជួបបញ្ហាប្រឈមពីរនាំងសង្គម ការរើស អើងពីគ្រួសារ និងសហគមន៍ ដែលទាមទារឲ្យមានការចិត្តទុកដាក់បន្ថែម។
លោកនាយកអង្គការរូបនេះ បានលើកទឹកចិត្ត ឲ្យវិស័យឯកជន ចូលរួមចំណែកឲ្យកាន់តែច្រើនថែមទៀត សំដៅ ផ្តល់ឱកាសការងារសម្រាប់ជនមានពិការភាព។
លោកបន្តថា ការរៀបចំសិក្ខាសាលានេះឡើង គឺក្នុងគោលបំណងដ៍សំខាន់ៗ ក្នុងការពង្រឹងកិច្ចសហការរវាងអង្គការសកម្មភាពប្រជាជន ដើម្បីការអភិវឌ្ឍបរិយាបន្ន ( PAFID) និងនិយោជក ដើម្បីផ្តល់ឧកាសការងារដល់ជនមានពិការភាព។
ជាមួយគ្នានេះ បង្កើតទំនាក់ទំនងរវាងនិយោជក និងនិយោជិតជាជន មាន ពិការភាព ដើម្បីស្វែងយល់ពីឧកាសការងារប្រកបដោយបរិយាបន្ន បង្កើន សមត្ថភាព និងទំនុកចិត្តដល់ជនមានពិការភាព ដើម្បីស្វែងរកការងារ បង្កើនប្រាក់ ចំណូល ដែលអាចរស់នៅដោយឯករាជ្យ និងចូលរួមពេញលេញនៅក្នុងសង្គម។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកជនមានពិការភាពជា តួអង្គ ដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍ តួយ៉ាងការ លើក កម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជន មានពិការភាពចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច លើកកម្ពស់ជីវភាពផ្ទាល់ខ្លួន និងគ្រួសារ ឱ្យកាន់តែមានភាពល្អប្រសើរ។
ប្រមុខរាជរដ្ឋាភិបាលជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័ន និងវិស័យឯកជនផ្តល់ ឱកាស ដល់ជនមានពិការភាព ដែលមានលក្ខណៈសម្បត្តិ និងសមត្ថ ភាពឲ្យចូល បម្រើ ការងារដោយគ្មានការរើសអើង។
បើតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទានៅក្នុងឆ្នាំ២០២៣ នេះមានជនពិការភាពជាង៧ពាន់ ៥រយនាក់ កំពុងបម្រើការងារនៅស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស។ ក្នុងនោះជនមានពិការភាពជាង ៣ពាន់៨រយនាក់ បានបម្រើការងារនៅក្នុងក្រសួងស្ថាបនរដ្ឋចំនួន ៣៩ស្ថាប័ន ក្នុងនោះស្រ្ដីមានជិត ៨៧០ នាក់ និងពិការភាពកម្រិតធ្ងន់ ជាង២ពាន់ ៣រយនាក់ ដែលស្មើនឹង ប្រមាណ ជាង ២% ៕
រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ






