ថ្នាក់ដឹកនាំខេត្តកំពង់ធំ ធ្វើបច្ចុប្បន្នភាពដីសម្បទានសង្គមកិច្ច សម្រាប់ផ្តល់ជូន អតីតយុទ្ធជន

ខេត្តកំពង់ធំ៖ លោក ទូច សុខាអភិបាលរងខេត្តកំពង់ធំ និង ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានចុះពិនិត្យធ្វើបច្ចុប្បន្នភាពដីសម្បទានសង្គមកិច្ច សម្រាប់ផ្តល់ជូនអតីតយុទ្ធជន ដែលមានទីតាំងនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រៀមសម្រាប់សាងសង់ផ្ទះថ្មី និងសម្បទានដីសង្គមកិច្ច ជូនដល់អតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះពិតប្រាកដ និងអតីតយុទ្ធជនរស់នៅលើដីចំណីផ្លូវសាធារណៈ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្ត បានផ្ដល់ដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតប្រយុទ្ធជន ដែលគ្មានដីគ្មានផ្ទះចំនួន ៥៨៦ហិកតា នៅឆ្នាំ២០២១ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយអាជ្ញាធរដែនដីខេត្តស្រុកឃុំ ដែលមានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ធ្វើជាសេធិការ បានរៀបចំផ្ដល់ដីសម្បទានសង្គមកិច្ច ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនបានចំនួន ១៤១គ្រួសារ កន្លងមករួចមកហើយ តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានសាងសង់ផ្ទះថ្មីជូនបងប្អូនអតីតយុទ្ធជនបានចំនួន ១៤១ខ្នងផ្ទះ និងបានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមប្រវែង ១២ គីឡូម៉ែត្រ មានរៀបចំអណ្ដូងទឹកស្អាត បង្គន់អនាម័យ សម្រាប់បងប្អូនប្រើប្រាស់ផងដែរ ។

បច្ចុប្បន្ននេះ នៅមានក្រុមគ្រួសារបងប្អូនអតីតយុទ្ធជនចំនួន ៨៥គ្រួសារថ្មីទៀត ដែលបានធ្វើបច្ចុប្បន្នភាពរកឃើញថា គាត់គ្មានដី គ្មានផ្ទះរស់នៅសមរម្យ និងមួយចំនួនទៀតរស់នៅលើដីសាធារណៈ ។

លោក ទូច សុខា បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន រតនៈ អភិបាលខេត្តកំពង់ធំ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋចំនួន ៧២គ្រួសារ ដែលរងផលប៉ះពាល់នាពេលកន្លងមក និងដើម្បីរៀបចំសាងសង់ផ្ទះសម្បែង បែងចែកដីធ្លីផ្ដល់ជូនដល់ក្រុមគ្រួសារ អតីតយុទ្ធជន ដែលគ្មានផ្ទះគ្មានដី ចំនួន៨៥គ្រួសារបន្តទៀត ទើបថ្ងៃនេះឯកឧត្តម បានដឹកនាំក្រុមការងារធ្វើបច្ចុប្បន្នភាពជាថ្មី និងសុំគោលការណ៍ ដើម្បីដំណើរការរៀបចំស្ថាបនាផ្លូវថ្មី ប្លង់ទីតាំង ផ្ទះសម្រាប់ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងបងប្អូនអតីតយុទ្ធជន ដែលគ្មានដី និងជម្រកស្នាក់នៅ ដើម្បីផ្ដល់ជូនគាត់រស់នៅកសាងជីវភាពថ្មីឲ្យបានសមរម្យ ៕

ដោយ ៖ ប៊ុន រដ្ឋា

ads banner